WorldBankទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងរក្សាកំណើនត្រឹម ២,២%នៅឆ្នាំ២០២១


ធនាគារពិភពលោកនៅថ្ងៃអង្គារទី២៨ ខែកញ្ញានេះ តាមរយៈរបាយការណ៍ថ្មីមួយរបស់ខ្លួន បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពីប្រមាណ៤% មកនៅត្រឹម ២,២% សម្រាប់ឆ្នាំ២០២១នេះ។ ការកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមកនៅត្រឹម ២,២%នេះ ដោយសារស្ថានប័នអន្តរជាតិមួយនេះ មើលឃើញពីការប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ១៩ ដែលបានធ្វើឲ្យការស្តារសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ជាពិសេសក្នុងវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យតែម្ដង។
សំណង់អាគារខ្ពស់ៗកំពុងសាងសង់ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ខេមបូណូមីស)

របាយការណ៍​ធនាគារពិភពលោក​បាន​បន្ត​ថា ទោះបីជា​កម្ពុជា​មានការ​នាំ​ចេញ​រឹង​មាំ ដែល​គាំទ្រ​ដោយ​លក្ខខណ្ឌ​តម្រូវការ​ខាងក្រៅ​ល្អ​ក៏​ដោយ ប៉ុន្តែ​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​មាន​ភាព​មិន​ច្បាស់លាស់ ហើយ​បាន​បង្ក​ហានិភ័យ​សំដៅ​ទៅ​រក​ការ​ដាំ​ក្បាល​ចុះ​ថែម​ទៀត​ផង​។

ទោះបី​ការ​ចាក់​វ៉ាក់សាំង​មាន​វឌ្ឍនភាព​ជឿនលឿន​ក្តី ប៉ុន្តែ World Bank អះអាង​ថា ហានិភ័យ​នៃ​ការ​ផ្ទុះ​ឆ្លង​រាលដាល​ឡើង​នៃ​កូ​វី​ដ​១៩​នៅ​តែ​មាន​ខ្ពស់ ដែល​វា​បាន​បន្ត​អូស​បន្លាយ និង​រាំងស្ទះ ដោយសារ​តែ​ការ​ឆ្លង​ថ្មី និង ករណី​ស្លាប់​បន្ត​មាន​ចំនួន​ច្រើន​។

ជាក់ស្តែង នៅ​៥​ថ្ងៃ​ចុង​ក្រោយ​នេះ ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា​មក កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ៗ​នៃ​កូ​វី​ដ​១៩ ហក់​ឡើង​ដល់​ទៅ​ខ្ទង់​ជាង ៨០០​ករណី​ឡើង​វិញ បន្ទាប់​ពី​ស្ងប់ស្ងាត់​ដោយ​រក​ឃើញ​ត្រឹម ៥០០​ទៅ​៦០០​ករណី​អស់​មួយ​រយៈ​កន្លង​មក​។ ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​អង្គារ​ទី​២៨​កញ្ញា​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​ដល់​ទៅ ៨៦៦​ករណី ក្នុង​នោះ​ករណី​ឆ្លង​ក្នុង​សហគមន៍​មាន ៧៨៣​ករណី ខណៈ​ករណី​ស្លាប់មាន​ដល់​ទៅ ២៦​នាក់​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​កូ​វី​ដ​១៩​នៅ​កម្ពុជា​បាន​កើន​ដល់ ២.២៨៧​នាក់​ហើយ រីឯ​ចំនួន​អ្នក​ឆ្លង​សរុប​វិញ​មាន​ជាង ១១​ម៉ឺន​នាក់​។

បន្ថែម​ពីលើ​នេះ របាយការណ៍​របស់​ធនាគារពិភពលោក បាន​សង្កត់ធ្ងន់​លើ​កូ​វី​ដ​១៩​ឌែ​លតា ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ ហើយ​បង្ក​ឲ្យ​មានការ​ឆ្លង និង​ស្លាប់​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ការ​បន្ត​អូស​បន្លាយ​ឆ្លង​រាលដាល ទាំង​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី បាន​ធ្វើ​ឲ្យ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ មាន​ភាព​យឺតយ៉ាវ ពិសេស​ក្នុង​វិស័យ​សំណង់ អចលនទ្រព្យ ទេសចរណ៍ ក៏​ដូច​ជា​វិស័យ​សេវាកម្ម​ផ្ទាល់​តែ​ម្តង​។ បើ​តាម​ធនាគារពិភពលោក វិស័យ​ទេសចរណ៍ ត្រូវ​បាន​ព្យាករណ៍​ថា​បាន​ផ្តល់​ការងារ​ប្រហែល ២​លាន​កន្លែង និង​បាន​រួមចំណែក ២៥% ក្នុង GDP របស់​កម្ពុជា​អំឡុង​ពេល​មុន​មាន​ជំងឺ​រាតត្បាត​។

យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​គម្រោង នឹង​បើក​ជើងមេឃ​ទទួលយក​ភ្ញៀវ​ទេសច​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ឡើង​វិញ នៅ​ចុងឆ្នាំ​២០២១​នេះ​ហើយ​។ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ធ្លាប់​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​កន្លង​មក​ថា ផែនការ​នេះ​ទំនងជា​នឹង​អនុវត្ត​នៅ​ខែវិច្ឆិកា​ខាង​មុខ​។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម (Maryam Salim) ជា​ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក ទើប​ឡើង​កាន់​ដំណែង​ថ្មី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​សាទរ​ជាមួយនឹង​គម្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួច​របស់​រដ្ឋាភិបាល​កម្ពុជា​។ លោកស្រី បាន​អះអាង​ថា ការ​ដែល​កម្ពុជា​អាច​បើក​ជើងមេឃ​ទទួលយក​ភ្ញៀវ​ទេសចរណ៍​ឡើង​វិញ គឺ​កម្ពុជា​មិន​ត្រឹមតែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​នោះ​ទេ ប៉ុន្តែ​វា​ផ្តល់​ចំណាប់អារម្មណ៍​ដល់​វិស័យ​ឯកជន ឲ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ឡើង​វិញ​បន្ថែម​ទៀត​ផង​ដែរ​។ ប្រការ​នេះ​នឹង​ឈាន​ទៅ​រួមចំណែក​មួយ​កម្រិត​ទៀត​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ​។

យ៉ាងណាមិញ លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម បាន​ទាញ​សញ្ញា​ព្រមាន​ឲ្យ​មានការ​កំណត់​នូវ​មូលដ្ឋាន​ហានិភ័យ​ឲ្យ​បាន​ច្បាស់លាស់ ក្នុង​ការ​ទទួលយក​ភ្ញៀវ​ទេសចរ​បរទេស ជៀសវាង​ការ​រីក​រាលដាល​កាន់តែ​ខ្លាំង​នៃ​កូ​វី​ដ​១៩ ពិសេស​កូ​វី​ដ​១៩​ប្រភេទ​ឌែ​លតា​។

សូម​ជម្រាប​ថា មិនមែន​មាន​តែ​ធនាគារពិភពលោក​នោះ​ទេ ដែល​បាន​ទម្លាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំនេះ​។ ជាក់ស្តែង កាលពី​ស​ប្តា​ហ៍​មុន ធនាគារអភិវឌ្ឍន៍អាស៊ី ឬ​ហៅ​កាត់​ថា ADB បាន​ព្យាករ​បន្ថយ​កំណើនសេដ្ឋកិច្ច​កម្ពុជា​មក​ត្រឹម ១,៩%​ប៉ុណ្ណោះ ពោល​គឺ​មាន​ទាប​ជាង ដល់​ទៅ​ជាង​ពាក់កណ្ដាល​នៃ​កំណើន​ដែល​បាន​ព្យាករ​ចំនួន ៤% កាលពី​ខែមេសា​កន្លង​ទៅ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន HEINEKEN Cambodia អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយ «ការប្រែប្រួលអាកាសធាតុ» ជាមួយនឹងការឧបត្ថម្ភដល់កិច្ចប្រជុំកំពូលការប្រែប្រួលអាកាសធាតុលើកដំបូងរបស់កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន HEINEKEN Cambodia កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយ «ភាពអាសន្នអាកាសធាតុ» របស់ពិភពលោកតាមរយៈការឧប…

ផ្លែមៀនប៉ៃលិនប្រហែល៤ម៉ឺនតោន ក្នុងខេត្តប៉ៃលិននៅតែកកស្ទះ និងប្រឈមនឹងការខូចខាត

ព័ត៌មាន
បញ្ហាខ្វះទីផ្សារ នៅតែជាក្ដីព្រួយបារម្ភ សម្រាប់កសិករដែលប្រកបរបរដាំដុះដំណាំមៀនប៉ៃលិន ឬតាង៉ែន ពិសេសកសិករនៅខេត្តប៉ៃលិនផ្ទាល់តែម្ដង បើទោះបី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ