នាវេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ ក្រោមប្រធានបទ«វឌ្ឍភាព និងអនាគតនៃថាមពលស្អាតរបស់កម្ពុជា»លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានគូសបញ្ជាក់ថា បញ្ហាប្រឈមក្នុងការទាញយកថាមពលស្អាតនាពេលអនាគតនៅតំបន់អាស៊ីអាគ្នេយ៍ គឺមានទំហំធំណាស់ ហើយបច្ចុប្បន្នថាមពលស្អាតមិនគ្រាន់តែជាប្រធានបទនៃការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភដ៏សំខាន់នៃចក្ខុវិស័យរបស់កម្ពុជាសម្រាប់កំណើនសេដ្ឋកិច្ច សន្តិសុខថាមពល និងការថែរក្សាបរិស្ថានផងដែរ។
បើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរូបនេះ បច្ចុប្បន្នការកសាងប្រភពថាមពលស្អាតនៅទូទាំងពិភពលោកមានសន្ទុះកើនឡើងគួរឱ្យភ្ជាក់ផ្អើល ដែលមិនធ្លាប់មានពីមុនមក តួយ៉ាងនៅឆ្នាំ២០២៣ ពិភពលោកសម្រេចបានល្បឿនលឿនបំផុតក្នុងការដាក់ពង្រាយថាមពលកកើតឡើងវិញ ដោយបានបង្កើនសមត្ថភាពថាមពលកកើតឡើងវិញទ្វេដង ខណៈការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកក៏បានកើនឡើង៣៥% ដល់ប្រមាណ១៤លានគ្រឿងផងដែរ។
ជាមួយគ្នានេះ លោក ដេរិក យីប បានកត់សម្គាល់ថា កម្ពុជាបានត្រៀមលក្ខណៈល្អប្រសើរណាស់ក្នុងការទាញយកផលប្រយោជន៍ពីសន្ទុះខាងលើនេះ ដោយមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យយ៉ាងតិច៦៥ជីហ្គាវ៉ាត់ និងសក្តានុពលថាមពលខ្យល់៥ជីហ្គាវ៉ាត់។
ឯកឧត្តម ឆែ លីឌីន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ក្រសួងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលដល់ការខិតខំប្រឹងប្រែងក្នុងការអនុវត្តថាមពលស្អាត និងការគាំទ្រផ្សេងៗទៀតជាមួយដៃគូអភិវឌ្ឍន៍។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបើកចំហរជាមួយដៃគូអភិវឌ្ឍ ជាពិសេសវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលស្អាតរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង និងសម្រេចបានតាមគោលដៅដែលបានដាក់ចេញ។ ឯកឧត្តមបានអះអាងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តជំរុញការគាំទ្រដល់ការប្រើប្រាស់ថាមពលស្អាតនៅក្នុងតំបន់។
ជាមួយគ្នានេះលោក ណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងយានយន្តអគ្គិសនី បានបង្ហាញពីការប្តេជ្ញាចិត្តដ៏ច្បាស់លាស់ក្នុងការកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើឥន្ធនៈហ្វូស៊ីល និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ លោកបានបន្ថែមថា វេទិការសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤នេះ នឹងផ្តោតលើបញ្ហាសំខាន់ៗក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការជំរុញឱ្យមានភាពប្រសើរឡើងនូវលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ ការជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចគោលដៅអាកាសធាតុថ្នាក់ជាតិជាដើម។
ជាមួយគ្នានេះដែរ លោក សាកគែល អាម៉េត អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានគូសបញ្ជាក់ថា ការអនុវត្តថាមពលស្អាតមិនត្រឹមតែផ្តល់ប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ តែក៏ជាកត្តាជំរុញសម្រាប់សន្តិសុខថាមពល ភាគលាភពាណិជ្ជកម្ម និងការបង្កើតការងារបៃតង ការទទួលបានហិរញ្ញប្បទានបៃតង និងការកាត់បន្ថយការបំពុលផងដែរ។
ទន្ទឹមនឹងនេះ លោកបានចាត់ទុកការរៀបចំកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ គឺជាការបន្តដាក់កម្ពុជាជាអ្នកដឹកនាំផ្នែកថាមពលស្អាតនៅថ្នាក់តំបន់ ជាមួយការគាំទ្រគ្រប់ជ្រុងជ្រោយពីដៃគូអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី ដែលបានផ្តល់ទាំងជំនាញបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ ស្របពេលកម្ពុជាស្ថិតនៅក្នុងស្ថានភាពសមស្របក្នុងការកែប្រែទ្រង់ទ្រាយថាមពលរបស់ខ្លួន ក្នុងលក្ខណៈផ្ដល់ផលប្រយោជន៍សម្រាប់កម្ពុជា និងតំបន់ផងដែរ៕