អគ្គនាយកដ្ឋានពន្ធដារ

ចំណូលពន្ធដារប្រមូលបានជាង៣ពាន់លានដុល្លារ នៅតែរក្សាបានកំណើនវិជ្ជមាន


ទោះស្ថិតក្នុងបដិការដ៏លំបាកនៃវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី ប៉ុន្តែការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារនៅក្នុងឆ្នាំ២០២៣នេះ នៅតែរក្សាបាននូវកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី៣០ខែតុលា ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ៣ពាន់លានដុល្លារ ស្មើនឹងជិត៨៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដារ
ដោយ

នាកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ឆ្នាំនេះអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករបានជាង២ពាន់៨រយលានដុល្លារ ស្មើនឹងជាង៧៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ប៉ុន្តែបើគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករបានជាង៣ពាន់លានដុល្លារ ស្មើនឹងជិត៨៦% នៃច្បាប់គ្រប់គ្រងថ្នាក់ថវិកាសម្រាប់ឆ្នាំនេះ។

តាមរយៈលទ្ធផលដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាននៅពេលនេះ អាចសបញ្ជាក់ឱ្យឃើញថា បញ្ហាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ដំណើរការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជានោះទេ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរសម្រាប់រយៈពេល៩ខែ ឆ្នាំ២០២៣នេះ។

បន្ថែមលើនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍គន្លឹះ និងណែនាំសម្រាប់ជាទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារមួយចំនួនផងដែរ សំដៅពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជន ក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីពន្ធដារជាដើម។

សូមជម្រាបថា បើតាមការអះអាងរបស់ឯកឧត្តម គង់ វិបុល នាពេលកន្លងមក អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង៣ពាន់៥រយលានដុល្លារនៅក្នុងឆ្នាំ២០២៣ នេះ ដែលមានការកើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានជាង៤ពាន់លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេក្រុមហ៊ុន Samsung ប្តេជ្ញារកឲ្យបាន ៥៧ពាន់លានដុល្លារពីការនាំចេញផលិតផលរបស់ខ្លួននៅវៀតណាមក្នុងឆ្នាំនេះ

ព័ត៌មាន
ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung Group លោក Park Hark Kyu បានបញ្ជាក់ច្បាស់ៗប្រាប់នាយករដ្ឋមន្ត្រីវៀតណាមលោក ផា…

ហេតុអ្វីកសិករពាក់កណ្តាលក្នុងចំណោម៦០% ដែលផ្អាកការចិញ្ចឹមត្រី ងាកមកចិញ្ចឹមត្រីឡើងវិញ?

ព័ត៌មាន
កសិករមួយចំនួនដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជា បានចាប់ផ្ដើមចិញ្ចឹមត្រីបែបពាណិជ្ជកម្មឡើងវិញជាបណ្ដើរៗហើយ បន្ទាប់ពីពួកគេបានផ្អាក និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ