ទីផ្សារមាស

តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសនៅវៀតណាម ហក់ឡើងលើស៣ពាន់ដុល្លារក្នុងមួយតម្លឹង?


ក្រុមអ្នកវិភាគទីផ្សារបានឱ្យដឹងថា តម្លៃមាសក្នុងប្រទេសវៀតណាម បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រក្នុងសប្តាហ៍នេះ ពោលគឺមានតម្លៃលើស៣ពាន់ដុល្លារអាម៉េរិកក្នុងមួយតម្លឹង ដែលខ្ពស់ជាងអត្រាក្នុងទីផ្សារពិភពលោកដល់ទៅ១ភាគ៣ ខណៈមាសក្នុងទីផ្សារកម្ពុជាមានតម្លៃប្រមាណ២.៤០០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង។ នេះបើយោងតាមសារព័ត៌មានវៀតណាម VN Express។
ទីផ្សារមាស
ដោយ

តម្លៃមាសរបស់ក្រុមហ៊ុនគ្រឿងអលង្ការវៀតណាម សៃហ្គន ជូអឺលរី (Saigon Jewelry Company) បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានឈានដល់ប្រមាណ៣.៣០០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ហើយមានការប្រែប្រួលឡើងចុះតិចតួចជុំវិញកម្រិតនោះគិតមកទល់ពេលនេះ ដោយបានកើនឡើងជិត២០% គិតចាប់តាំងពីដើមឆ្នាំ២០២៣។

លោក ហ៊ិញ ទ្រុង ខាន់ (Huynh Trung Khanh) អនុប្រធានសមាគមពាណិជ្ជករមាសវៀតណាម (Vietnam Gold Traders Association) បានបំភ្លឺថា ការឡើងថ្លៃខ្លាំងនេះ គឺដោយសារតែកំណើនតម្រូវការពិតប្រាកដ និងការរំពឹងទុកចំពោះការប្រែប្រួលក្នុងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក ដែលធនាគារកណ្ដាលអាម៉េរិកអាចនឹងបញ្ចុះអត្រាការប្រាក់អំឡុងខែមីនា ឆ្នាំ២០២៤ ដែលអាចនឹងធ្វើឱ្យតម្លៃប្រាក់ដុល្លារអាម៉េរិកធ្លាក់ចុះ និងរុញឱ្យតម្លៃមាសហក់ឡើងក្នុងពេលដំណាលគ្នា។

អនុប្រធានសមាគមពាណិជ្ជករមាសវៀតណាមរូបនេះ ក៏បានលើកឡើងផងដែរ អំពីឥទ្ធិពលនៃការជ្រួលជ្រើមតាមគ្នា ដោយពលរដ្ឋវៀតណាម ផ្អើលសម្រុកទៅទិញមាស នៅពេលដែលមាសឡើងថ្លៃឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ដោយសង្ឃឹមថា មាសនឹងឡើងថ្លៃបន្ថែមទៀតនៅពេលអនាគត។ លោកបានបន្ថែមថា ពលរដ្ឋវៀតណាម ផ្អើលសម្រុកទៅទិញមាសទុក ដោយរំពឹងថា នឹងលក់វាចេញវិញក្នុងតម្លៃកាន់តែខ្ពស់នៅឆ្នាំក្រោយ។

ទោះជាយ៉ាងណា ហេតុផល ដ៏ចម្បងដែលនាំឱ្យតម្លៃមាសហក់ឡើងខ្ពស់ខ្លាំងបែបនេះ គឺដោយសារគម្លាតរីកកាន់តែធំរវាងតម្រូវការ និងការផ្គត់ផ្គង់មាស ដែលនេះមានន័យថា តម្រូវការកើនឡើងខ្លាំង ខណៈការផ្គត់ផ្គង់នៅទ្រឹងគ្មានការប្រែប្រួល៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងបានធ្លាក់ចុះ៣% ចំពេលការដឹកជញ្ជូននៅសមុទ្រក្រហមមានភាពធូរស្បើយ

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះ៣% គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនជាច្រើនទៀតបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្ប…

តើទុនបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ីមានទំហំប៉ុណ្ណា ហើយស្ថិតនៅទីណាខ្លះ?

ព័ត៌មាន
នៅមុនពេលកងកម្លាំងយោធារុស្ស៊ី បានបើកការឈ្លានពានអធិបតេយ្យភាពអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអ្នកសេដ្ឋកិច្ចលោកខាងលិចដឹងថា ធនាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ