គោលនយោបាយជាតិស្តីពីដំឡូងមី

គោលនយោបាយជាតិដំឡូងមីសម្ពោធជាផ្លូវការហើយ! តើនឹងជួយអ្វីខ្លះដល់វិស័យនេះ?


រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៤ ខែមករា បានប្រកាសសម្ពោធជាផ្លូវការហើយ នូវគោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ២០២០-២០២៥ ដោយវាមានគោលដៅធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអាចផលិតកែច្នៃ និងផ្គត់ផ្គង់ផលិតផលដំឡូងមីសម្រាប់ទីផ្សារពិភពលោក ខណៈអ្នកជំនាញរំពឹងភាពរីកចម្រើនក្នុងវិស័យនេះនៅចុងឆ្នាំ២០២១។
ការប្រមូលផលដំឡូងមីរបស់កសិករ
ដោយ

គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូងមី​ត្រូវបាន​ប្រកាស​ដាក់សម្ពោធ​ជាផ្លូវការ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជាបានអនុម័ត​ជាកាល​ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០២០កន្លងទៅ។

ថ្លែងក្នុងពិធី​សម្ពោធ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បានលើក​ឡើងថា គោលការណ៍​សំខាន់ៗ​ទាំង៣​របស់​គោលនយោបាយ​ជាតិ​ដំឡូងមី​រួមមាន ​ទី១ផ្លាស់ប្តូរ​ពីផលិតកម្ម​បែប​ប្រពៃណីឬគ្រួសារ ឱ្យទៅ​ជាផលិតកម្ម​បែប​ពាណិជ្ជកម្ម។ ទី២ គាំទ្រ​ដល់​អ្នកកែច្នៃ ដំឡូងមី​ឱ្យមាន​សក្តានុពល និងទាក់ទាញ​ការ​វិនិយោគ ដើម្បីកែច្នៃ​ដំឡូងមី​ដែលមាន​តម្លៃខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ និងចុងក្រោយលើក​កម្ពស់​ភាពប្រកួត​ប្រជែង​ពាណិជ្ជកម្ម​និងចាប់យក​ចំណែក​ទីផ្សារ។

ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បានគូស​បញ្ជាក់ថា ដំឡូងមី​ជាដំណាំ​យុទ្ធសាស្រ្ត​មួយ​របស់កម្ពុជា​បន្ទាប់​ពី​ដំណាំ​យុទ្ធសាស្រ្ត​ផ្សេងទៀត​ដូចជាស្រូវ ពោត និងកៅស៊ូ​ជាដើម។ លោកបានសម្តែង​ការសាទរ​ជាមួយនឹង​គោលនយោបាយ​ជាតិ​ដំឡូងមីនេះ ដោយ​សង្ឃឹមថា នឹង​មានការលើក​ទឹកចិត្ត​និងជំរុញ​កសិករ​ដែលដាំដុះ​ដំឡូងមី​ឲ្យស្រប​តាមស្តង់ដារ និងប្រកប​ដោយ​គុណភាព និងបរិមាណ​ ជៀស​វាងជួប​ការខាតបង់​ដូចពេល​កន្លងមក។ ​

ជាអ្នកជំនាញ​សេដ្ឋកិច្ច និងជា​អ្នកជំនួញ​កសិ-ឧស្សាហកម្មផងដែរនោះ ឧកញ៉ា លឹម ហេង​បានមើលឃើញថា កន្លងមក​ឧស្សាហកម្ម​ដំឡូងមី​ក្នុងស្រុក​មិនទាន់មាន​លំនឹង​នៅឡើយទេ ដោយកម្ពុជា​បាននាំចេញ​ផលិតផល​ពីដំឡូងមី​មួយចំនួន​ដូចជា​ដំឡូងមី​ចំណិត​ស្រស់​ទៅ​ប្រទេស​ជិតខាង ដូចជា​វៀតណាមនិងថៃ ខណៈ​ការនាំចេញ​ម្សៅដំឡូងមី​ទៅចិន​នៅមិន​ទាន់ទទួល​បានការ​រួចពន្ធ​នៅឡើយទេ ទោះបីជាកម្ពុជា​បានសម្រច​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយចិនក្តី ហើយលោក​រំពឹងថា នឹងមាន​ការចរចា​ឲ្យម្សៅដំឡូងមី​កម្ពុជា​នាំចេញ​ទៅចិន​ដោយរួចពន្ធ​ក្នុងពេល​ឆាប់ៗនេះ។ 

បន្ថែមពីលើនេះ លោកឧកញ៉ា លីម ហេងយល់​ថា វិស័យដំឡូងមី​នៅកម្ពុជា​នឹងមាន​ភាពនឹងនរ​ព្រមទាំង​រីកចម្រើន​ជាងមុន​នៅចុង​ឆ្នាំ ២០២១នេះ ជាមួយ​នឹងវត្តមាន​នៃគោលនយោបាយ​ជាតិ​ស្តីពី​ដំឡូងមីច្បាស់លាស់​មួយ​ដូចពេលនេះ។   

កសិករ​មួយរូបឈ្មោះ យី ប៉ាត់​ រស់នៅ​និងដាំដុះ​ដំឡូងមី​នៅភូមិ​អូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថា ក្នុងឆ្នាំ២០២០​ការ​ប្រមូលផល​ដំឡូងមី​របស់អ្នកស្រី​បានតែ ២០តោនប៉ុណ្ណោះ ធៀបទៅឆ្នាំ២០១៩ អ្នកស្រី​ប្រមូលផល​បានជិត​៥០តោន។ អ្នកស្រីបន្តថា ទិន្នផលឆ្នាំនេះ​មានការធ្លាក់ចុះ ដោយសារភ្លៀង​ខ្លាំង និងមួយរយៈ​មុន​មាន​ទឹក​ជំនន់​ផងនោះ ដែលជា​ហេតុធ្វើ​ឲ្យដំឡូង​រលួយ។

ស្រ្តីវ័យ ៦០ឆ្នាំរូបនេះបន្តថា ដំឡូងមី​ដែលប្រមូល​បានត្រូវ​លក់ទៅ​ឲ្យឈ្មួញ​នៅតាម​ជាយដែន និងនាំចេញទៅ​ប្រទេស​ថៃ ក្នុងតម្លៃ​មួយគីឡូ ៣៥០រៀល។ អ្នកស្រីថា ពន្យល់ថា​តម្លៃនេះ មានការកើនឡើង ដោយសារ​ឆ្នាំ​២០១៩ អ្នកស្រី​លក់​បានតែ ២៥០រៀល​ប៉ុណ្ណោះ​ក្នុង១គីឡូក្រាម។   

សូមបញ្ជាក់ថា ក្នុងពេញ​មួយឆ្នាំ២០២០ កម្ពុជាមាន​ផ្ទៃដីដាំដុះ​ដំឡូងមី​ប្រមាណ​៦០ម៉ឺន​ហិកតា ប្រមូលផលបាន ១២លានតោន និងនាំចេញ​ទៅក្រៅប្រទេស​ប្រមាណ​៧លានតោន។ នេះបើតាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


HSBC ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងស្ទុះកើនឡើងដល់ទៅ ៧,៦% នៅឆ្នាំ២០២១

ព័ត៌មាន
ស្ថាប័នស្រាវជ្រាវមួយរបស់ធនាគារអង់គ្លេស HSBC បានព្យាករពីកំណើនសេដ្ឋកិច្ចវៀតណាម នៅឆ្នាំ២០២១ថា នឹងហក់កើនឡើងដល់ទៅ ៧,៦% ដោយសារតែមានការជំរុ…

អេស៊ីលីដាម៉ូបាល ផ្ដល់​ជម្រើសសេវាធនាគារដ៏សម្បូរបែបនិងដោយឥតគិតថ្លៃសេវា

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែល​ជា​ធនាគារ​ខ្មែរ​ដំបូង​គេ​បំផុត​បាន​បង្កើត App បែប​ឌីជីថល បម្រើ​សេវាកម្ម​ដល់​អតិថិជន​-សាធារណជន ក្នុង​ការផ្ទេរ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ