មហាសេដ្ឋីវៀតណាម

តើកំពូលមហាសេដ្ឋីទាំង៥របស់វៀតណាម ដែលមានទ្រព្យសម្បត្តិសរុបជាង១២ពាន់លានដុល្លារជានរណា?


យោងតាមទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានបង្ហាញថា មហាសេដ្ឋីពាន់លានដុល្លារលំដាប់កំពូលទាំង៥រូប ប្រចាំប្រទេសវៀតណាម មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅជាង១២ពាន់លានដុល្លារអាម៉េរិក គិតត្រឹមថ្ងៃសុក្រ សប្ដាហ៍មុន។ តើកំពូលមហាសេដ្ឋីទាំងនេះមានឈ្មោះអ្វីខ្លះ មានទ្រព្យសម្បត្តិច្រើនកម្រិតណា និងមានប្រវត្តិរកស៊ីបែបណា?
មហាសេដ្ឋីវៀតណាម
ដោយ

ពេលនេះទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានបង្ហាញមុខមហាសេដ្ឋីពាន់លានដុល្លារ លំដាប់កំពូលទាំង៥រូបប្រចាំឆ្នាំ២០២៤ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំប្រទេសវៀតណាម។ តាមការអះអាងរបស់ទស្សនាវដ្តីនេះ កំពូលមហាសេដ្ឋីទាំង៥រូបនេះមានទ្រព្យសម្បត្តិសរុបជាង១២ពាន់លានដុល្លារអាម៉េរិក។

កំពូលមហាសេដ្ឋីទាំងនេះ រួមមានទី១, លោក ផាម ញ៉ាត វួង (Pham Nhat Vuong) គឺជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រទេសវៀតណាម ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន៤,៣ពាន់លានដុល្លារ។ លោកបានទៅសិក្សានៅប្រទេសរុស្ស៊ី ហើយក្រោយមកលោកបានបង្កើតក្រុមហ៊ុនផលិតមីនៅប្រទេសអ៊ុយក្រែន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

បន្ទាប់មកលោកបានត្រលប់មកកាន់ប្រទេសវៀតណាមវិញ ហើយបានក្លាយជាប្រធានក្រុមហ៊ុន វីនគ្រុប (Vingroup) ដែលបច្ចុប្បន្នជាក្រុមហ៊ុនធំជាងគេនៅក្នុងប្រទេសវៀតណាម ដោយផ្តោតការរកស៊ីលើវិស័យអចលនទ្រព្យ និងការផលិតរថយន្តអគ្គិសនី (EV)។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី វីនហ្វាស (VinFast) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup ពេលនេះត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ទីដែលក្រុមហ៊ុននេះកំពុងសាងសង់រោងចក្រតម្លៃ៤ពាន់លានដុល្លារនៅរដ្ឋ ណស ខារ៉ូឡាយណា (North Carolina)។

ទី២, លោកស្រី ង្វៀន ធី ហ្វួង ថាវ (Nguyen Thi Phuong Thao) ប្រធានក្រុមហ៊ុនអាកាសចរណ៍ វៀតជេត អ៊ែរ (Vietjet Air) គឺជាកំពូលមហាសេដ្ឋីលំដាប់ទី២ នៅវៀតណាម ដែលមានទ្រព្យសម្បត្តិសរុបចំនួន២,៨ពាន់លានដុល្លារ។ លោកស្រីត្រូវបានគេចាត់ទុកជាមហាសេដ្ឋីនីពាន់លានដុល្លារ ដំបូងគេបង្អស់នៅប្រទេសវៀតណាម។ លោកស្រីបានបង្កើតក្រុមហ៊ុន Vietjet ក្នុងឆ្នាំ២០១១ ហើយបានចុះបញ្ជីជាសាធារណៈ នៅក្នុងឆ្នាំ២០១៧។ លោកស្រីក៏មានការវិនិយោគនៅក្នុងធនាគារ HDBank និងគម្រោងអចលនទ្រព្យផ្សេងៗផងដែរ។

ទី៣, លោក ត្រាន់ ឌិញ ឡុង (Tran Dinh Long) ប្រធានក្រុមហ៊ុនដែកថែប ហ័រ ផាត់ គ្រុប (Hoa Phat Group) គឺជាកំពូលមហាសេដ្ឋីលំដាប់ទី៣ ជាមួយទ្រព្យសម្បត្តិសរុបចំនួន២,៣ ពាន់លានដុល្លារ។ លោកបានបង្កើតក្រុមហ៊ុន Hoa Phat Group នៅក្នុងឆ្នាំ១៩៩២ ហើយបានប្រែក្លាយវាទៅជាក្រុមហ៊ុនផលិតដែកដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម។

ទី៤, លោក ហូ ហុង អាញ់ (Ho Hung Anh) ប្រធានក្រុមហ៊ុនផ្តល់ប្រាក់កម្ចីឯកជន ថិចខំប៊ែង (Techcombank) ជាកំពូលមហាសេដ្ឋីលំដាប់ទី៤ ជាមួយទ្រព្យសម្បត្តិសរុបចំនួន១,៨ពាន់លានដុល្លារ។ លោក គឺជាប្រធានក្រុមហ៊ុន Techcombank ដែលជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីឯកជនដ៏ធំបំផុតមួយនៅក្នុងប្រទេសវៀតណាម។ លោកក៏កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនម៉ាសាន គ្រុប (Masan Group) ជាក្រុមហ៊ុនលក់រាយដ៏ធំមួយដែលដឹកនាំដោយដៃគូអាជីវកម្មជិតស្និទ្ធរបស់លោក គឺលោក ង្វៀន ដាង ក្វាង (Nguyen Dang Quang) ដែលជាមហាសេដ្ឋីពាន់លានដុល្លារមួយរូបផងដែរ។

ទី៥, លោក ត្រាន់ បា ឌួង (Tran Ba Duong) ប្រធានក្រុមហ៊ុនដំឡើងរថយន្តថាកូ (Thaco) គឺជាកំពូលមហាសេដ្ឋីលំដាប់ទី៥ ជាមួយទ្រព្យសម្បត្តិសរុបចំនួន១,២ពាន់លានដុល្លារ។ លោកបានចាប់ផ្តើមបម្រើការងារនៅរោងចក្រជួសជុលរថយន្តមួយកន្លែងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយក្រោយមកលោកក៏បានបង្កើតក្រុមហ៊ុន Thaco ឡើងក្នុងឆ្នាំ១៩៩៧។ ដំបូងឡើយក្រុមហ៊ុននេះគ្រាន់តែជាក្រុមហ៊ុនលក់រថយន្ត ហើយក្រោយមកក៏បានវិវត្តខ្លួនទៅជាក្រុមហ៊ុនដំឡើងរថយន្តសម្រាប់ក្រុមហ៊ុនផលិតរថយន្តបរទេសដូចជាក្រុមហ៊ុន Kia របស់កូរ៉េខាងត្បូង ក្រុមហ៊ុន Mazda របស់ជប៉ុន និងក្រុមហ៊ុនពើហ្សូ (Peugeot) របស់បារាំង ជាដើម។ ពេលនេះក្រុមហ៊ុន Thaco បានក្លាយជាក្រុមហ៊ុនវិនិយោគពហុវិស័យដ៏ធំមួយនៅក្នុងប្រទេសវៀតណាម ដែលរកស៊ីផ្នែករថយន្ត អចលនទ្រព្យ កសិកម្ម និងភ័ស្តុភារកម្ម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អត្រាការប្រាក់នៅថៃ អាចឡើងដល់១១% នៅឆ្នាំក្រោយ ខណៈរដ្ឋាភិបាល និងធនាគារកណ្តាលថៃខ្វែងគំនិតគ្នា

ព័ត៌មាន
អត្រាការប្រាក់នៅថៃ ត្រូវបានគេព្យាករថា នឹងបង្កើនពី៨% នៅក្នុងឆ្នាំ២០២៤ ទៅ១១% នៅឆ្នាំ២០២៥។ ការដំឡើងអត្រាការប្រាក់នេះ ត្រូវបានគេសង្ស័យថា អាច…

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកា 100 លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

ព័ត៌មាន
ធនាគារ ខេប៊ីប្រាសាក់ ដែលស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំៗនៅកម្ពុជា បានឧបត្ថម្ភថវិកាចំនួន 100 លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ