ប្រមុខរាជរដ្ឋាភិបាល

ប្រមុខរាជរដ្ឋាភិបាល៖ តិចឬច្រើនប្រាក់ឈ្នួលអប្បបរមារបស់កម្មករនឹងដំឡើងបន្ថែមនៅឆ្នាំក្រោយ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននឹងកំពុងខ្នះខ្នែងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដរនៅឆ្នាំ២០២៤ ក្នុងកម្រិតមួយដែលអាចទទួលយកបាន។ កិច្ចប្រជុំនេះបានឈានដល់បញ្ចប់ដំណាក់កាលពី២ហើយ ប៉ុន្តែភាគីពាក់ព័ន្ធនៅមិនទាន់បានកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាច្បាស់លាស់នៅឡើយទេ។
ប្រមុខរាជរដ្ឋាភិបាល៖ តិចឬច្រើនប្រាក់ឈ្នួលអប្បបរមារបស់កម្មករនឹងដំឡើងបន្ថែមនៅឆ្នាំក្រោយ

ជុំវិញការកំណត់ប្រាក់ឈ្នួលអប្បបរមានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាជំរុញឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពន្លឿនកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់តួលេខជាក់លាក់ឲ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរូបនេះអះអាងថា តិច ឬច្រើនប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតនៅឆ្នាំ២០២៤ នឹងត្រូវដំឡើងបន្ថែម លើប្រាក់ឈ្នួលបច្ចុប្បន្ន ដែលមាន២០០ដុល្លារក្នុង១ខែ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីវឌ្ឍនភាព និងភាពរីកចម្រើននៃវិស័យកាត់ដេរនៅកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការទទួលបានប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភផ្សេងៗពីវិស័យនេះ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកត់សម្គាល់ឃើញថា ប្រាក់បៀរវត្សរ៍ក្នុងវិស័យកាត់ដេរនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ពីចំនួន៤០ដុល្លារក្នុងមួយខែ កាលពីឆ្នាំ១៩៩៧ កើនដល់រហូត២០០ដុល្លារ ក្នុងមួយខែនៅឆ្នំា២០២៣នេះ គួបផ្សំនឹងអត្ថប្រយោជន៍ផ្សេងៗទៀត។ ខណៈបច្ចុប្បន្ន កម្ពុជាបាននិងកំពុងមមាញឹកក្នុងការចរចារដំឡើងប្រាក់បៀរវត្សរ៍អប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ បន្ថែមទៀត។ ជុំវិញកិច្ចការនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់កំណិតឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ត្រូវពិភាក្សាគ្នាយ៉ាងណាដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឲ្យបានរួចរាល់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាល ទោះក្នុងកម្រិតតិច ឬច្រើន ប្រាក់ឈ្នួលអប្បរមារបស់កម្មករ និយោជិតនៅឆ្នាំ២០២៤ នឹងត្រូវតែដំឡើងបន្ថែម។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ដ្បិតបច្ចុប្បន្ន កម្រិតប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា ហាក់ប្រសើរជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ តែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ លើកកម្ពស់និងជំរុញវិស័យនេះឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ដើម្បីធានាស្ថិរភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរទៅតាមដំណាក់កាល។
យ៉ាងណាក៏ដោយការពិភាក្សាលើការកំណត់ប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយោជិតឆ្នាំ២០២៤ បានបញ្ចប់ការពិភាក្សាលើកទី២ហើយកាលពីថ្ងៃទី២៩ សីហា តែភាគីពាក់ព័ន្ធមិនទាន់អាចស្វែងរកតួលេខឯកភាពណាមួយបាននៅឡើយទេ ខណៈការពិភាក្សាបន្តនឹងធ្វើឡើងនៅថ្ងៃទី៤ កញ្ញា ឆ្នាំ២០២៣។ ជុំវិញការពិភាក្សាជុំទី២នេះ ត្រូវបានលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាអះអាងថា ថ្វីដ្បិតតែភាគីមិនទាន់កំណត់ប្រាក់ឈ្នួលអប្បបរមាច្បាស់លាស់ ក៏ដោយ តែខាងក្រុមសហជីពបាន ពិភាក្សាគ្នារួចហើយ ដោយបានកំណត់ស្នើឱ្យមានជម្រើស២ សម្រាប់ភាគីរាជរដ្ឋាភិបាល គឺបង្កើន ១២ដុល្លារ និង ២០ដុល្លារ ពីលើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣ ដែលមានចំនួន ២០០ដុល្លារ សរុបគឺ២១២ ដុល្លារ និង ២២០ដុល្លារ សម្រាប់ឆ្នាំ២០២៤។ សម្រាប់លោក អាត់ ធន់ ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរឆ្នាំ២០២៤ គឺត្រូវការពិភាក្សា និងចចារគ្នាច្រើនលើកច្រើនសារទៀតមុននឹងអាចឈានដល់ការកំណត់តួលេខជាក់លាក់ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា ឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលកម្មករកាត់ដេរ គឺមានចំនួន ២០០ដុល្លារក្នុងមួយខែ គួបផ្សំនឹងអត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ដុល្លារ ទៅ ២២៨ដុល្លារ ក្នុងមួយខែ។ ដ្បិតបច្ចុប្បន្ន កម្រិតប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរនៅកម្ពុជា ហាក់ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ ដូចជា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ និងមីយ៉ាន់ម៉ា ក៏ដោយចុះ តែអ្នកជំនាញយល់ឃើញថា ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរនៅកម្ពុជា នាពេលបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងប្រទេសថៃ និងម៉ាឡេស៊ី។ ខណៈប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសថៃ នៅឆ្នាំ២០២៣ មានចំនួន ២៤៩ដុល្លារក្នុងមួយខែ។ រីឯ ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសម៉ាឡេស៊ីវិញគឺមានចំនួន ៣៣៧ដុល្លារ ក្នុងមួយខែ៕




អត្ថបទបន្ទាប់


កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាជំរុញការអនុវត្តការធ្វើពាណិជ្ជកម្មអង្ករ និងកិច្ចសហប្រតិបត្តិការទេសចរណ៍

ព័ត៌មាន
កម្ពុជា-ទីម័រខាងកើតបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើ…

កម្ពុជាគ្រោងពង្រាយមន្ត្រីជំនាញកសិកម្មតាមឃុំ ដើម្បីជួយកសិករ ខណៈរដ្ឋាភិបាលជំរុញឲ្យក្រសួងរើសមន្ត្រីឲ្យត្រូវជំនាញ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាគ្រោងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅគ្រប់ឃុំ-សង្កាត់នៅតាមខេត្តគោលដៅដែលមានអាទិភាពខ្ពស់លើវិស័យកសិកម្មទូទាំងប្រទេស ដើម្បី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ