អ្នកនាង ថាវ ស្រពៅ អ្នកបម្រើការងារក្នុងវិស័យកសិ-ឧស្សាហកម្ម ចេក និងកៅស៊ូ នៅក្រុមហ៊ុនមួយស្ថិតក្នុងខេត្តក្រចេះបានឱ្យដឹងថា ការបម្រើការនៅក្នុងវិស័យកសិ-ឧស្សាហកម្ម នៅតែជួបបញ្ហាក្នុងការទទួលបាននូវអត្ថប្រយោជន៍នានា ដោយសារតែភាគីខាងក្រុមហ៊ុនពុំបានអនុវត្តតាមច្បាប់ដូចអ្នកធ្វើការក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនោះទេ។ អ្នកធ្វើការងារក្នុងវិស័យកសិ-ឧស្សាហកម្មរូបនេះ ស្នើឱ្យអ្នកពាក់ព័ន្ធគិតគូរលើសុខុមាលភាពរបស់កម្មករតាមរយៈការផ្តល់ប័ណ្ណ ប ស ស សម្រាប់ប្រើប្រាស់ និងការផ្ដល់អត្ថប្រយោជន៍ការងារតាមច្បាប់ជូនដល់ពួកគេ។
ពាក់ព័ន្ធនឹងបញ្ហានេះលោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បានឱ្យដឹងថា កម្មករបម្រើការងារក្នុងវិស័យកសិ-ឧស្សាហកម្ម ចេក និងកៅស៊ូ កំពុងជួបប្រទះនូវបញ្ហាលក្ខខណ្ឌការងារដែលខុសគ្នាពីវិស័យដទៃទៀត។ បើតាមថ្នាក់ដឹកនាំអង្គការ CCC ប្រាក់ឈ្នួលដែលកម្មករទទួលបាន គឺអាស្រ័យលើការកំណត់ពីម្ចាស់ចម្ការ ពោលគឺពុំទាន់មានការកំណត់តាមច្បាប់នោះទេ ខណៈកម្មករដែលធ្វើការងារក្នុងវិស័យកសិ-ឧស្សាហកម្ម ចេក និងកៅស៊ូ កំពុងត្រូវការការគាំពារ និងការថែរក្សាសុខភាព ព្រមទាំងការទទួលបានសិទ្ធការងារសមរម្យតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះ លោក ខៀវ សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា នាពេលកន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់កម្មករ ដែលបម្រើការងារនៅក្នុងវិស័យកសិ-ឧស្សាហកម្មនៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ នៅក្នុងអំឡុងពេលចុះទៅដោះស្រាយបញ្ហាជូនកម្មករនៅក្នុងខេត្តទាំង៤នេះ ក្រុមមន្រ្តីអធិការកិច្ចបានណែនាំដល់បណ្ដាក្រុមហ៊ុន ដែលពុំទាន់មានលក្ខខណ្ឌការងារល្អ ត្រូវកែសម្រួលលក្ខខណ្ឌការងារឡើងវិញ។
ជាមួយគ្នានេះលោក ខៀវ សាវុធ បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់តែក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបប៉ុណ្ណោះ ពោលគឺពុំទាន់បានកំណត់នៅក្នុងវិស័យកសិ-ឧស្សាហកម្ម និងវិស័យផ្សេងទៀតនៅឡើយទេ។ តែយ៉ាងណាលោកជឿជាក់ថា នៅពេលណាមួយរដ្ឋាភិបាលនឹងគិតគូរលើបញ្ហានេះ។ ទន្ទឹមនេះ អគ្គនាយករងរូបនេះអះអាងថា បុគ្គលិក កម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុនភាគច្រើន គឺមានប័ណ្ណ ប ស ស សម្រាប់ប្រើប្រាស់ស្ទើតែទាំងអស់ទៅហើយ ហើយក្រសួងនឹងបន្តធ្វើការជាមួយក្រុមហ៊ុន ដែលមិនទាន់បានបំពេញលក្ខខណ្ឌកំណត់បន្ថែមទៀត។
សូមបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាប្រឈមទាំងនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិល និងក្រសួងស្ថាប័នពាក់ព័ន្ធនានាលើកយកមកពិភាក្សាគ្នានៅក្នុងកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពីប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរ សម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ផលិតកម្មចេក និងកៅស៊ូ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងរំពឹងថា កិច្ចសន្ទនានេះនឹងអាចរកដំណោះស្រាយរួមមួយដ៏ល្អដល់កម្មករនៅក្នុងវិស័យកសិ-ឧស្សាហកម្មនេះ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា