ការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ

ការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ នៅតែបន្តធ្លាក់ចុះខ្លាំង នៅ២ខែដំបូងឆ្នាំនេះ


ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ នៅតែបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅរយៈពេល២ខែដំបូង ឆ្នាំ២០២៣នេះ។ ជាក់ស្តែង កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិសរុបជាង ៦ពាន់៨រយលានដុល្លារ ធ្លាក់ចុះជិត ២២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ទាំងទំហំនៃការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានសម្រេចបានទំហំទឹកប្រាក់ជាង ៣ពាន់២រយលានដុល្លារ ធ្លាក់ចុះ ៨,៦% ខណៈការនាំចូលវិញមានជាង ៣ពាន់៥រយលានដុល្លារ ធ្លាក់ចុះជិត៣១%។ នេះបើតាមតួលខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ ធ្លាក់ចុះជិត ២២% នៅ២ខែដំបូងឆ្នាំនេះ

អ្នកជំនាញសេដ្ឋកិច្ច អះអាងថា ការធ្លាក់ចុះនេះ ដោយសារការកាត់បន្ថយការចំណាយផ្សេងៗនៅលើសកលលោក ក្រោយសេដ្ឋកិច្ចបានរងការរង្គោះរង្គើ ដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ ជាដើម។

ការដោះដូរពាណិជ្ជកម្មរវាង​កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិធំៗ រួមទាំង​អាមេរិក និងចិន ដែលធ្លាប់តែមានកំណើនខ្ពស់ បានបង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅ២ខែដំបូងឆ្នាំនេះ ដោយក្នុងនោះ ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មសរុបជាង ១ពាន់៧រយលានដុល្លារ ធ្លាក់ចុះជាង ១៥% រីឯអាមេរិក ឈរនៅចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាជាង ១ពាន់លានដុល្លារ ធ្លាក់ចុះ ២០%។

ទាក់ទងនឹងការធ្លាក់ចុះ នៃការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃ​រាជបណ្ឌិត្យសសភាកម្ពុជា បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃការដោះដូរពាណិជ្ជកម្ម​របស់កម្ពុជា​នៅប៉ុន្មានខែចុងក្រោយនេះ គឺមិនខុសគ្នាទៅនឹងនិន្នាការទីផ្សារនៃប្រទេសក្នុងតំបន់ និងលើពិភពលោកនោះទេ ពោលគឺការដោះដូរពាណិជ្ជកម្មនៅប្រទេសដ៏ទៃទៀតក៏មានការធ្លាក់ចុះដូចគ្នាដែរ។ យ៉ាងណាមិញ ឥទ្ធិពលនៃវិបត្តិសង្រ្គាមនៅអ៊ុយក្រែន បញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ គឺជាកត្តាធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់លើសកលលោកជួបនូវបញ្ហា ដែលធ្វើឱ្យតម្រូវការក៏ជួបបញ្ហាផងដែរ ពោលគឺការចំណាយផ្សេងៗត្រូវបានកាត់បន្ថយ និងបានជះឥទ្ធិពលជាច្រើនដល់សេដ្ឋកិច្ចពិភពលោក ទាំងក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ។

បើតាម លោកបណ្ឌិត ហុង វណ្ណៈ ដរាបណាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែននៅតែកើតមាន ជម្លោះរវាងប្រទេសមហាអំណាយធំៗ និងបញ្ហាភូមិសាស្រ្តនយោបាយនៅលើពិភពលោកនៅតែបន្តកើតឡើងនោះ លោកយល់ថា កិច្ចការពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការអភិវឌ្ឍផ្សេងៗ​នៅតាមប្រទេសនីមួយៗ ហាក់មិន​ទាន់អាចមានការរីកចម្រើនលឿនបាននោះទេ។ ទោះយ៉ាងណាក៏ដោយចុះ បើបញ្ហាទាំងនេះ មានភាពធូរស្បើយវិញនោះ លោកជឿជាក់ថា សេដ្ឋកិច្ចពិភពលោកនឹងមានភាពល្អប្រសើរឡើងវិញ ប៉ុន្តែត្រូវការពេលវេលាមួយសមស្របផងដែរ។

បើទោះបីជា ការនាំចេញទំនិញរបស់​កម្ពុជា​ទៅកាន់ទីផ្សារចិន និងអាមេរិក ធ្លាក់ចុះនៅ២ខែដើមឆ្នាំនេះក្ដី ប៉ុន្ដែ បើមើលទៅលើ​ការនាំចេញទៅកាន់ទីផ្សារប្រទេសធំៗមួយចំនួន ដូចជា ជប៉ុន វៀតណាម និងថៃ គឺសុទ្ធសឹងតែរក្សាបានអត្រាកំណើន​ជាវិជ្ជមាន។ នេះបើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

សូមបញ្ជាក់ថា មុខទំនិញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម៕




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំ CSX ចាត់ទុកការឯកភាពលើសំណើបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនពីរក្នុងពេលតែ១ ជាការបង្ហាញពីការអភិវឌ្ឍផ្សារមូលបត្រ

ព័ត៌មាន
ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ របស់ក្រុមហ៊ុន ម៉េងលី ជ…

កម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសធំៗ ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទានសម្រាប់អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា។ ជាក់ស្ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ