សេដ្ឋកិច្ច អតិផរណា

ហេតុអ្វីអតិផរណា និងកំណើននៅតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះ?


ទិន្នន័យបានបង្ហាញកាលពីថ្ងៃអង្គារថា អតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័សប៉ុន្តែសេដ្ឋកិច្ចក៏បានចាប់ផ្តើមធ្លាក់ចុះដែរ ដោយបង្ហាញពីផលប៉ះពាល់ចំនួនពីរបណ្ដាលមកពីការមិនបន្តដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអឺរ៉ុប ខណៈដែលទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិកបានធ្លាក់ចុះក្នុងរយៈពេល៣ខែជាប់គ្នា បើទោះជាសេដ្ឋកិច្ចរីកចម្រើនក៏ដោយ។
សេដ្ឋកិច្ច អតិផរណា
ដោយ

អត្រាអតិផរណាប្រចាំឆ្នាំរបស់តំបន់ចាយប្រាក់អឺរ៉ូ មានកម្រិត៤.៣% នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ គឺបានធ្លាក់ចុះពី៥.២% នៅក្នុងខែសីហា ខណៈដែលកាលពីឆ្នាំមុន អត្រាអតិផរណា គឺមានកម្រិតជិត១០% ហើយអតិផរណាប្រចាំឆ្នាំរបស់សហភាពអឺរ៉ុប គឺជិត៥% នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ គឺបានធ្លាក់ចុះពីជិត៦% នៅក្នុងខែសីហា។

ប៉ុន្តែការធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមតែមួយខ្ទង់នេះ កំពុងបង្កើតបញ្ហាមួយ គឺសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ​ បានធ្លាក់ចុះ០.១% ក្នុងរយៈពេល៣ខែ គិតត្រឹមខែកញ្ញា ហើយក៏កំពុងអូសទាញឱ្យមានវិបត្តិសេដ្ឋកិច្ចផងដែរ។ នេះបើតាមការចេញផ្សាយរបស់ Eurostat ដាច់ដោយឡែកមួយទៀត។

ទិន្នន័យទាំង២នេះ បានបង្ហាញថា ធនាគារ ECB ជិតបានបញ្ចប់ការដំឡើងអត្រាការប្រាក់ដែលមានកម្រិតខ្ពស់បំផុតហើយ បន្ទាប់ពីបានដំឡើងមិនធ្លាប់មានពីមុនមករហូតដល់១០ដងជាប់ៗគ្នា ហើយឥឡូវនេះនឹងពិនិត្យមើលលទ្ធផលសិនមុនពេលនឹងដំឡើងបន្ថែមទៀត។ កាលពីថ្ងៃទី២៦ ខែតុលា ធនាគារកណ្ដាលអឺរ៉ុប បានសម្រេចរក្សាទុកឱ្យនៅដដែល នូវអត្រាការប្រាក់លើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ ក្នុងអត្រា៤.៥% អត្រាការប្រាក់លើកន្លែងផ្តល់ប្រាក់កម្ចីក្នុងអត្រា៤.៧៥% និងកន្លែងដាក់ប្រាក់ក្នុងកម្រិត៤%។

លោក ដាញ៉ែល អង់តូញូស៊ី (Daniele Antonucci) ប្រធានផ្នែកវិនិយោគនៅធនាគារ Quintet Private Bank បាននិយាយថា ពួកគេរំពឹងថា កម្រិតអតិផរណា និងកំណើនសេដ្ឋកិច្ចនឹងមានកម្រិតថេរដូចនៅក្នុងពេលបច្ចុប្បន្នបន្ទាប់មកនឹងមានការកាត់បន្ថយចាប់ពីពាក់កណ្តាលឆ្នាំក្រោយ។

ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់ក្រុមប្រឹក្សាសន្និសីទបានបង្ហាញថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅអាម៉េរិក បានធ្លាក់ចុះសម្រាប់រយៈពេល៣ខែជាប់ៗគ្នានេះ ដោយសារតែពួកគេបាត់បង់ទំនុកចិត្តចំពោះទស្សនវិស័យសេដ្ឋកិច្ច។

លោកស្រី ដាណា ភីធឺសុន (Dana Peterson) ប្រធានសេដ្ឋវិទូនៅក្រុមប្រឹក្សាសន្និសីទនេះបាននិយាយកាលពីថ្ងៃអង្គារថា ការធ្លាក់ចុះសម្រាប់ខែតុលា កន្លងទៅថ្មីៗនេះ បានកើតឡើងនៅចំពេលដែលអ្នកប្រើប្រាស់បន្តជាប់គាំងនឹងការកើនឡើងតម្លៃជាទូទៅ និងសម្រាប់គ្រឿងទេស ជាពិសេសតម្លៃសាំងតែម្ដង។

លោកស្រីបានបន្តថា អ្នកប្រើប្រាស់ ក៏បានសម្តែងការព្រួយបារម្ភពីស្ថានការណ៍នយោបាយ និងអត្រាការប្រាក់ខ្ពស់ ហើយថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បានជះឥទ្ធិពលដល់ទស្សនរបស់អតិថិជនលើសេដ្ឋកិច្ចផងដែរ។

ប៉ុន្តែកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលក្រុមហ៊ុនរថយន្តធំទាំង៣បានសម្រេចជាមួយសហជីពកម្មកររថយន្តក្នុងសប្តាហ៍មុននេះ ដើម្បីបញ្ចប់កូដកម្មរបស់កម្មកររយៈពេលវែងបំផុតក្នុងរយៈពេល២៥ឆ្នាំ នេះក៏ប្រហែលជានឹងធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តរបស់អតិថិជនផងដែរ។ ការធ្លាក់ចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់នេះមិនត្រូវបានបង្ហាញឱ្យឃើញនៅគ្រប់មនុស្សពេញវ័យ និងកម្រិតប្រាក់ចំណូលគ្រួសារនោះទេ គឺថាអ្នកប្រើប្រាស់ ដែលមានអាយុក្រោម៣៥ឆ្នាំមានអារម្មណ៍សុទិដ្ឋិនិយមបន្តិចពីស្ថានភាពសេដ្ឋកិច្ចក្នុងខែនេះ ជាងឆ្នាំមុន ចំណែកមនុស្សដែលមានអាយុលើសពី៥៥ឆ្នាំបង្ហាញពីការថយចុះយ៉ាងខ្លាំងនូវទំនុកចិត្តប្រចាំខែរបស់ពួកគេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រផលិតធំៗនៅអាស៊ីជួបប្រទះនឹងការចំណាយខ្ពស់ ចំពេលមានសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស

ព័ត៌មាន
សកម្មភាពផលិតកម្មនៅតំបន់អាស៊ី បានធ្លាក់ចុះម្តងទៀតកាលពីខែតុលា ដោយសារជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ ការចំណាយកើនឡើង ហើយតម្…

ជនជាតិអាហ្គានីស្ថានជាង ១លាននាក់ ប្រឈមនឹងការបណ្ដេញចេញពីប្រទេស ប៉ាគីស្ថាន

ព័ត៌មាន
ព្រំដែនភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ កំពុងជោរជន់ដោយចំនួនមនុស្សរាប់ពាន់នាក់ ដែលរកឆ្លងដែនទៅកាន់ប្រទេសអាហ្គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ