អគ្គនាយកដ្ឋានពន្ធដារ

ពន្ធដារនឹងពង្រឹងការចុះបញ្ជី និងចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្របន្ថែមទៀត


ដើម្បីបង្កើនប្រសិទ្ធភាព និងជំរុញកំណើននៃការប្រមូលពន្ធអាករឲ្យកាន់តែប្រសើរបន្ថែមទៀត អគ្គនាយកដ្ឋានពន្ធដារ អះអាងថា នឹងពង្រឹងការចុះបញ្ជីក្រុមហ៊ុន សហគ្រាស និងបន្តចុះត្រួតពិនិត្យតាមរោងចក្រផលិតជាក់ស្តែងនៅទូទាំងប្រទេសបន្ថែមទៀត។
ពន្ធដារនឹងពង្រឹងការចុះបញ្ជី និងចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្របន្ថែមទៀត
ដោយ

ការអះអាងបែបនេះ នៅចំពេលដែល ចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ មានកំណើនជាបន្ដបន្ទាប់ តួយ៉ាង នៅ៤ខែដើមឆ្នាំនេះ ស្ថាប័នដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយនេះ ប្រមូលចំណូលបានជិត ១ពាន់៦រយលានដុល្លារអាមេរិក ស្មើនឹងជាង៤៤% នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៣។

បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារចំណូលពន្ធនេះត្រូវបានជំរុញដោយស្ថានភាពនៃការប្រមូលចំណូលពន្ធកាលពីត្រីមាសទី១ដែលមានការហក់ឡើងខ្ពស់។ ប៉ុន្តែចំនួននេះហាក់មានការថមថយបើធៀបនឹងការប្រមូលចំណូលពន្ធក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារបានជំរុញមន្ត្រីពន្ធដារពង្រឹងការចុះបញ្ជីក្រុមហ៊ុន សហគ្រាស និងសិប្បកម្មឲ្យបានសុក្រិតបន្ថែមទៀត តាមរយៈការធ្វើបច្ចុប្បន្នភាពតាមក្រុមហ៊ុន និងសហគ្រាល ដែលបានចុះបញ្ជីរួចនៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើឲ្យមានភាពសុក្រិតក្នុងការចុះបញ្ជីរបស់ក្រុមហ៊ុន សហគ្រាស គឺមានភាពស្មុគស្មាញ និងមានបញ្ហាប្រឈមច្រើន ដោយសារសហគ្រាសខ្លះចង់ចុះបញ្ជី ប៉ុន្តែមានចេតនាគេចវេះការបង់ពន្ធជាលក្ខណៈប្រព័ន្ធ ខណៈខ្លះមិនចង់ចុះបញ្ជី ប៉ុន្តែមានកម្រិតផលរបរ ដែលត្រូវមានកាតព្វកិច្ចចុះបញ្ជី។

ទន្ទឹមនឹងនេះឯកឧត្តមជំរុញឲ្យមន្ត្រីបន្តចុះត្រួតពិនិត្យជាក់ស្ដែងតាមរោងចក្រ ដើម្បីតាមដាន និងថែទាំបណ្តាញ និងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក ហើយក្នុងករណីរកឃើញមានករណីគេចវេះ និងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ ត្រូវចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យនេះ និងនិរន្តរភាព ចំណូលពន្ធដែលជាគុណប្រយោជន៍នៃថវិកាជាតិ។

ការជំរុញបែបនេះធ្វើឡើងក្រោយឯកឧត្តមសង្កេតឃើញថា ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារនៅក្នុងរយៈពេល៤ខែឆ្នាំ២០២៣ សម្រេចបានជិត១ពាន់៦រយលានដុល្លារ ដែលស្មើនឹងជាង ៤៤% នៃផែនការកំណត់ ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ក្នុងនោះមួយផ្នែកនៃចំណូលពន្ធបានមកពីការប្រកាស និងបង់ពន្ធលើប្រាក់ចំណូលបន្តកាលពីឆ្នាំ២០២២។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម គង់ វិបុល ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល៤ខែឆ្នាំ២០២៣ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ហើយដែលជារដូវកាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២។

សូមបញ្ជាក់ជូនផងដែរថា តាមផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង ៣ពាន់៥រយលានដុល្លារ ដែលមានការកើនឡើងជាង២៦% បើធៀបនឹង ផែនការឆ្នាំ២០២២៕




អត្ថបទបន្ទាប់


មេបក្សទើបឈ្នះការបោះឆ្នោតថ្មីរបស់ថៃ លោក ភីថា លីមចារឿនរ៉ាត់ ប្តេជ្ញានឹង «បន្សាបអំណាចយោធា»

ព័ត៌មាន
ក្រោយឈ្នះឆ្នោតភ្លូកទឹកភ្លូកដី គណបក្សឆ្ពោះទៅមុខ បានទទួល ១៥១ អាសនៈ នៅក្នុងរដ្ឋសភា។ លោក ភីថា លីមចារឿនរ៉ាត់ ដែលជាមេដឹកនាំនៃគណបក្សនេះ និងជា…

រដ្ឋម៉ុនតាណា ក្លាយជារដ្ឋអាមេរិកដំបូងគេ ដែលហាមប្រាមការប្រើប្រាស់កម្មវិធីបណ្តាញសង្គម TikTok

ព័ត៌មាន
អភិបាលរដ្ឋម៉ុនតាណា លោក ហ្គ្រេក ចាយអ៊ឹនហ្វ័រតេ កាលពីថ្ងៃពុធ ទី១៧ឧសភា បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីហាមការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ