វិស័យពាណិជ្ជកម្ម

ម៉ាឡេស៊ី នឹងដំឡើងពន្ធលើភេសជ្ជៈផ្អែមបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើតជំងឺទឹកនោមផ្អែម


ប្រទេសម៉ាឡេស៊ីនឹងដំឡើងពន្ធលើភេសជ្ជៈផ្អែមបន្ថែមទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់របស់ប្រជាពលរដ្ឋលើភេសជ្ជៈប្រភេទនេះ។ ការដាក់ចេញវិធានការបែបនេះរបស់រដ្ឋាភិបាលម៉ាឡេស៊ី ធ្វើឡើងដើម្បីទប់ស្កាត់ការកើតជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដែលបានបង្ហាញនិន្នាការកើនឡើងជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត ចូកហ្វ្លាយ អាម៉េត (Dzulkefly Ahmad) បានប្រកាសកាលពីដើមសប្ដាហ៍មុនថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងដំឡើងពន្ធលើភេសជ្ជៈផ្អែមបន្ថែមទៀត ខណៈសំណើសុំដំឡើងពន្ធនេះត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ជូនទៅពិភាក្សានៅក្នុងសភានៅថ្ងៃទី១៨ ខែតុលា ខាងមុខនេះ។

ប្រទេសម៉ាឡេស៊ី បានបង្កើនពន្ធលើភេសជ្ជៈផ្អែមម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ដោយកំណត់យកពន្ធ៩សេនដុល្លារក្នុងមួយលីត្រសម្រាប់ភេសជ្ជៈដែលមានជាតិស្ករលើសពី៥ក្រាមក្នុង១០០មីលីលីត្រ និងភេសជ្ជៈផ្លែឈើ ឬបន្លែដែលមានជាតិស្ករលើសពី១២ក្រាមក្នុង១០០មីលីលីត្រ ប៉ុន្តែពន្ធនេះត្រូវបានលើកលែងចំពោះភេសជ្ជៈដែលធ្វើភ្លាមៗនៅតាមហាងអាហារ។

រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងនឹងដំឡើងពន្ធលើភេសជ្ជៈប្រភេទនេះឱ្យឡើងដល់១១សេនដុល្លារក្នុងមួយលីត្រ ហើយតាមរយៈវិធានការពន្ធនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរំពឹងថា វានឹងជួយកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែមបានប្រមាណ៩,២៥% នៅទូទាំងប្រទេស។

ការដាក់ចេញវិធានការដំឡើងពន្ធលើភេសជ្ជៈផ្អែមរបស់រដ្ឋាភិបាលម៉ាឡេស៊ីនេះ ធ្វើឡើងក្រោយប្រទេសនេះកំពុងប្រឈមនឹងបញ្ហាសុខភាពសាធារណៈ ពោលគឺចំនួនអ្នកកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ហួស និងជំងឺមិនឆ្លងផ្សេងទៀតមាននិន្នាការកើនឡើង។

ការស្ទង់មតិសុខភាពជាតិ និងជំងឺប្រចាំឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី បានបង្ហាញថា ពលរដ្ឋម៉ាឡេស៊ីប្រហែល៣,៦លាននាក់ ស្មើនឹង១៥,៦%នៃមនុស្សពេញវ័យមានជំងឺទឹកនោមផ្អែម ហើយពលរដ្ឋជាងកន្លះលាននាក់ទៀតបានកើតជំងឺមិនឆ្លងសំខាន់ៗរួមទាំងជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺធាត់ ដែលបានកើនឡើងពី៤៤,៥% ក្នុងឆ្នាំ២០១១ ដល់៥៤,៤% ក្នុងឆ្នាំ២០២៣៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិក នៅតែប្ដេជ្ញាដំឡើងពន្ធខ្ពស់លើរថយន្តអគ្គិសនី និងបន្ទះសូឡាចិន ទោះមានការព្រ.មានពីចិន

ព័ត៌មាន
សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចធំបំផុតទាំងពីររបស់ពិភពលោកកាន់តែឡើងកម្ដៅ ខណៈសហរដ្ឋអាម៉េរិក ដែលជាបងធំទី១ នៅតែប្ដេជ្ញាដំឡើងពន្ធខ្ពស់លើរថយន្…

ទោះអាម៉េរិក ដំឡើងពន្ធ ក៏រថយន្តអគ្គិសនីចិន នៅតែមានតម្លៃថោកជាងរថយន្ត Tesla

ព័ត៌មាន
ទោះបីជារដ្ឋបាលរបស់លោក ចូ បៃដិន បានដំឡើងពន្ធ១០០% លើរថយន្តអគ្គិសនីរបស់ចិន ក៏ដោយ តែរថយន្តអគ្គិសនីរបស់ចិន នៅតែមានតម្លៃថោកជាងរថយន្តរបស់អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ