នាវា Westerdam

រដ្ឋាភិបាលរំពឹងវត្តមាននាវា Westerdam នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា ខណៈអ្នកជំនាញស្នើឱ្យមានការទាក់ទាញទេសចរតាមផ្លូវទឹកបន្ថែម


ដូចការគ្រោងទុក នាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាម៉េរិក ដែលមានអ្នករួមដំណើរប្រមាណជាង២ពាន់នាក់ បានចូលចតសាជាថ្មីម្ដងទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតយក្ស Westerdam ជាមួយភ្ញៀវទេសចរចម្រុះជាតិសាសន៍នេះ នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។
នាវា Westerdam
ដោយ

យ៉ាងណាមិញ អ្នកជំនាញក្នុងវិស័យទេសចរណ៍ លើកទឹកចិត្តឱ្យរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ត្រូវជំរុញ និងស្វែងរកយុទ្ធសាស្រ្តទាក់ទាញបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរតាមផ្លូវទឹកចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានសម្តែងការស្វាគមន៍ចំពោះការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មីដោយបាននាំភ្ញៀវទេសចរជាង២ពាន់នាក់ មកទស្សនាកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា តាមរយៈវត្តមាននាវាទេសចរណ៍ខ្នាតយក្សនេះ វានឹងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត ក៏ដូចជាធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាផងដែរ។ បើតាមសម្តេច ហ៊ុន ម៉ាណែត ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតជាជាងភាពភ័យខ្លាច គឺបានសបញ្ជាក់ច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ការវិលត្រឡប់មកសាជាថ្មីរបស់នាវា Westerdam នេះ នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់ និងមានការភ្ញាក់ផ្អើលជាមួយកម្ពុជាម្តងទៀត។ លើសពីនេះ តាមរយៈការចូលចតសាជាថ្មីនាពេលនេះ វាក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍កម្ពុជាផងដែរ តាមរយៈចំណូលពីការទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍នានានៅតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងខេត្តជិតខាងមួយចំនួនទៀត។ បើតាម ជំទាវ ឆាយ ស៊ីវលីន នាវាខ្នាតយក្សនេះ នឹងត្រឡប់ទៅវិញនៅវេលាម៉ោង៩យប់ថ្ងៃដដែលនេះ ប៉ុន្តែនឹងមានភ្ញៀវទេសចរមួយចំនួននឹងបន្តស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅកម្ពុជាបន្តទៀត ជាពិសេសទៅកម្សាន្តនៅខេត្តសៀមរាប។

ជុំវិញរឿងនេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា នេះជាក្តីរីករាយមួយសម្រាប់កម្ពុជា ដែលទទួលបានការវិលត្រលប់មកវិញម្តងទៀតរបស់នាវាទេសចរណ៍ Westerdam ដ្បិតថា នាវាខ្នាតយក្សនេះបាននាំភ្ញៀវទេសចរជាច្រើនពាន់នាក់ចូលមកកម្ពុជា។ ក្រៅពីនាវាទេសចរណ៍ Westerdam អ្នកជំនាញរូបនេះ អះអាងថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាក៏ទទួលបាននាវាទេសចរណ៍ជាច្រើនផ្សេងទៀតចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុកម្ពុជាផងដែរ។

តែយ៉ាងណា លោក ធួន ស៊ីណាន ស្នើឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ សហការគ្នាយកចិត្តទុកដាក់បន្ថែមទៀតលើការស្វែងរកយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរតាមផ្លូវទឹកនេះឱ្យបានកាន់តែច្រើនថែមទៀតទាំងក្នុងតំបន់ និងលើពិភពលោក។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាម៉េរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកដំបូងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។ ពោលគឺ «កម្ពុជាតូច តែបេះដូងធំ» បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង២ពាន់២រយនាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ដើម្បីផ្តល់ឱកាសឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។

សូមបញ្ជាក់ថា សម្រាប់ការមកកាន់ទឹកដីប្រទេសកម្ពុជាសាជាថ្មីរបស់នាវាទេសចរណ៍ខ្នាតយក្សនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកទិញចូលប្រេង៣លានបារ៉ែលបំពេញស្តុកបម្រុងជាយុទ្ធសាស្ត្រ ក្រោយលក់ចេញច្រើនបំផុតជាប្រវត្តិសាស្ត្រ

ព័ត៌មាន
ក្រសួងថាមពលអាម៉េរិក បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ថា សហរដ្ឋអាម៉េរិកដែលជា មហាអំណាចយោធា និងសេដ្ឋកិច្ចធំបំផុតទី១លើពិភពលោកសម្…

អ្នកចិញ្ចឹមជ្រូកខ្នាតតូចសមាជិករបស់សមាគមអ្នកចិញ្ចឹមសត្វប្រមាណ៩០% បានបោះបង់ការចិញ្ចឹម

ព័ត៌មាន
ការធ្លាក់ចុះតម្លៃជ្រូករស់បានធ្វើឱ្យកសិករជាអ្នកចិញ្ចឹមខ្នាតតូចប្រមាណ៩០% ដែលជាសមាជិករបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបោះបង់ចោលការចិញ្ចឹម ខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ