តំបន់ CLV

តើការវែកញែកពាក់ព័ន្ធបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV អាចជាឱកាសទាក់ទាញការវិនិយោគ និងទេសចរទៅកាន់តំបន់នោះបន្ថែមដែរឬទេ?


នៅមួយរយៈចុងក្រោយនេះ មានការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្តាសសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងការគាំទ្រ និងមិនគាំទ្រចំពោះគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV- DTA។ ពាក់ព័ន្ធបញ្ហានេះប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងស្ថាប័ននាន ក៏បានចេញមកបកស្រាយជាបន្តបន្ទាប់ផងដែរ និងបានស្នើឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគធ្វើដំណើរកម្សាន្ត និងទៅសិក្សាឱកាសវិនិយោគនៅតំបន់នោះទៀតផង។ តើតាមរយៈការជជែកវែកញែកយ៉ាងផុសផុលនេះ វាអាចជាឱកាសជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគទៅកាន់តំបន់នោះបន្ថែមទៀតដែរឬយ៉ាងណា?
តំបន់ CLV
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីមានការជជែកវែកញែកច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV- DTA) ក៏ដូចជាមានការចេញមកពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការនេះរបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះរួចមក គឺបានបង្ហាញកាន់តែច្បាស់អំពីអត្ថប្រយោជន៍សេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការនេះ។

អ្នកជំនាញរូបនេះវាយតម្លៃថា ការផ្ទុះការវែកញែកច្រើនជុំវិញបញ្ហានេះទៀតសោត ក៏បានជំរុញឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅទស្សនានៅតំបន់នោះកាន់តែច្រើន ហើយវាអាចជំរុញកំណើនភ្ញៀវទេសចរ និងការ​វិនិយោគទៅតំបន់នោះផងដែរ ពិសេសជំរុញដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅតំបន់នោះតែម្តង​។

​ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានវាយតម្លៃថា ការដែលមានការវែកញែកច្រើនលើគម្រោង CLV នេះ ក៏អាចជាឱកាសមួយដើម្បីទាញការចាប់អារម្មណ៍កាន់តែច្រើនសម្រាប់ខេត្តទាំង៤របស់កម្ពុជា នៅក្នុងតំបន់ CLV នេះ ទៅដល់ប្រជាពលរដ្ឋ បណ្តាវិនិយោគិន និងអ្នកមានធនធានមួយចំនួន ដើម្បីទៅទស្សនានៅតំបន់នោះផ្ទាល់ ក៏ដូចជាពិនិត្យលទ្ធភាពវិនិយោគនៅទីនោះផងដែរ។

ម្យ៉ាងទៀត នៅពេលមានការវិនិយោគច្រើននៅតំបន់នោះ មិនត្រឹមតែតែជួយជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែក៏បានក្លាយជាកម្លាំង និងជារបងដ៏រឹងមាំមួយសម្រាប់ការពារតំបន់ព្រំដែនផងដែរ។ តែយ៉ាងណា លោកយល់ឃើញថា ការអភិវឌ្ឍ និងការវិនិយោគនៅតំបន់នោះត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានទូលំទូលាយផងដែរ។

​ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ខេត្តទាំង៤ ដែលកម្ពុជា បានដាក់ចូលជាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នេះ គឺសុទ្ធសឹងជាខេត្តដែលមានសក្កានុពល ពិសេសទៅលើវិស័យទេសចរណ៍ និងកសិឧស្សាហកម្មតែម្តង ហើយប្រសិនជាមានការជំរុញការវិនិយោគ និងអភិវឌ្ឍន៍តំបន់នេះឱ្យចំគោលដៅបន្ថែមទៀតនោះ លោកជឿជាក់ថា វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ។

​សូមជម្រាបថា តាមការបញ្ជាក់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA គឺជាគម្រោងមួយបង្កើតឡើងក្នុងគោលដៅបន្ថែមអត្ថប្រយោជន៍ និងទាញប្រសិទ្ធភាពនៃការតភ្ជាប់រវាងគ្នា ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាល និងតំបន់មានការអភិវឌ្ឍ​យឺត ទៅជាតំបន់ដែលមានការអភិវឌ្ឍ​ដូចតំបន់ផ្សេងៗ តាមរយៈការទាញយកនូវសក្ដានុពលពីការតភ្ជាប់សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរវាងត្រីភាគី។ នៅក្នុងគម្រោងនេះ កម្ពុជាបានដាក់ខេត្តចំនួន៤ ដើម្បីធ្វើការអភិវឌ្ឍ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនកំពុងសិក្សាលទ្ធភាពបើកការហោះហើរត្រង់ពីទីក្រុងសានថូវ មកកាន់ប្រទេសកម្ពុជាឡើងវិញ

ព័ត៌មាន
ចិន កំពុងពិនិត្យលទ្ធភាពបើកការហោះហើរត្រង់ពីទីក្រុងសានថូវ ខេត្តក្វាងតុងមកកាន់ប្រទេសកម្ពុជាឡើងវិញ និងកំពុងសិក្សាឱកាសវិនិយោគលើវិស័យសំខាន់…

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យរដ្ឋាភិបាលបន្តផ្អាកការនាំចូលបំណែកសាច់បង្កកបន្ថែមទៀត ក្រោយថ្ងៃកំណត់ខិតជិតចូលមកដល់

ព័ត៌មាន
ការបិទការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីក្រៅប្រទេសចូលមកទីផ្សារកម្ពុជាបណ្តោះអាសន្នរយៈពេល៦ខែ នឹងត្រូវផុតសុពលភាពនៅត្រឹមថ្ងៃទី១២ ខែក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ