ប្រព័ន្ធបញ្ជរតែមួយជាតិ

តើប្រព័ន្ធបញ្ជរតែមួយជាតិមានសារសំខាន់យ៉ាងណាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា?


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការស្នើសុំតែមួយលើករួមគ្នាតាមទម្រង់អេឡិចត្រូនិក។ តាមរយៈការដាក់ឱ្យប្រើប្រាស់នេះ អ្នកជំនាញសេដ្ឋកិច្ចអះអាងថាវា នឹងជួយសម្រួលនីតិវិធីសម្រាប់ធ្វើពាណិជ្ជកម្មនាំចេញនាំចូលទំនិញនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ជាពិសេសចំណេញពេលវេលា និងថវិកាផងដែរ។
ប្រព័ន្ធបញ្ជរតែមួយជាតិ
ដោយ

នាពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន និងម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធផ្សេងៗ ។

​ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំងសម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។

ប្រព័ន្ធនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញនាំចូលទំនិញអាចដាក់ស្នើសុំឯកសារតម្រូវផ្សេងៗ ពាក់ព័ន្ធនឹងការនាំចេញនាំចូលទំនិញទៅគ្រប់ក្រសួងស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេឡិចត្រូនិក។

ថ្នាក់ដឹកនាំរូបនេះ បានបន្ថែមថា ប្រព័ន្ធនេះក៏មានមុខងារក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។

​ពាក់ព័ន្ធបញ្ហានេះ ឧកញ៉ា ស៊ិន ចន្ធី អ្នកជំនាញក្នុងវិស័យភស្តុភាកម្ម និងដឹកជញ្ជូនកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Linehaul Express Cambodia បានគូសបញ្ជាក់ថា តាមរយៈការដាក់ឱ្យអនុវត្តនូវប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺពិតជាបានជួយសម្រួលជាច្រើនដល់វិស័យឯកជនក្នុងការធ្វើធុរៈកិច្ចរបស់ខ្លួន ពោលគឺចំណេញទាំងពេលវេលា និងថវិកា ព្រមទាំងមានតម្លារភាពផងដែរ។

តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា នៅក្នុងចំណោមស្ថាប័នទាំង១៦ ដែលមានក្នុងប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺមានស្ថាប័នមួយចំនួនហាក់មិនទាន់អាចទទួលឱ្យប្រើប្រាស់បាននៅឡើយ ដូច្នេះហើយលោកសំណូមពរឱ្យមានការអភិវឌ្ឍបន្ថែមទៀត ដើម្បីកាន់តែជួយសម្រួល និងពន្លឿនការរៀបចំឯកសារផ្សេងតាមប្រព័ន្ធអេឡិចត្រូនិកនេះកាន់តែប្រសើរថែមទៀត។

​សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីរំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងក្លាយទៅជាគំរូជោគជ័យមួយទៀតនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលបានជម្នះរាល់ការលំបាកទាំងឡាយក្នុងដំណើរការសម្របសម្រួលស្ថាប័នផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបគាំទ្រការទិញយកក្រុមហ៊ុនដែកថែបអាម៉េរិក US Steel ពីសំណាក់ក្រុមហ៊ុនជប៉ុន Nippon Steelពក្នុងតម្លៃជិត១៥ពាន់លានដុល្លារ

ព័ត៌មាន
គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី៦ ខែឧសភា បានអនុម័តគាំទ្រចំពោះការទិញយកក្រុមហ៊ុនផលិតដែកថែបអាម៉េរិក US Steel ពីសំណាក់ក្រុមហ៊ុនផលិតដែកថែប…

តើបារាំងយកបញ្ហាអ្វីខ្លះទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង នៅអឺរ៉ុប?

ព័ត៌មាន
លោក ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទឹកដីអឺរ៉ុប ស្របពេលដែលភាពតានតឹងរវាងរដ្ឋាភិបាលចិន និងសហភាពអឺរ៉ុបពាក់ព័ន្ធវិស័យពាណិជ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ