បក្សកុម្មុយនីស្តវៀតណាម

តើអ្នកណានឹងក្លាយជាជនទី១ នៃបក្សកុម្មុយនីស្តវៀតណាមបន្តពីលោក ឃ្វៀន ភូជុង?


លោក ឃ្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់ប្រជាជាតិ ជាង១០០លាននាក់ នៅអាស៊ីអគ្នេយ៍ បានទទួលមរណភាពនៅអាយុ៨០ឆ្នាំ បន្ទាប់ពីដឹកនាំ ប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំ។ នៅពេលនេះគេនៅមិនដឹងថា តើនរណានឹងក្លាយជាអ្នកបន្តវេនដឹកនាំវៀតណាមបន្តនៅឡើយទេ ប៉ុន្តែគេគិតថា អ្នកមានសក្តានុពលបំផុតនៅពេលនេះ គឺលោក តូ ឡឹម ដែលជាប្រធានាធិបតីរបស់ប្រទេសនេះ។ តើអ្នកណានឹងក្លាយជាជនទីមួយនៃបក្សកុម្មុយនីស្តវៀតណាម បន្តពីលោក ឃ្វៀន ភូជុង?
បក្សកុម្មុយនីស្តវៀតណាម
ដោយ

លោក តូ ឡឹម ប្រធានាធិបតីវៀតណាមបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា ជាឥស្សរជនដ៏លេចធ្លោ និងមានសក្តានុពលមួយរូប ក្នុងការក្លាយជាអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម បន្ទាប់ពីលោក ឃ្វៀន ភូជុង មេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម ដែលបានទទួលមរណភាពកាលពីសុក្រ សប្តាហ៍មុន។ នៅក្នុងប្រព័ន្ធដឹកនាំនៅវៀតណាម ជនដែលមានអំណាចកំពូលរបស់ប្រទេស គឺអគ្គលេខា​ធិការបក្ស កុម្មុយនីស បន្ទាប់មកគឺប្រធានាធិបតី ប្រធានសភា និងនាយករដ្ឋមន្រ្តី ហើយនៅពេលនេះ សារព័ត៌មាន ធំៗ គឺបានសម្លឹងឃើញថា បេក្ខជនដែលអាចបន្តវេនទំនងជាលោក តូ ឡឹម ដែលជាជនលេខ២នៅក្នុងប្រទេស។

ក្រោយពេលលោក ភូជុង បានបង្រួបបង្រួមអំណាចទៅក្នុងដៃរបស់លោកក្នុងអំឡុងពេលកាន់តំណែង១៣ឆ្នាំ តាមរយៈការធ្វើឲ្យសសរស្តម្ភនៃអំណាចទាំង៤នៅក្រោមដៃរបស់ខ្លួន លោក តូ ឡឹម ត្រូវបានគេដឹងថា គឺជាជនដែលលេចធ្លោបំផុតហើយអាចជាអ្នកដែលមានឥទ្ធិពលនៅក្នុងការរួមដៃជាមួយនឹងលោក ជុង ដើម្បីសម្អាតអំពើពុករលួយ ហើយក៏អាចថា ជាការសម្អាតខ្សែបន្ទាត់នយោបាយនៅក្នុងប្រទេស។ លោក តូ ឡឹម ដែលជាមន្រ្តីផ្នែកសន្តិសុខសាធារណៈដ៏ជំនាញហើយបានធំធាត់រហូតក្លាយជារដ្ឋមន្រ្តី រហូតមានការគាំទ្រឲ្យក្លាយជាប្រធានាធិបតី គឺជាតារាដែលកំពុងរះនៅក្នុងបក្ស។

លោក ឃ្វៀន ខាច់ យ៉ាង ( Nguyen Khac Giang) អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Iseas-Yusof Ishak ដែលមានមូលដ្ឋាននៅសិង្ហបុរី បានមានលើកឡើងថា វៀតណាមកំពុងស្ថិតក្នុងអំឡុងពេលមិនច្បាស់លាស់នៃការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ។ លោកបានអះអាងថា លោកប្រធានាធិបតី តូ ឡឹម ដែលត្រូវបានតែងតាំងជាអ្នកដឹកនាំបក្សបណ្តោះអាសន្នកាលពីពេលថ្មីៗ គឺជាអ្នកនាំមុខមួយរូបក្នុងការស្នងតំណែងពីលោក ភូជុង នៅក្នុងមហាសន្និបាតបក្សដែលគេគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ ខាងមុខ។ លោកជឿជាក់ថា លោក តូ ឡឹម ដែលកាន់តំណែងពីរក្នុងពេលដំណាលគ្នានឹងនាំឱ្យមានការព្រួយបារម្ភបន្ថែមទៀតជុំវិញការបង្រួបបង្រួមអំណាចនៅវៀតណាមបន្តទៀត។

លោក ភូជុង ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម បន្ទាប់ពីលោក ហូជីមិញ បានបូជាជីវិតមក។ លោក ភូជុង បានក្លាយជាអគ្គលេខាធិកាបក្សកុម្មុយនីស្តវៀតណាម តាំងពីឆ្នាំ២០១១ ហើយបានក្លាយជាប្រធានាធិបតី នៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដោយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទាក់ទាញវិនិយោគបរទេសរាប់ពាន់លានដុល្លារពីក្រុមហ៊ុននានាជុំវិញពិភពលោក ។ លោក បានក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនដូចជា Apple និង Samsung ជាដើម។

លោក ភូជុង ក៏ជាស្ថាបនិកនាំឱ្យមានតុល្យភាពទំនាក់ទំនងរវាងទីក្រុងហាណូយជាមួយប្រទេសមហាអំណាចពិភពលោក ដោយរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។ លោកបានបង្រួបបង្រួមទំនាក់ទំនងជាមួយអតីតសត្រូវរបស់វៀតណាម គឺសហរដ្ឋអាម៉េរិក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូត៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ថៃ និងវៀតណាមក្លាយជាទីផ្សារអាជីវកម្មអនឡាញ ឬ E-Commerce រីកចម្រើនឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍

របាយការណ៍ថ្មីមួយបង្ហាញថា ប្រទេសវៀតណាម និងប្រទេសថៃ ដែលសុទ្ធតែជាប់ភូមិផងរបងជាមួយកម្ពុជា បានក្លាយជាទីផ្សារអាជីវកម្មអនឡាញ ឬ E-Commerce រី…

ក្រុមហ៊ុនអាកាសចរណ៍ខាតរាប់លានដុល្លារដោយសារការដាច់ប្រព័ន្ធបច្ចេកវិទ្យាជាសកល និងប្រកាសទាមទារសំណង

ការដាច់ប្រព័ន្ធ IT របស់ក្រុមហ៊ុន Microsoft ជាសកល កាលពីចុងសប្តាហ៍មុនបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោកខាតបង់រាប់លានដុល្លារ និងបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ