ប្រទេសវៀតណាម

កត្តាអ្វីខ្លះរុញច្រានឲ្យការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមដាំក្បាលចុះជិត ៣០% នៅ៥ខែដើមឆ្នាំនេះ?


ឆ្នាំ២០២៣នេះ ផលិតករគ្រឿងសមុទ្រវៀតណាមកំពុងតែដុតដៃដុតជើង ដើម្បីបង្កើនការនាំចេញឲ្យបានកើតឡើងដល់តម្លៃ៩ពាន់លានដុល្លារ ស្មើនឹងតម្លៃនៃការនាំចេញដែលវៀតណាមធ្លាប់សម្រេចបានកាលពីឆ្នាំ២០១៩ មុនពេលរីករាលដាលកូវីដ១៩។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ការនាំចេញគ្រឿងសមុទ្រអាចសម្រេចបានត្រឹមជាង៣ពាន់២រយលានដុល្លារ គឺធ្លាក់ចុះជិត៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។
វៀតណាមរំពឹងថានឹងនាំចេញគ្រឿងសមុទ្របានតម្លៃ៩ពាន់លានដុល្លារ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា ការនាំចេញគ្រឿងសមុទ្ររបស់វៀត ណាមនៅក្នុងឆ្នាំ២០២៣នេះ ទំនងជាមិនអាចបំបែកកំណត់ត្រានៃការនាំចេញនៅក្នុងឆ្នាំ២០២២បានទេ ដោយការនាំចេញនៅក្នុងឆ្នាំ២០២៣នេះ គឺអាចនឹងសម្រេចបានត្រឹម៩ពាន់លានដុល្លារ ដែលស្មើនឹងតួលេខក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ។ សមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាមបាននិយាយថា កាលពីឆ្នាំ២០២២ តម្លៃនៃការនាំចេញគ្រឿងសមុទ្រមានតម្លៃរហូតដល់ទៅ ១១ពាន់លានដុល្លារឯណោះ។

លោកស្រី ឃ្វៀន ធីធូសាក (Nguyễn Thị Thu Sắc) ប្រធានសមាគមនេះ បានអះអាងនៅ ក្នុងកិច្ចប្រជុំថ្មីៗថា ឧស្សាហកម្មគ្រឿងសមុទ្រវៀតណាមកំពុងតែប្រឈមនឹងស្ថានភាពអតិផរណាពិភពកាន់តែអាក្រក់ និងការអូសបន្លាយសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើម។ល។

លោកស្រីបានអះអាងថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញគ្រឿងសមុទ្រមានតម្លៃតែត្រឹមជាង៣ពាន់២រយលានដុល្លារ ពោលគឺធ្លាក់ចុះដល់ទៅជិត៣០ភាគរយ ដោយទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិកធ្លាក់៥០ភាគរយ សហភាពអឺរ៉ុបធ្លាក់៣២ភាគរយ និងចិនធ្លាក់ចុះ២៥ភាគរយ។

លោក ដូ ង៉ុកតៃ (Đỗ Ngọc Tài ) ប្រធានគណៈកម្មការសមាគមបង្គា បានអះអាងថា រយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញបង្គាធ្លាក់ចុះ៣៦ភាគរយ ដោយសារតែការរិតបន្តឹងការចំណាយ នៅតាមប្រទេសដែលជាទីផ្សារបង្គាវៀតណាម ដូចជាអាមេរិក អឺរ៉ុប ជប៉ុន ចិន និងកូរ៉េខាង ត្បូង តែនឹងអាចកើនឡើងចាប់ពីខែសីហាតទៅ ដោយសារតែនៅចុងឆ្នាំសំបូរបុណ្យ ផ្សេងៗ។ ស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញបង្គារវៀតណាមធ្លាក់ចុះ ជិត៣៦ភាគរយ ត្រីធូណាជាង៣០ភាគរយ និងត្រីប្រាប្រមាណជាជិត៤០ភាគរយ។

ក្រៅពីបញ្ហាប្រឈមដែលបង្កឡើងដោយទីផ្សារនាំចូល អ្នកនាំចេញបង្គាវៀតណាមប្រឈមមុខនឹងការប្រកួតប្រជែងជាមួយបង្គាពីប្រទេសអេក្វាឌ័រ និងឥណ្ឌា ដោយសារតម្លៃផលិតកម្មខ្ពស់ ហើយគណៈកម្មការអឺរ៉ុបបានពិន័យ"កាតលឿង"ចំពោះសកម្មភាពនេសាទរបស់វៀតណាម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការផ្ដល់ប្រាក់កម្ចីថ្មីនៅប្រទេសចិនក្នុងខែឧសភាកើនឡើងទាបជាងការរំពឹងទុក ដែលទាមទារការជំរុញបន្ថែមទៀត

ព័ត៌មាន
ការផ្ដល់ប្រាក់កម្ចីថ្មីតាមធនាគារនៅប្រទេសចិនបានកើនឡើងកាលពីខែឧសភា បើធៀបនឹងខែមេសា ខណៈដែលធនាគារកណ្តាលបានរក្សាគោលនយោបាយសមស្របក្នុងការជួយគា…

នាយករដ្ឋមន្ត្រីចាំផ្ទះថៃបង្គាប់មន្ត្រីឱ្យសិក្សាអំពីផែនការបន្តការកាត់បន្ថយពន្ធលើប្រេងម៉ាហ៊្សូត

ព័ត៌មាន
រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ ដែលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អ៊ូចា កំពុងតែសិក្សាថាតើ នឹងត្រូវបន្តរក្សាតម្លៃប្រេងម៉ាហ៊្សូតឱ្យនៅទាបដដែល ឬយ៉ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ