សេដ្ឋកិច្ចចិន

អ្នកជំនាញបស្ចិមលោកថា ចិនកំពុងប្រឈមមុខនឹងយុគសម័យ ដែលវិនិយោគិនសម្រុកដកលុយចេញ


ក្រុមអ្នកជំនាញសេដ្ឋកិច្ចបស្ចិមលោកបានអះអាងថា ប្រទេសចិនកំពុងតែប្រឈមមុខនឹងយុគសម័យនៃលំហូរទុនវិនិយោគចេញខ្លាំងនៅក្នុងប្រវត្តិសាស្រ្ត។ តួរលេខបានបង្ហាញថា នៅត្រីមាសទី៣ឆ្នាំនេះ លំហូរទុនវិនិយោគចិន បានជួបអត្រាអវិជ្ជមានដល់ទៅជិត១២ពាន់លានដុល្លារ។ អ្នកវិភាគខ្លះបានអះអាងថា ដំណើររបស់លោក ស៊ី ជិនពីង ទៅអាម៉េរិកនៅសប្តាហ៍ក្រោយទំនងជាមានគោលដៅសំខាន់ ដើម្បីពង្រឹងកិត្តិនាម និងជំរុញភាពកក់ក្តៅដល់ទំនុកចិត្តវិនិយោគិនឡើងវិញ ។
សេដ្ឋកិច្ចចិន
ដោយ

សារព័ត៌មានបស្ចិមប្រទេសធំៗបានរាយការណ៍ថា ឆ្នាំនេះជាលើកទីមួយហើយដែលរង្វាស់នៃលំហូរទុនវិនិយោគបរទេសចូលក្នុងប្រទេសចិន ដែលជាទីផ្សារធំមានប្រជាជនជាង១ពាន់៤រយលាននាក់ នៅលើពិភពលោកបានប្រែទៅជាអវិជ្ជមានក្នុងរយៈពេល២៥ឆ្នាំ។

លោកស្រី អាហ្វសាណេ បេឆេឡូស (Afsaneh Beschloss) ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនបណ្តាក់ទុន​ RockCreek Group ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ស្ថានភាពបានបង្ហាញថា ក្រុមហ៊ុនបរទេសជាច្រើនកំពុងតែសម្រុកនាំគ្នាដកលុយដែលពួកគេបណ្តាក់ទុនចេញពីប្រទេសចិន ជាជាងវិនិយោគនៅក្នុងប្រជាជាតិនេះ។

លោកស្រី បានបញ្ជាក់ថា មនុស្សជាច្រើនកំពុងនាំគ្នាសម្រុកដកប្រាក់ពីប្រទេសចិន ហើយអ្នកដែលមិនទាន់បានដកក៏កំពុងតែរៀបចំនិន្នាការនៃការដក ដោយសារតែពួកគេរង់ចាំរោងចក្រនៅកន្លែងផ្សេងរបស់ពួកគេដាក់ដំណើរការសិន។

តាមរបាយការណ៍មួយដែលបានចេញដោយរដ្ឋបាលគ្រប់គ្រងអត្រាប្តូរប្រាក់បរទេសរបស់ចិន បានអះអាងថា នៅត្រីមាសទី៣ ទិន្នន័យនៃការដកប្រាក់ទុនវិនិយោគចេញពីប្រទេសចិន គឺមានតម្លៃរហូតដល់ទៅជិត១២ពាន់លានដុល្លារ។

ដោយឡែកក្រសួងពាណិជ្ជកម្មចិនវិញបានអះអាងថា នៅក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣ នេះ លំហូរទុនវិនិយោគចូលប្រទេសចិន បង្ហាញពីការធ្លាក់ចុះ៨,៤ភាគរយ ខណៈដែលកាលពី៨ខែ អត្រាលំហូរទុនវិនិយោគធ្លាក់ចុះតែ៥,១ភាគរយប៉ុណ្ណោះ។

ប្រភពដដែលបានអះអាងថា លំហូរវិនិយោគទុនបរទេសចូលប្រទេសចិននេះ ចាប់ផ្តើមមានទំនោរថមថយនៅពេលដែលចិន ប្រឈមមុខនឹងបញ្ហាសង្រ្គាមសេដ្ឋកិច្ច និងការប្រកួតប្រជែង ខាងភូមិសាស្រ្តនយោបាយជាមួយនឹងសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុនវិនិយោគអាម៉េរិកមួយ ដែលមានឈ្មោះថា BlackRock​ បានប្រកាសថា ខ្លួននឹងបិទក្រុមហ៊ុននៅទីក្រុងសៀងហៃ ប្រទេសចិន នៅក្នុងរង្វង់ខែធ្នូ ឆ្នាំនេះ។ ដោយឡែកក្រុមហ៊ុនបណ្តាក់ទុនអាម៉េរិកមួយទៀតដែលមានឈ្មោះថា ​Vanguard​ ក៏បានប្រកាសពីការកាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះបានអះអាងថា ខ្លួនបានចុះកិច្ចសន្យាការងារថ្មី តែជាមួយនឹងបុគ្គលិក១០នាក់ប៉ុណ្ណោះ សម្រាប់ប្រតិបត្តិការនៅក្នុងការិយាល័យសៀងហៃ។

លោក កីត ហ្វីលីប (Keith Phillips) ប្រធានប្រតិបត្តិកនៃក្រុមហ៊ុន​ Piedmont Lithium LLC​ បានអះអាងថា ក្រុមហ៊ុនមួយចំនួនក៏មានទំនោរនឹងការដកប្រាក់វិនិយោគរបស់ពួកគេចេញពី ចិនផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គឺនៅចាំមើលជំហរនិងប្រតិកម្មរបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិន ដែលគ្រោងនឹងធ្វើដំណើរទៅកិច្ចប្រជុំកំពូល APEC នៅសប្តាហ៍ក្រោយនៅសាន់ហ្រ្វាន់ស៊ីស្កូសិន។

អ្នកវិភាគផ្សេងៗទៀតក៏បានអះអាងស្រដៀងគ្នានេះផងដែរថា បញ្ហាវាអាចនឹងមានការប្រែប្រួលខ្លះប្រសិនបើលោក ស៊ី បង្ហាញនូវគោលជំហរវិជ្ជមាន និងផ្តល់ជំនឿទុកចិត្តជាថ្មីដល់អ្នកវិនិយោគបរទេសនៅក្នុងប្រទេសចិន។ ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចនេះ អាជ្ញាធរចិន កាលពីចុងខែមុនបាន អនុម័តមូលបត្របំណុលអធិបតេយ្យមានតម្លៃដល់មួយទ្រីលានយ័ន ឫប្រមាណជា ១៣៧ពាន់លានដុល្លារ ដើម្បីគាំទ្រសេដ្ឋកិច្ច៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា តម្លៃដឹកជញ្ជូននៅកម្ពុជានឹងចុះទាបក្រោយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដាក់ឱ្យដំណើរការ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា តម្លៃដឹកជញ្ជូនទំនិញនៅកម្ពុជានឹងចុះទាបក្រោយពេលដែលកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដាក់ឱ្យដំណើរការនៅចុងឆ្ន…

កាកសំណល់គ្រឿងអេឡិចត្រូនិកក្លាយជារបស់មានតម្លៃសម្រាប់ប្រទេសជប៉ុន

ព័ត៌មាន
ប្រទេសជប៉ុនជាប្រទេសដែលមានធនធានធម្មជាតិតិចតួច ប៉ុន្តែជប៉ុនកំពុងតែប្រើធនាគារខួរក្បាល ដើម្បីជីករកកំណប់រ៉ែដ៏មហាសាលពីកាកសំណល់សំរាមអេឡិចត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ