វិបត្តិនយោបាយនៅបង់ក្លាដែស

តើវិបត្តិនយោបាយនៅបង់ក្លាដែស អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងធ្វើឱ្យទីផ្សារពិភពលោករងការរង្គោះរង្គើយ៉ាងណា?


ប្រទេសបង់ក្លាដែស កំពុងបោះជំហានឈានទៅរកការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីស្ដារស្ថិរភាពឡើងវិញ បន្ទាប់ពីចលនាបាតុកម្មរបស់ពលរដ្ឋបានទម្លាក់លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ពីតំណែងនាយករដ្ឋមន្ត្រី។ បណ្ដាទីផ្សារហិរញ្ញវត្ថុអន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើវិបត្តិនយោបាយនេះ ដើម្បីវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមកលើបង់ក្លាដែស ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ និងវាយនទណ្ឌដ៏ធំបំផុតមួយរបស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
វិបត្តិនយោបាយនៅបង់ក្លាដែស
ដោយ

នៅផ្សារហ៊ុនឥណ្ឌា (NSE India) ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទំនិញប្រើប្រាស់របស់ឥណ្ឌា Marico បានធ្លាក់ចុះដល់ទៅ៦%កាលពីថ្ងៃអង្គារ ទី៧ ខែសីហា ទោះបីជាទីផ្សារឥណ្ឌា ដែលជាប្រទេសក្បែរខាងរបស់បង់ក្លាដែស ដំណើរការល្អជាទូទៅក៏ដោយ។ក្រុមហ៊ុន Marico ជាអ្នកនាំចេញផលិតផលប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ី មជ្ឈិមបូព៌ា និងអាហ្រ្វិក ប៉ុន្តែប្រទេសបង់ក្លាដែស គឺជាទីផ្សារធំមួយរបស់ខ្លួន។ នៅក្នុងឆ្នាំសារពើពន្ធ២០២២ ប្រទេសបង់ក្លាដែស បានគ្របដណ្ដប់រហូតដល់ទៅ៥១%នៃពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន Marico និង១១%នៃការលក់សរុបរបស់ក្រុមហ៊ុននេះ។ តម្លៃភាគហ៊ុនបានធ្លាក់ចុះនេះក្រោយមានក្តីបារម្ភថា ការធ្លាក់ចុះការលក់នៅក្នុងប្រទេសបង់ក្លាដែស នឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ Marico។

ភាពចលាចលផ្នែកនយោបាយរបស់ប្រទេសបង់ក្លាដែស បានចាប់ផ្តើមពីការតវ៉ារបស់ក្រុមនិស្សិតជុំវិញកូតាសម្រាប់ការជ្រើសរើសមន្ត្រីរាជការ ដែលបានឈនទៅដល់ការផ្ទុះមហាបាតុកម្មកាលពីអំឡុងខែកក្កដា។ ការបង្ក្រាបយ៉ាងព្រៃផ្សៃទៅលើក្រុមបាតុករ ដែលបានបណ្ដាលឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងរបួសជាច្រើននាក់ បានឈានទៅដល់ការទម្លាក់លោកស្រី ស្សេក ហាស៊ីណា (Sheikh Hasina) ចេញពីអំណាចតែម្ដង។

សូមបញ្ជាក់ថា សេដ្ឋកិច្ចរបស់បង់ក្លាដែស ដែលបានប្រកាសឯករាជ្យពីប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧១ បានជួបអស្ថិរភាពតាំងពីមុនផ្ទុះបាតុកម្មថ្មីៗនេះទៅទៀត។ កាលពីថ្ងៃទី៣០ ខែកក្កដា ក្រុមហ៊ុនវាយតម្លៃកម្រិតគុណភាពឥណទានពិភពលោក S&P Global Ratings ដែលមានការិយាល័យកណ្ដាលនៅក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានទម្លាក់ចំណាត់ថ្នាក់បំណុលរដ្ឋាភិបាលរយៈពេលវែងរបស់ប្រទេសបង់ក្លាដែស ទាំងបំណុលជារូបិយប័ណ្ណក្នុងស្រុក (តាកា) និងបំណុលជារូបិយប័ណ្ណដុល្លារ។ ក្រុមហ៊ុន S&P Global Ratings បានគូសបញ្ជាក់ថា ការទម្លាក់ចំណាត់ថ្នាក់នេះ គឺដោយសារតែការធ្លាក់ចុះនូវគុណភាពឥណទាន ដែលបានបង្ហាញតាមរយៈការបន្តធ្លាក់ចុះនូវទុនបម្រុងអន្តរជាតិ ពោលគឺមិនមែនដោយសារបាតុកម្មតវ៉ានោះឡើយ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយគណបក្សឆ្ពោះទៅមុខត្រូវបានរំលាយ តើជោគវាសនារបស់សមាជិកសភា១៤៨នាក់របស់គណបក្សនេះនឹងទៅជាយ៉ាងណា?

ព័ត៌មាន
តុលាការថៃបានសម្រេចឱ្យរំលាយគណបក្សឆ្ពោះទៅមុខ ដែលកំពុងមានប្រជាប្រិយភាព ក្រោមបទចោតគណបក្សនេះបានបំពានរដ្ឋធម្មនុញ្ញធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរា…

សម្ដេចធិបតី៖ កម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានឡើយ បើគ្មានធនធានមនុស្សខ្លាំង

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា កម្ពុជានឹងមិនអាចក្លាយជាប្រទេសអ្នកមានបានឡើយ ប្រសិនបើធនធានមនុស្សរបស់កម្ពុជាពុំម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ