វិស័យ SME

តើ SME កម្ពុជា គួរពង្រឹងខ្លួនបែបណា ដើម្បីទប់ទល់នឹងលំហូរចូលទំនិញថោកៗពីបរទេស?


ប្រទេសក្នុងតំបន់ជាច្រើនរួមទាំងកម្ពុជា កំពុងរងការគំរាមកំហែងពីលំហូរចូលទំនិញថោកៗពីប្រទេសចិន ដែលមានការរីកដុះដាលខ្លាំងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមអ្នកជំនាញអះអាងថា ការហូរចូលទំនិញមានតម្លៃថោកៗនេះ បានផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដល់កម្ពុជា។ ផលអវិជ្ជមាន គឺវាបានគំរាមកំហែងដល់ទីផ្សារ និងខ្សែច្រវាក់ផលិតរបស់សហគ្រាសធុនតូច និងធម្យមនៅក្នុងស្រុក ខណៈផលវិជ្ជមានវាជួយកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។ តើរាជរដ្ឋាភិបាលគួរមានវិធានការបែបណា ហើយ SME គួរពង្រឹងខ្លួនបែបណា ដើម្បីទប់ទល់នឹងបញ្ហានេះ?
វិស័យ SME
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលស្គាល់ថា ការហូរចូលទំនិញថោកៗពីបរទេស ជាពិសេសពីប្រទេសចិន មកកាន់ទីផ្សារកម្ពុជា ពិតជាមានការរីកដុះដាលខ្លាំងពិតមែននាពេលបច្ចុប្បន្ននេះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការនាំចូលទំនិញថោកៗនេះ បានផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដល់កម្ពុជា ពោលគឺនៅពេលមានទំនិញច្រើននៅលើទីផ្សារ ប្រជាពលរដ្ឋមានភាពសម្បូរបែបក្នុងការជ្រើសរើស រួមជាមួយគុណភាពនិងតម្លៃសមរម្យជាដើម ប៉ុន្តែទន្ទឹមនឹងនោះវាក៏បានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុកផងដែរ។ តែទោះជាយ៉ាងណាក៏ដោយឯកឧត្តម ហេង សុខគង់ អះអាងថា រាជរដ្ឋាភិបាល ក៏មិនចេះតែអនុញ្ញាត្តឱ្យមានការនាំចូលដោយសេរីនោះដែរ ពោលគឺមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទាំងលើគុណភាព និងស្តង់ដា​ផលិតដែលនាំចូលទាំងនោះ។

​លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានវាយតម្លៃថា កម្ពុជាមិនអាចបិទការនាំចូលទំនិញពីបរទេសនោះទេ ដោយសារកម្ពុជា អនុវត្ត​គោលនយោបាយទីផ្សារសេរី មិនតែប៉ុណ្ណោះការបិទការនាំចូលនេះទៀតសោត វាក៏អាចធ្វើឱ្យមានជម្លោះពាណិជ្ជកម្មរវាងប្រទេសមួយនិងប្រទេសមួយផងដែរ។ ប៉ុន្តែដើម្បីទប់ស្កាត់កុំឱ្យការហូរចូលទំនិញទាំងនោះប៉ះពាល់ដល់ការផលិតរបស់សហគ្រាសនៅក្នុងស្រុក អ្នកជំនាញរូបនេះយល់ថា SME កម្ពុជាត្រូវពង្រឹងសមត្ថភាពផលិតរបស់ខ្លួនឱ្យបានខ្ពស់ និងមានភាពប្រកួតប្រជែងជាងមុនទាំងគុណភាព និងតម្លៃផងដែរ។

​សូមជម្រាបថា នៅក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង៣១ពាន់លានដុល្លារ មានការកើនឡើងប្រមាណ១៥%។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង១៤ពាន់លានដុល្លារ មានការកើនឡើង១៤% ខណៈការនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង១៦ពាន់លានដុល្លារ កើនឡើងជិត១៦%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីផ្សារភាគហ៊ុនកម្ពុជា នឹងមានការប្រែប្រួលបែបណា ប្រសិនបើអាម៉េរិក បញ្ចុះអត្រាការប្រាក់?

ព័ត៌មាន
ប្រសិនបើមិនមានការប្រែប្រួលទេ ធនាគារកណ្ដាលធំៗនៅលើពិភពលោក ជាពិសេសធនាគារកណ្តាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់នៅចន្លោះពីខែកញ្ញា ដល់ខែធ្នូ …

ហ្វីលីពីន ប្ដេជ្ញាជួយជំរុញការវិនិយោគលើវិស័យស្រូវ អង្ករ និងម្រេចនៅកម្ពុជា ដើម្បីនាំចេញទៅហ្វីលីពីន

ព័ត៌មាន
ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំនៅកម្ពុជា ប្តេជ្ញាជួយជំរុញការវិនិយោគលើវិស័យស្រូវអង្ករ និងម្រេចនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារហ្វីលីពីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ