ក្រុមហ៊ុនសាងសង់អាគារ

ក្រសួងរៀបចំដែនដីព្រមានថា ក្រុមហ៊ុនសាងសង់ ឬរុះរើសំណង់គ្មានលិខិតអនុញ្ញាតអាចប្រឈមនឹងការរំលាយចោល


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីជូនដំណឹងមួយ ដោយហាមក្រុមហ៊ុនសាងសង់ ឬម៉ៅការមិនឲ្យសាងសង់ ឬរុះរើសំណង់ ដែលគ្មានលិខិតអនុញ្ញាតពីស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ក្រសួងបានចាត់ទុកការសាងសង់ ឬការរុះរើសំណង់ដោយគ្មានការលិខិតអនុញ្ញាត ជាទង្វើខុសច្បាប់ ដែលក្រុមហ៊ុនសាងសង់ ឬម៉ៅការអាចប្រឈមនឹងផ្លូវច្បាប់ ឬត្រូវរំលាយចោលតែម្តងបើបន្តធ្វើអំពើខុសច្បាប់ជាដដែលៗ។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីបានគូសបញ្ជាក់ទៀតថា កន្លងមកក្រសួងបានស្រាវជ្រាវរកឃើញមានការសាងសង់ និងរុះរើសំណង់ដោយគ្មានលិខិតអនុញ្ញាតនៅតាមបណ្តាខេត្តមួយចំនួនទូទាំងប្រទេស។ មន្ត្រីជាន់ខ្ពស់ដដែលអះអាងថា គោលបំណងនៃការចេញសេចក្តីជូនដំណឹងនេះ គឺដើម្បីលើកកម្ពស់ការសាងសង់ និងគុណភាពសំណង់នៅកម្ពុជា។  

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មិនអនុញ្ញាតឲ្យចុះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈលិខិតជូនដំណឹងរបស់ខ្លួនកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចាត់ទុកសកម្មភាពសាងសង់ ឬរុះរើសំណង់ដោយគ្មានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់ ដោយសារសំណង់ទាំងនោះ មិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ត្រឹមត្រូវ ដែលអាចបង្កឲ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីទីធ្លាគម្លាត សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភ័ណភាពទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឲ្យមានវិវាទជាដើម។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ប្រាប់ខេមបូណូមីសថា គោលបំណងនៃការចេញសេចក្តីជូនដំណឹងនេះ គឺដើម្បីឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ឬរុះរើសំណង់ចេះគោរពច្បាប់ក្នុងការសាងសង់ ឬរុះរើសំណង់ ដើម្បីបញ្ចៀសផលប៉ះពាល់ និងហានិភ័យនានា។ ឯកឧត្តមបានបន្តថា ការពង្រឹងច្បាប់សំណង់នេះ គឺដើម្បីលើកកម្ពស់ការសាងសង់ និងគុណភាពសំណង់នៅកម្ពុជា ដ្បិតកន្លងមកក្រសួងរកឃើញថា មានក្រុមហ៊ុនម៉ៅការសាងសង់ ឬរុះរើសំណង់មួយចំនួនមិនបានអនុវត្តច្បាប់ត្រឹមត្រូវ។ 

ដើម្បីពង្រឹងការអនុវត្តការហាមឃាត់ខាងលើឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់នានានៅទូទាំងប្រទេស។ ក្នុងករណីក្រសួងរកឃើញថា ការសាងសង់ ឬរុះរើសំណង់ណាមួយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ នោះក្រសួងនឹងចាត់វិធានការលើក្រុមហ៊ុនទទួលការម៉ៅការទាំងនោះ។

វិធានការទាំងនោះរួមមានក្រុមហ៊ុននឹងប្រឈមការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មសាងសង់ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្នើសុំការរឹបអូសសម្ភារៈ បរិក្ខារ និងឧបករណ៍ផ្សេងៗទៀត។ បន្ថែមលើនេះ អ្នកម៉ៅការអាចរងពិន័យជាប្រាក់ ការផ្តន្ទាទោសដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុន ឬក្រុមជាង ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសេចក្តីសម្រេចផ្ដន្ទាទោស និងការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសជាសាធារណៈជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនៅ២ខែដំបូងឆ្នាំ២០២២ ទីផ្សារផលិតផលកសិកម្មកម្ពុជាស្ទុះងើបកម្រិតណា?

ព័ត៌មាន
ក្រុមអ្នកជំនួញ និងអ្នកជំនាញនៅក្នុងវិស័យកសិកម្មកម្ពុជាបានអះអាងថា នៅឆ្នាំរយៈពេល ២ខែដើមឆ្នាំដំបូងនៅឆ្នាំ២០២២នេះ ក្រៅតែពីអង្ករ ការនាំចេញផលិ…

ក្រសួងពាណិជ្ជកម្មបន្ដពន្យារពេលការផាកពិន័យ ចំពោះការស្នើសុំអាជ្ញាបណ្ណសម្រាប់អាជីវកម្មតាមអនឡាញដល់ថ្ងៃទី ១ខែកក្កដា

ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ រូបវន្តបុគ្គល សហគ្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ