គ្រោះទឹកជំនន់

តើស្ថានភាពគ្រោះទឹកជំនន់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បង្កឲ្យមានផលប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនទំនិញដែរ ឬយ៉ាងណា?


គ្រោះធម្មជាតិទឹកជំនន់ បាននិងកំពុងបន្តអូសបន្លាយ នៅតាមប្រទេសមួយចំនួន ពិសេសប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះក៏រួមមាន ប្រទេសកម្ពុជា និងប្រទេសថៃ ផងដែរ។ គ្រោះមហន្តរាយនេះ ក៏បានបង្កផលប៉ះពាល់មួយចំនួន ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្ទៃដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ស្ថានភាពកម្ពស់ទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១

យ៉ាងណាក៏ដោយ សម្រាប់ការដឹកជញ្ជូនទំនិញតាមច្រកព្រំដែន នៅអំឡុងពេលមានគ្រោះទឹកជំនន់នេះ  ត្រូវបានក្រុមអ្នកជំនាញបានអះអាងថា មិនបានប៉ះពាល់ដល់ដំណើរការ ក្នុងការដឹកជញ្ជូនរវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃនោះទេ ខណៈដែលបច្ចុប្បន្នស្ថានភាពទឹកជំនន់នៅកម្ពុជា ក៏ចាប់ផ្ដើមស្រកចុះជាបណ្ដើរៗ ហើយដែរ។

លោក ឃុន សុខា អ្នកនាំពាក្យគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា រហូតមកដល់ពេលនេះ ស្ថានភាពទឹកជំនន់នៅតាមបណ្ដាខេត្តមួយចំនួន ចាប់ផ្ដើមមានសភាពប្រសើរឡើងវិញជាបណ្ដើរៗ ហើយ ខណៈកម្ពស់ទឹកនៅតាមបណ្ដាខេត្តមួយចំនួនទៀត ដូចជា ខេត្តបន្ទាយមានជ័យ,បាត់ដំបង,ពោធិ៍សាត់,ឧត្តរមានជ័យ,ព្រះវិហារ និងកំពង់ធំ បានឡើងដល់កម្រិតមួយ ដែលឱ្យប្រជាពលរដ្ឋត្រៀមខ្លួន និងមានការប្រុងប្រយ័ត្នខ្ពស់។ ដោយឡែក ខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំប្រទល់ ជាមួយថៃ បានរងគ្រោះធ្ងន់ជាងគេ ដែលបានប៉ះពាល់ប្រជាពលរដ្ឋ ប្រមាណ២ម៉ឺននាក់ ខណៈប្រជាពលរដ្ឋ ប្រមាណ ៣០% បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក៏ប៉ុន្តែមិនបានបង្កផលរំខានដល់ការដឹកជញ្ជូនទំនិញរវាងកម្ពុជា-ថៃ នោះទេ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្ដុភារកម្ម កម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសដែរថា បើទោះបី ប្រទេសថៃ និងប្រទេសកម្ពុជា កំពុងជួបបញ្ហាគ្រោះទឹកជំនន់ ក៏ដោយចុះ តែសកម្មភាពនៃការដឹកជញ្ជូនទំនិញ នៅតែអាចដំណើរការជាធម្មតា។ អ្នកជំនាញរូបនេះ បានបញ្ជាក់ទៀតថា ពិតណាស់គ្រោះទឹកជំនន់ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវដឹកជញ្ជូន រវាងកម្ពុជា និងថៃ ដែលស្ថិតក្នុងខេត្តបាត់ដំបង ក៏ពិតមែន ប៉ុន្ដែភាគីទាំងពីរ ក៏បានដឹកជញ្ជូនទំនិញតាមផ្លូវផ្សេង ដែលសម្រួលលើមធ្យោបាយដឹកជញ្ជូនរវាងប្រទេសទាំងពីរ។

ដោយឡែក ជុំវិញស្ថានភាព ក្នុងវិស័យដឹកជញ្ជូនជារួមនៅកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបាន ឧកញ៉ា ស៊ិន ចន្ធីបានលើកឡើងថា ថ្វីដ្បិត កម្ពុជា បាននិងកំពុងជួបនូវវិបត្តិសាកលកូវីដ-១៩ ដែលជាកត្តារាំងស្ទះក្នុងវិស័យដឹកជញ្ជូនមួយចំនួនក៏ពិតមែន តែវិស័យនេះ នៅតែអាចជួយរក្សាសកម្មភាពនៃការនាំចេញរបស់កម្ពុជាបានដដែល ពិសេសជាមួយនឹងប្រទេសជិតខាង។ ជុំវិញការដោះដូរទំនិញរវាងកម្ពុជា និងថៃ ត្រូវបានលោកឧកញ៉ា ស៊ិន ចន្ធី បញ្ជាក់ថា ភាគច្រើនទំនិញដែលកម្ពុជា បាននាំទៅប្រទេសថៃ គឺជា ផលិតផលកសិកម្ម។ ចំណែក ផលិតផលដែលថៃ នាំចូលមកកម្ពុជា វិញមានដូចជា គ្រឿងសំណង់ រថយន្ត និងគ្រឿងឧបភោគបរិភោគ ជាដើម។

សូមបញ្ជាក់ថា នៅរយៈពេល ៩ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ មានចំនួន ២,៦ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា បាននាំចេញទៅថៃ ក្នុងទំហំទឹកប្រាក់ជាង ២៦២លានដុល្លារ ខណៈថៃ នាំចូលទំនិញមកកម្ពុជា មានទំហំទឹកប្រាក់ ២ពាន់៣រយលានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ផ្ដល់កម្ចី ៤០លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់កម្ពុជា

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១៨ ខែតុលានេះ បានអនុម័តប្រាក់កម្ចីចំនួន ៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋ…

ចិនថ្កោលទោសសហរដ្ឋអាមេរិក និង កាណាដាចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់

ព័ត៌មាន
ចិនថ្កោលទោសសហរដ្ឋអាមេរិក និង កាណាដាចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់!! បញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ