ក្រុមហ៊ុន NagaCorp

ក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិករកាស៊ីណូ Naga World នៅកម្ពុជា ប្រឈមការផាកពិន័យជិត១០០លានដុល្លារ ដោយសារគម្រោងកាស៊ីណូនៅរុស្ស៊ី


ក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិករកាស៊ីណូ ណាហ្គាវើល (Naga World) នៅរាជធានីភ្នំពេញ ប្រឈមនឹងការផាកពិន័យរហូតដល់ជិត១០០លានដុល្លារអាម៉េរិក ដោយសារការផ្អាកសាងសង់គម្រោងកាស៊ីណូមួយនៅប្រទេសរុស្ស៊ី ដែលបានជាប់គាំងដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលអាចធ្វើឱ្យក្រុមហ៊ុននេះខាតបង់ធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
ក្រុមហ៊ុន NagaCorp
ដោយ

ក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូ NagaCorp ដែលបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង បានទម្លាយឱ្យដឹងកាលពីថ្ងៃទី១២ ខែសីហា ថា គម្រោងកាស៊ីណូ និងរីហ្សតរបស់ខ្លួននៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) នៅចុងបូព៌ានៃប្រទេសរុស្ស៊ី ប្រឈមនឹងការផាកពិន័យចន្លោះពី៨៥ ទៅ៩៥លានដុល្លារអាម៉េរិក។

ក្រុមហ៊ុននេះ បានអះអាងថា តាមការវាយតម្លៃឯករាជ្យបានប៉ាន់ប្រមាណថា ប្រាក់ចំណូលរបស់ខ្លួននៅ៦ខែឆ្នាំ២០២៤ អាចប្រែប្រួលពីចំណេញបានខ្ទង់៣,១លានដុល្លារអាម៉េរិក ទៅជាខាតបង់ចំនួន៦,៩លានដុល្លារអាម៉េរិកវិញ អាស្រ័យលើទំហំជាក់ស្ដែងចុងក្រោយនៃការផាកពិន័យដោយរដ្ឋរុស្ស៊ី។ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញសុទ្ធចំនួន៨៣លានដុល្លារអាម៉េរិកសម្រាប់រយៈពេល៦ខែដូចគ្នាកាលពីឆ្នាំមុន។

ការលាតត្រដាងរបស់ក្រុមហ៊ុន NagaCorp មិនបានបញ្ជាក់ជាក់លាក់អំពីអាជីវកម្មកាស៊ីណូដ៏សំខាន់របស់ខ្លួននៅកម្ពុជានោះទេ ប៉ុន្តែតួលេខបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះនឹងមានចំនួនប្រមាណ៨៨លានដុល្លារអាម៉េរិក ប្រសិនបើរុស្ស៊ីមិនផាកពិន័យខ្លួនទេនោះ។ តាមរយៈឯកសារផ្ញើទៅកាន់ផ្សារហ៊ុនហុងកុង អ្នកនាំពាក្យរបស់ក្រុមហ៊ុន NagaCorp លោកស្រី ឡាំ យី លីន (Lam Yi Lin) បានសង្កត់ធ្ងន់ថា សុខភាពហិរញ្ញវត្ថុជារួមរបស់ក្រុមនេះនៅតែល្អគ្មានអ្វីគួរឱ្យព្រួយបារម្ភនោះទេ។

របាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតរបស់ក្រុមហ៊ុន NagaCorp បញ្ជាក់ថា គម្រោងកាស៊ីណូ និងរីហ្សតនៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) ប្រទេសរុស្ស៊ី មានតម្លៃ១៥៤លានដុល្លារអាម៉េរិក គិតត្រឹមចុងឆ្នាំមុន ដោយការសាងសង់គម្រោងនេះបានចំណាយអស់១២៧លានដុល្លារអាម៉េរិករួចហើយ។

ទោះជាយ៉ាងណា គម្រោងនេះត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ មកម៉្លេះ នៅពេលក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងប្រើប្រាស់ប្រធានស័ក្ដិ ដែលមានចែងក្នុងកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយអាជ្ញាធររុស្ស៊ី ដោយបញ្ជាក់ថា ខ្លួននឹងផ្អាកគម្រោងដោយគ្មានពេលកំណត់រហូតដល់ស្ថានភាពប្រសើរឡើងវិញ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករកំពុងមមាញឹកជាមួយការផលិតផ្លែស្វាយខុសរដូវ ក្រោយតម្លៃហក់ឡើងខ្ពស់

ព័ត៌មាន
សមាជិកសហគមន៍កសិកម្ម សាមគ្គីតំបែរ កំពុងមមាញឹកជាមួយការផលិតស្វាយខុសរដូវសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារជាមួយក្តីរំពឹងទទួលបានទិន្នផល និងតម្លៃស…

តុលាការធម្មនុញ្ញរបស់ថៃ សម្រេចដកលោក ស៊្រីថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រី

ព័ត៌មាន
ទីបំផុតតុលាការធម្មនុញ្ញរបស់ថៃ បានសម្រេចដកលោក ស្រ៊ីថា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រីក្នុងសំឡេងគាំទ្រ៥ ទល់នឹង៤ នៅថ្ងៃទី១៤ ខែសីហា ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ