ធនាគារកសិកម្មរុស្សីអាចចូលប្រើប្រព័ន្ធផ្ទេរប្រាក់ SWIFTវិញហើយ?

UN ប្រាប់ទីក្រុងម៉ូស្គូថា ធនាគារកសិកម្មរុស្សីអាចចូលប្រើប្រព័ន្ធទូទាត់ប្រាក់ SWIFT ក្នុងរយៈពេល៣០ថ្ងៃទៀត


ធនាគារបុត្រសម្ព័ន្ធរបស់ធនាគារកសិកម្មរុស្សីមួយ នៅក្នុងប្រទេសលុចសំបួ អាចដាក់ពាក្យទៅកាន់ប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT ភ្លាមៗ ដើម្បីសុំ «ចូលបើកដំណើរការ ប្រកបដោយប្រសិទ្ធភាព» ក្នុងរយៈពេល៣០ថ្ងៃខាងមុខនេះ។ នេះបើតាមអង្គការសហប្រជាជាតិដែលបានប្រាប់រុស្ស៊ីនៅក្នុងសំបុត្រមួយដែលចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ធនាគារកសិកម្មរុស្សីអាចចូលប្រើប្រព័ន្ធផ្ទេរប្រាក់ SWIFTវិញហើយ?
ដោយ

ការអនុញ្ញាតឲ្យធនាគារកសិកម្មរុស្ស៊ី អាចចូលទៅប្រើប្រាស់ប្រព័ន្ធ SWIFT ឡើងវិញ គឺយន្ដការបើកផ្លូវមួយរបស់អង្គការសហប្រជាជាតិដើម្បី ទាញរុស្ស៊ីឲ្យចូលមកក្នុងកិច្ចព្រមព្រៀងសមុទ្រខ្មៅឡើងវិញ។


អគ្គលេខាធិការសហប្រជាជាតិលោក អង់តូញ៉ូ ហ្គូធឺរ៉េស បានប្រាប់រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ថ្មីៗនេះថា ស្ថាប័នប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT បានបញ្ជាក់ថា ធនាគារ RSHB Capital S.A. ជាបុត្រសម្ពន្ធនៃធនាគារកសិកម្មរបស់រុស្ស៊ីមានមូលដ្ឋាននៅប្រទេសលុចសំបួនឹងមានសិទ្ធិស្នើសុំសមាជិកភាព និងការចូលទៅប្រើប្រព័ន្ធ SWIFT ឡើងវិញ សម្រាប់ប្រតិបត្តិការទាក់ទងនឹងពាណិជ្ជកម្មអាហារ និងជី ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ដែលជាអ្នកបោះផ្សាយលក់មូលបត្របំណុល។


លោក ហ្គូធឺរ៉េស បានដាក់ចេញវិធានការចំនួន៤ ដែលអង្គការសហប្រជាជាតិអាចជួយសម្រួលដល់ការកែលម្អការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ក្នុងបំណងបញ្ចុះបញ្ចូលទីក្រុងមូស្គូឱ្យវិលទៅរកកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដោយសុវត្ថិភាពតាមច្រកសមុទ្រខ្មៅ។

លោក ហ្គូធឺរ៉េស បានប្រាប់លោក ឡាវរ៉ូវ ថា អង្គការសហប្រជាជាតិ បានត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការទាំងអស់នេះ «ដោយផ្អែកលើការយោគយល់គ្នាយ៉ាងច្បាស់ថា ការសម្រេចដាក់ចេញវិធានការទាំងនេះ នឹងនាំឱ្យសហព័ន្ធរុស្ស៊ីអាចវិលទៅរកគំនិតផ្តួចផ្តើមសមុទ្រខ្មៅ និងការបន្តប្រតិបត្តិការពេញលេញឡើងវិញ។


ក្រសួងការបរទេសរុស្ស៊ីបានសម្តែងការសង្ស័យនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្ដាហ៍មុន ចំពោះសំណើរបស់លោក ហ្គូធឺរ៉េស ដោយនិយាយថា ជំនួសឱ្យការលើកលែងជាក់ស្តែងពីទណ្ឌកម្ម អ្វីទាំងអស់ដែលរុស្ស៊ីទទួលបាន គឺជាការសន្យាថ្មីមួយពីលេខាធិការដ្ឋាន សហប្រជាជាតិ ហើយថាសំណើថ្មីៗទាំងនេះ មិនមានធាតុថ្មីណាមួយឡើយ ដូច្នេះហើយវាមិនអាចធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើឱ្យមានវឌ្ឍនភាព ជាក់ស្តែង ណាមួយ ដើម្បីឲ្យរុស្ស៊ីវិលទៅរកកិច្ចព្រមព្រៀងសមុទ្រខ្មៅឡើងវិញដូចមុនបានឡើយ។


សូមរំលឹកថា ប្រទេសរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនេះ នៅក្នុងខែកក្កដា គឺក្រោយពេល១ឆ្នាំបន្ទាប់ពីសហប្រជាជាតិ និងប្រទេសតួកគី បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងនេះឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិស្បៀងអាហារពិភពលោក ដែលសហប្រជាជាតិនិយាយថា វាកាន់តែអាក្រក់ទៅៗ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន តាំងពីខែកុម្ភ ឆ្នាំ២០២២ ខណៈដែលអ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិឈានមុខគេនៅក្នុងពិភពលោក៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


វិនិយោគិនធំៗកាត់បន្ថយការវិនិយោគលើធនាគារថ្នាក់តំបន់ក្នុងទីផ្សារចិន ខណៈឥណទានមិនដំណើរការកើនឡើង

ព័ត៌មាន
ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនវិនិយោគធំៗចំពោះធនាគារក្នុងតំបន់របស់ចិនបានធ្លាក់ចុះ ខណៈដែលឥណទានខូច ឬឥណទានមិនដំណើរការ កំពុងតែកើនឡើង នៅត…

រុស្ស៊ីចាត់ទុកប្រទេសឡាវ ជាភ្ញៀវកំពូលនៅក្នុងវេទិកាសេដ្ឋកិច្ច ដែលនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ

ព័ត៌មាន
រុស្ស៊ីបាននិយាយកាលពីថ្ងៃទី៩ខែកញ្ញាថា ភ្ញៀវបរទេសកំពូលនៅក្នុងវេទិកាសេដ្ឋកិច្ច ដែលនឹងរៀបធ្វើឡើងនៅទីក្រុង វ្លាដីវូស្តុក (Vladivostok) នៅសប្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ