អគ្គនាយកដ្ឋានពន្ធដារ

មេពន្ធដារជំរុញឱ្យលុបបំបាត់សកម្មភាពចុះបញ្ជីក្លែងក្លាយ ក្រោយការប្រកាសបង់ពន្ធនៅមានភាពខ្វះចន្លោះច្រើន


មេពន្ធដារអំពាវនាវដល់ភាគីពាក់ព័ន្ធត្រូវសហការគ្នាធ្វើយ៉ាងណាលុបបំបាត់ឱ្យបាននូវរាល់សកម្មភាពចុះបញ្ជីក្លែងក្លាយរបស់ក្រុមហ៊ុនខ្មោចមួយចំនួន ដែលក្រុមហ៊ុនប្រភេទនេះបាននិងកំពុងធ្វើរាំងស្ទះដល់ការរីកចម្រើននៃប្រទេសជាតិ។
អគ្គនាយកដ្ឋានពន្ធដារ
ដោយ

ការអំពាវនាវនេះធ្វើឡើងក្រោយអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញមានការចុះបញ្ជីរបស់សហគ្រាសមួយចំនួន ដែលមិនមានពិតប្រាកដ និងក្លែងបន្លំ ដើម្បីធ្វើអាជីវកម្មដោយមិនបង់ពន្ធ។ ទន្ទឹមនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏ស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមពង្រឹងនូវអភិបាលកិច្ចល្អឱ្យបានត្រឹមត្រូវផងដែរ ខណៈកាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញមានការប្រកាសបង់ពន្ធរបស់ក្រុមហ៊ុនសហគ្រាសមួយចំនួនមានការខ្វះចន្លោះច្រើន។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ» នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ តែងតែចង់ឃើញមានសហគ្រាសថ្មីមកចុះបញ្ជីឱ្យបានច្រើន ដ្បិតថា វាឆ្លុះបញ្ចាំងពីការរីកចម្រើននៃកំណើនសេដ្ឋកិច្ចជាតិ។

ការលើកឡើងបែបនេះរបស់មេពន្ធដារ ធ្វើឡើងក្រោយកន្លងមកមានការលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារមិនឯកភាពលើការចុះបញ្ជីឱ្យសហគ្រាសថ្មីៗ។ តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះអះអាងថា ការចុះបញ្ជីរបស់សហគ្រាសមួយចំនួនហាក់មានភាពមិនប្រក្រតី ពោលគឺចុះបញ្ជីក្លែងបន្លំ ដើម្បីយកឈ្មោះធ្វើអាជីវកម្មគេចវេសពីការបង់ពន្ធ។ យ៉ាងណាក៏ដោយ ឯកឧត្តម គង់ វិបុល ជំរុញលុបបំបាត់រាល់សកម្មភាពចុះបញ្ជីក្លែងក្លាយរបស់ក្រុមហ៊ុនខ្មោចទាំងនោះ។

​សម្រាប់ឯកឧត្តម គង់ វិបុល ការពង្រឹងអភិបាលកិច្ចល្អ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពង្រឹងការគ្រប់គ្រងការប្រមូលចំណូលពន្ធ តែវាទាមទារឱ្យមានការចូលរួមទាំងស្ថានប័នរដ្ឋ និងសាជីវកម្មផ្ទាល់។

ជាក់ស្តែងពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានរកឃើញនូវភាពខ្វះចន្លោះជាច្រើនលើការដាក់ប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមួយចំនួន ដូច្នេះហើយ ឯកឧត្តម លើកទឹកចិត្តឱ្យម្ចាស់សហគ្រាស អាជីវកម្មទាំងអស់ ត្រូវដាក់លិខិតប្រកាសពន្ធឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការធ្វើសាវនកម្ម និងត្រួតពិនិត្យណាមួយ ដែលអាចឈានឱ្យមានការផាកពិន័យផ្សេងៗ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំរូបនេះ ក៏បានណែនាំដល់ភ្នាក់ងារ និងមន្ត្រីពន្ធដារទាំងអស់ត្រូវពង្រឹងភាពស្មោះត្រង់ និងក្រមសីលធម៌របស់ខ្លួនឱ្យបានត្រឹមត្រូវផងដែរ។

​សូមជម្រាបថា នៅពីរខែដំបូងដើមឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជិត ៥៥០លានដុល្លារ ស្មើនឹងជាង១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤ ដែលតម្រូវឱ្យប្រមូលឱ្យបានប្រមាណ៤ពាន់១៦៤លានដុល្លារ ដែលចំនួននេះមានកំណើនជិត ២០% បើធៀបនឹងផែនការកាលពីឆ្នាំ២០២៣៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរសម្រេចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករនិយោជិតជាង៤ពាន់នាក់ នៅរោងចក្រ Y & W ដើម្បីបញ្ចប់ការតវ៉ា

ព័ត៌មាន
កម្មករនិយោជិតប្រមាណ៤ពាន់៥រយនាក់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន នឹងទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅក្នុងសប្ដាហ៍នេះ ក្រោយអ…

ការប្រើប្រាស់ប្រាក់រៀលមានកំណើនរង្វង់១៥%ក្នុង១ឆ្នាំ នៅពីរទសវត្សរ៍ចុងក្រោយ តែការប្រើប្រាស់ប្រាក់ដុល្លារនៅតែមានកម្រិតខ្ពស់

ព័ត៌មាន
ក្រោយកម្ពុជាអាចរក្សាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ