រោងចក្រផលិតអគ្គិសនី

រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិតម្លៃជាង១ពាន់៣រយលានដុល្លាររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានបើកការដ្ឋានសាងសង់


ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានបើកការដ្ឋានសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ LNG អានុភាព៩០០មេហ្គាវ៉ាត់ជាមួយទុនវិនិយោគរហូតដល់ជាង១ពាន់៣រយលានដុល្លារអាម៉េរិក។ រោងចក្រផលិតថាមពលដ៏ធំបំផុតរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្ម និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុងនេះ គ្រោងដាក់ឱ្យដំណើរការនៅអំឡុងឆ្នាំ២០២៧ ខាងមុខនេះ។
រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិតម្លៃជាង១ពាន់៣រយលានដុល្លាររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានបើកការដ្ឋានសាងសង់
ដោយ

ក្រោយរោងចក្រនេះដាក់ឱ្យដំណើរការ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពថាមពល និងរួមចំណែកជួយជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

នៅទីបំផុតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ៩០០មេហ្គាវ៉ាត់តម្លៃជាង១ពាន់៣រយលានដុល្លាររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្ថិតនៅក្នុងភូមិថ្ម និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុងត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

បើតាមការលើកឡើងរបស់លោក Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power នៅក្នុងអំឡុងពេលសាងសង់ រោងចក្រនេះនឹងផ្តល់ការងារធ្វើចំនួន២ពាន់៥រយកន្លែង ដែលភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ហើយក្រោយរោងចក្រនេះដាក់ឱ្យដំណើរការវានឹងផ្តល់ការងារដល់បុគ្គលិកចំនួន៣០០នាក់។ រោងចក្រនេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធវិនិយោគក្នុងភាពជាដៃគូរវាងសាធារណៈនិងឯកជនដោយបំពាក់ជាមួយឧបករណ៍ផលិតថាមពលជំនាន់ F-class ចំនួនពីរទំនើបចុងក្រោយ ដោយម៉ាស៊ីននីមួយៗអាចផលិតថាមពលបានចំនួន៤៥០មេហ្គាវ៉ាត់ ហើយម៉ាស៊ីនទី១គ្រោងដាក់ឱ្យដំណើរការនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៧។

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ក្រោយរោងចក្រនេះដាក់ឱ្យដំណើរការវានឹងរួមចំណែករហូតដល់២៦% ក្នុងទិន្នផលផលិតថាមពលសរុបរបស់កម្ពុជា ហើយវានឹងក្លាយជារោងចក្រផលិតថាមពលដើរដោយឧស្ម័នធម្មជាតិរាវ LNG ដ៏ធំ និងដំបូងគេបង្អស់នៅកម្ពុជា។ ឧស្ម័នធម្មជាតិត្រូវបានគេទទួលស្គាល់ថា ជាថាមពលស្អាតជាងធ្យូងថ្មចន្លោះពី៥០ទៅ ៦០% ដូច្នេះតាមរយៈរោងចក្រផលិតថាមពលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបនេះ វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកម្ពុជាឱ្យសម្រេចគោលដៅក្លាយជាប្រទេសបំភាយឧស្ម័នសូន្យភាគរយនៅឆ្នាំ២០៥០។

ទន្ទឹមនឹងជួយពង្រឹងសមត្ថភាពគ្រប់គ្រងលើទិន្នផលថាមពលកកើតឡើងវិញរបស់អគ្គិសនីកម្ពុជា(EDC) និងរួមចំណែកជួយរក្សាស្ថិរភាពថាមពលអគ្គិសនីនៅកម្ពុជា តាមរយៈរោងចក្រផលិតថាមពលដើរដោយឧស្ម័នធម្មជាតិធំជាងគេនៅកម្ពុជានេះ វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ នេះជាការបង្ហាញក្តីរំពឹងរបស់លោក Thomas ដែលបានបន្ថែមថា តាមរយៈរោងចក្រនេះវានឹងចូលរួមចំណែកជួយគាំទ្រដល់គម្រោងបង្កើនសមត្ថភាពផលិតថាមពលស្អាតឱ្យបាន៧០%របស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។

លោក Thomas បានអះអាងថា រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្លាស់ប្តូរថាមពលនៅកម្ពុជា។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានដាក់ឱ្យដំណើរការរោងចក្រវារីអគ្គិសនីសេសានក្រោមពីរ ដែលមានអនុភាព៤០០មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង ហើយមកទល់ពេលនេះរោងចក្រនេះនៅតែជាប្រភពថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជា។ ក្រៅពីគម្រោងទាំងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏កំពុងសហការជាមួយដៃគូសិក្សាបង្កើតរោងចក្រថាមពលជាច្រើនទៀតរួមមានរោងចក្រថាមពល Hybrid Hydro-Solar កម្លាំង៩៤០មេហ្គាវ៉ាត់នៅតបន់ភាគឦសាន, គម្រោង VRE ចំនួន៣០០មេហ្គាវ៉ាត់, គម្រោងថាមពលខ្យល់ពីរដំណាក់កាលនៅក្នុងខេត្តមណ្ឌលគិរី ដែលមានសមត្ថភាព២៥០មេហ្គាវ៉ាត់ និងគម្រោង២០០មេហ្គាវ៉ាត់ នៃ Solar PV ដោយសហការជាមួយក្រុមហ៊ុន TotalEnergies។

ជាមួយគ្នានេះឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអះអាងថា នេះជាលើកទីពីរហើយ ដែលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បង្កើតប្រវត្តិសាស្ត្រជូនវិស័យអគ្គិសនីកម្ពុជា ដោយប្រវត្តិសាស្ត្រទី១ គឺការដាក់ឱ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ អានុភាព៤០០មេហ្គាវ៉ាត់នៅខេត្តស្ទឹងត្រែង និងការបើកការដ្ឋានសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអានុភាព៩០០មេហ្គាវ៉ាត់នៅខេត្តកោះកុងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ បើតាមការអះអាងរបស់ឯកឧត្តម កែវ រតនៈ រោងចក្រផលិតថាមពលនេះ គឺជារោងចក្រផលិតថាមពលធំជាងគេ និងដំបូងគេនៅកម្ពុជាដែលដើរដោយឧស្ម័នធម្មជាតិ LNG ហើយរោងចក្រនេះនឹងក្លាយជាំខ្នងបង្អែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់បណ្តាញអគ្គិសនីជាតិ។

ឯកឧត្តម កែវ រតនៈ បានរំលឹកថា រោងចក្រផលិតថាមពលអគ្គិសនី ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺកើតចេញពីការប្រែក្លាយគម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មអានុភាព៧០០មេហ្គាវ៉ាត់ ពោលគឺកន្លងមកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោងសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មនេះ តែត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចលុបចោល ដោយសារនិន្នាការតំបន់ និងពិភពលោក ដែលមានការរឹតបន្តឹងលើការផលិតអគ្គិសនីតាមរបៀបនេះ។

ចាប់តាំងពីឆ្នាំ១៩៩៨ ក្រោយកម្ពុជាចាកចេញពីសង្គ្រាមផ្ទៃក្នុងដ៏ហែកហួរមកទល់ពេលនេះ ការប្រើប្រាស់អគ្គិសនីនៅកម្ពុជាមានការកើនឡើងជាង៣២ដង ដែលមានរហូតដល់ជាង៤ពាន់មេហ្គាវ៉ាត់។ បច្ចុប្បន្ននៅកម្ពុជាមានភូមិរហូតដល់៩៩,១៥% និងជិត៩៧% នៃខ្នងផ្ទះមានភ្លើងប្រើប្រាស់ពីបណ្តាញជាតិ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានចាត់ទុករោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្គាវ៉ាត់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាសមិទ្ធផលអគ្គិសនីថ្មីមួយទៀតរបស់ខេត្តកោះកុង។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នខេត្តកោះកុងមានរោងចក្រផលិតអគ្គិសនីចំនួន៦កន្លែង ក្នុងនោះ៣គម្រោងកំពុងដំណើរការសាងសង់ និង៣គម្រោងកំពុងដំណើរការផលិត។ គម្រោងទាំង៣ ដែលកំពុងដំណើរការផលិតរួមមានគម្រោងវារីអគ្គិសនីគិរីរម្យ៣អានុភាព១៨មេហ្គាវ៉ាត់, វារីអគ្គិសនីតាតៃ អានុភាព២៤៦មេហ្គាវ៉ាត់ និងវារីអគ្គិសនីឫស្សីជ្រុំក្រោមអានុភាព៣៣៨មេហ្គាវ៉ាត់។ ចំណែកគម្រោងទាំង៣ដែលកំពុងដំណើរការសាងសង់រួមមានវារីអគ្គិសនីស្ទឹងតាតៃលើអានុភាព១៥០មេហ្គាវ៉ាត់, វារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព១០០មេហ្គាវ៉ាត់ និងវារីអគ្គិសនីស្ទឹងមេទឹកអានុភាព១៥០មេហ្គាវ៉ាត់៕




អត្ថបទបន្ទាប់


ខណៈដែលប្លុកប្រទេស BRICS សម្រុកទិញចូលមាស បណ្ដាធនាគារលោកខាងលិច បែរជាបន្តលក់ចេញមាស

ប្លុកប្រទេស BRICS និងបណ្ដាសម្ព័ន្ធមិត្តថ្មីៗរបស់ខ្លួនបាននិងកំពុងសម្រុកទិញចូលមាសយ៉ាងសម្បើមមិនធ្លាប់មាន ដែលបានធ្វើឱ្យរង្គោះរង្គើដល់ប្រព័ន្ធហិរញ្…

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ