ស្ថាប័នរដ្ឋ និងឯកជនចំនួនពីរចាប់ដៃគ្នា

និយ័តករមូលបត្រកម្ពុជាចាប់ដៃគ្នាជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យភាគហ៊ុននៅកម្ពុជា


និយ័តករមូលបត្រកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាស្ដីពី«កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជារំពឹងថា ក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នានេះ វិនិយោគិនជាមាជិកសមាគមទាំងអស់នឹងអាចយល់ដឹងកាន់តែច្បាស់ពីកាលានុវត្តភាពរបស់វិស័យមូលបត្រកម្ពុជា ដើម្បីឈានទៅចាប់យកឱកាសវិនិយោគក្នុងវិស័យមូលបត្រ និងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែម។
និយ័តករមូលបត្រកម្ពុជា
ដោយ

នាពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងនិយ័តករមូលបត្រកម្ពុជាជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានចាត់ទុកការចាប់ដៃគ្នានេះ គឺជាការបើកទំព័រថ្មីសម្រាប់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាក្នុងការផ្តល់ឱកាសដល់សមាជិករបស់ខ្លួន ដើម្បីទទួលបាននូវការយល់ដឹង និងចូលរួមនៅក្នុងវិស័យមូលបត្រនៅកម្ពុជា ដែលជាវិស័យសំខាន់មួយនៅក្នុងចំណោមវិស័យហិរញ្ញវត្ថុដ៏ទៃទៀត ដែលជាចលករដ៏សំខាន់នៅក្នុងរបត់ថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច និងបានកំពុងបោះជំហានទៅមុខជាលំដាប់។ ទន្ទឹមនេះ អ្នកឧកញ៉ា លី ឃុនថៃ រំពឹងថា តាមរយៈការភាពជាដៃគ្នានេះ វាក៏ជាឱកាសសម្រាប់វិនិយោគិនដែលជាសមាជិកសមាគមទាំងអស់ អាចពង្រីកមុខជំនួញរបស់ពួកគេបានកាន់តែធំ ដើម្បីឡើងផ្សារភាគហ៊ុនផងដែរ ដ្បិតថាផ្សារមូលបត្រ គឺជាថ្នាលមួយសម្រាប់ជួយពង្រឹងដល់ចរន្តសាច់ប្រាក់របស់ក្រុមហ៊ុនបានកាន់តែលឿន ដើម្បីពង្រីកការវិនិយោគបន្ថែម។

ជាមួយគ្នានេះឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាប្រភពនៃឱកាសសម្រាប់ការសិក្សារៀនសូត្រពីវិស័យហិរញ្ញវត្ថុ និងជាប្រភពឱកាសសម្រាប់ការវិនិយោគផ្ទាល់ផងដែរ ពោលគឺជាវិស័យមួយដែលអនុញ្ញាតឱ្យអ្នកវិនិយោគពីគ្រប់ប្រភពទាំងអស់អាចធ្វើពិពិធកម្មការវិនិយោគដើម្បីបង្កើននូវចំណូលបន្ថែម និងគ្រប់គ្រងហានិភ័យរបស់ខ្លួនផងដែរ។ ឯកឧត្តម ស៊ូ សុជាតិ បានបន្ថែមថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលប្រមូលផ្តុំទៅដោយអ្នកវិនិយោគជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុកនាពេលនេះ គឺបានបង្ហាញឱ្យឃើញថា វិស័យមូលបត្រកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការជួយជ្រុំជ្រែងដល់អ្នកវិនិយោគទាំងអស់ នៅក្នុងការធ្វើពិពិធកម្មនៃការវិនោយោគ និងគ្រប់គ្រងហានិភ័យរបស់ពួកគេ ក្នុងទិសដៅធ្វើយ៉ាងណាដើម្បីជំរុញការអភិវឌ្ឍវិស័យហរិញ្ញវត្ថុកម្ពុជា និងការរីកចម្រើនសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនសរុបចំនួន២៣ បានចុះបញ្ជីលក់មូលបត្រនៅលើផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមានក្រុមហ៊ុនចំនួន១២ បានចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណ) ជាមួយគ្នានេះក្រុមហ៊ុនទាំង២៣នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារក្នុងរង្វង់ប្រមាណជិត៤រយលានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើព្រឹត្តិការណ៍ Gumball 3000 បានផ្ដល់ផលចំណេញអ្វីខ្លះដល់វិស័យទេសចរណ៍របស់កម្ពុជា?

ព័ត៌មាន
ព្រឹត្តិការណ៍ Gumball 3000 ដែលរៀបចំធ្វើឡើងនៅកម្ពុជា ត្រូវបានគេសង្កេតឃើញថា មានការចូលរួមពីបុគ្គលល្បីៗ និងក្រុមសេដ្ឋីៗជាច្រើននាក់មកពីជុំវិ…

ក្រសួងការបរទេសកម្ពុជាអះអាងថា ទោះបីស៊ុយអែតបិទការិយាល័យស្ថានទូតនៅភ្នំពេញ តែស្ថានកុងស៊ុលនៅតែបន្តដំណើរការ

ព័ត៌មាន
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីបំភ្លឺនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា ថ្វីត្បិតមានការបិទការិយាល័យស្ថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ