គ្រឿងអលង្ការ

តើមានកត្កាអ្វីធ្វើឱ្យតម្លៃពេជ្រលើពិភពលោកធ្លាក់ចុះជាបន្តបន្ទាប់តាំងពីឆ្នាំ២០២២?


ពេជ្រដែលជារតនៈវត្ថុមានតម្លៃមួយនៅលើទីផ្សារទូទាំងពិភពលោក បានស្រុតចុះតម្លៃជាបន្តបន្ទាប់នៅ២ឆ្នាំចុងក្រោយនេះ ពោលគឺបានធ្លាក់ចុះរហូតដល់៣០%ឯណោះ។ ដោយសារតម្លៃវាស្រុតចុះខ្លាំងបែបនេះ អ្នកវិភាគឧស្សាហកម្មពេជ្រ បានបង្ហាញការព្រួយបារម្ភថា ពេជ្រអាចនឹងលែងមានតម្លៃនៅក្នុងការជូញដូនៅលើទីផ្សារអន្តរជាតិ។ តើមានកត្កាអ្វីធ្វើឱ្យតម្លៃពេជ្រលើពិភពលោកធ្លាក់ចុះជាបន្តបន្ទាប់តាំងពីឆ្នាំ២០២២?
គ្រឿងអលង្ការ
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា សន្ទស្សន៍តម្លៃពេជ្រនៅលើទីផ្សារអន្តរជាតិ នៅដើមឆ្នាំនេះធៀបនឹងឆ្នំាមុនស្រុតចុះ៥,៧% ហើយបើធៀបនឹងឆ្នាំ២០២២ គឺបានស្រុតចុះដល់ទៅជាង៣០%ឯណោះ។ ចាប់តាំងពីមន្ទីរពិសោធន៍អាចមានសមត្ថភាពផលិតពេជ្រហើយដាក់ចូលទៅក្នុងទីផ្សារមក តម្លៃពេជ្រនៅលើពិភពលោកបានចាប់ផ្តើមមានការប្រែប្រួល សូម្បីតែតម្លៃពេជ្រដែលជាភោគទ្រព្យរ៉ែក៏មានការប្រែប្រួលដូចគ្នា។

ដោយសារតែតម្លៃពេជ្រស្រុតចុះ ហើយប្រជាប្រិយភាពរបស់វាកំពុងតែរសាត់ចេញពីចំណាប់ អារម្មណ៍របស់មនុស្សជាតិ លោក ប៉ូល ហ្ស៊ីនីស្គី (Paul Zimnisky) អ្នកវិភាគឧស្សាហកម្មពេជ្រឯករាជ្យមួយរូបបានអះអាងថា ស្ថានភាពនេះកំពុងធ្វើឲ្យក្រុមហ៊ុន De Beers ដែលជាក្រុមហ៊ុនពេជ្រដ៏ធំមួយរបស់ពិភពលោកកំពុងតែរង្គោះរង្គឺ។

នៅពេលនេះ ក្រុមហ៊ុន De Beers ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៨ កំពុងតែប្រេះស្រាំ នៅក្នុងរចនាសម្ព័ន្ធដឹកនាំអាជីវកម្ម។ ក្រុមហ៊ុន​ស្រាវជ្រាវទីផ្សារ​ ដាស៊ូ ខនសាល់ធីង (Daxue Consulting) បាននិយាយថា ប្រជាប្រិយភាពរបស់ពេជ្រស្រុតចុះខ្លាំងណាស់ ហើយពលរដ្ឋដែលពេញនិយមប្រើប្រាស់ពេជ្រធ្វើគ្រឿងអលង្ការនៅចិន ក៏ដូចជាឥណ្ឌា ក៏កំពុងតែរសាយចិត្តពីវាផងដែរ។ ក្រុមហ៊ុននេះបានលើកឡើងថា ដើម្បីជំរុញទីផ្សារ ក្រុមហ៊ុន De Beers បានប្រកាសបញ្ចុះតម្លៃ១០% ប៉ុន្តែនៅតែមិនអាចធ្វើឲ្យតម្រូវការកម្រើកឡើងវិញបានឡើយ។

លោក ម៉ាសេឡូ អេស្គីវេល (Marcelo Esquivel) ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Anglo American ដែលជាភាគហ៊ុនសំខាន់មួយនៅក្នុងក្រុមហ៊ុន De Beers បាននិយាយថា តម្រូវការពេជ្របានធ្លាក់ចុះតាំងពីសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩មកដល់ពេលនេះ និងកំណើននៃការផ្គត់ផ្គង់ពេជ្រដែលបង្កើតដោយមន្ទីរពិសោធន៍។

នៅឆ្នាំ២០១៧ ពេជ្រដែលដាំនៅក្នុងមន្ទីរពិសោធន៍មានចំណែកទីផ្សារត្រឹមតែ២%ទេ តែនៅឆ្នាំ២០២៣ គឺឡើងដល់១៨,៤%។ ទោះបីជាវាមានតម្លៃថោកជាងពេជ្រធម្មជាតិ ៨៥% ក៏ពិតមែន តែវាអូសទម្លាក់តម្លៃពេជ្រធម្មជាតិ ឲ្យធ្លាក់ចុះដូចគ្នាដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្តាលអឺរ៉ុបសម្រេចបញ្ចុះអត្រាការប្រាក់ ទោះបីអតិផរណានៅតែខ្ពស់លើសកម្រិតដែលចង់បាន

ព័ត៌មាន
ធនាគារកណ្តាលអឺរ៉ុប បានសម្រេចបញ្ចុះអត្រាការប្រាក់០,១៥%កាលពីថ្ងៃព្រហស្បតិ៍ ទោះបីអត្រាអតិផរណានៅតែខ្ពស់ជាងអត្រាដែលចង់បានក៏ដោយ។ ប៉ុន្តែលោកស្រី…

កម្មវិធី Open House បុរីមង្គលភ្នំពេញ ផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជន ក្រោយបញ្ចុះតម្លៃដល់ 30,000$

ព័ត៌មាន
ក្រោយពីបានកសាងស្នាដៃយ៉ាងត្រចះត្រងចង់ក្នុងវិស័យសំណង់ជាង ២០ឆ្នាំ បុរីមង្គលភ្នំពេញ ក៏ជាបុរីមួយដែរស្ថិតក្នុងចំណោមបុរីដែលមានកេរ្តិ៍ឈ្មោះល្បីល្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ