ព្រលានយន្តហោះសៀមរាប

ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ១០០នាក់ ស្នើឱ្យក្រុមហ៊ុនចិន AIAI លុបចោលការយកថ្លៃសេវាផ្លូវចូលព្រលានយន្តហោះសៀមរាបអង្គរ


មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុនចិន AIAIគ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ ចាប់ផ្តើមគិតថ្លៃសេវាប្រើប្រាស់ផ្លូវ តភ្ជាប់ពីព្រលានយន្តហោះមកផ្លូវជាតិលេខ៦ ចម្ងាយជាង ២០គីឡូម៉ែត្រ ចាប់ពីដើមឆ្នាំ២០២៤នេះមក នៅថ្ងៃទី៣ខែមករានេះ ក្រុមអ្នកដឹកជញ្ជូនភ្ញៀវទេសចរនៅខេត្តសៀមរាបប្រមាណជិត១០០នាក់បានមកស្នើសុំឱ្យអាជ្ញាធរខេត្តជួយដោះស្រាយដើម្បីសុំឱ្យក្រុមហ៊ុនលុបចោលការយកថ្លៃសេវានេះ។
ព្រលានយន្តហោះសៀមរាប
ដោយ

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធអះអាងថា ការយកថ្លៃសេវាប្រើប្រាស់ផ្លូវនេះ មិនសមស្របនោះទេ ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាពិសេសអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវកំពុងជួយការលំបាកផងនោះ។

លោក លី សំរិទ្ធិ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ក្រុមអ្នកដឹកជញ្ចូនភ្ញៀវទេសចរក្នុងខេត្តសៀមរាបប្រមាណជិត១០០នាក់ បានមកស្នើសុំឱ្យអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហា ដែលក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ បានយកសេវាថ្លៃផ្លូវចេញចូលព្រលានយន្តហោះចម្ងាយជាង២០គីឡូម៉ែត្រ។

ក្រុមអ្នកដឹកជញ្ចូនភ្ញៀវទេសចរបានស្នើឱ្យក្រុមហ៊ុនលុបចោលការយកថ្លៃសេវាប្រើប្រាស់ផ្លូវនេះ ឬកាត់បន្ថយតម្លៃក្នុងកម្រិតសមស្របណាមួយដែលអាចទទួលយកបាន។បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការស្នើសុំរបស់ក្រុមអ្នកដឹកជញ្ជូននេះ គឺដោយសារការយកថ្លៃសេវានេះបានប៉ះពាល់ទៅដល់ប្រាក់ចំណូលរបស់ពួកគាត់ ដ្បិតថាវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទើបតែងើបឡើងវិញជាបណ្តើរៗប៉ុណ្ណោះ។ យ៉ាងណាមិញ លោក លី សំរិទ្ធិ ក៏បានឱ្យដឹងដែរថា រដ្ឋបាលខេត្តសៀមរាបក៏បានជួបពិភាក្សាគ្នាជាមួយក្រុមហ៊ុនចិន AIAI ដើម្បីរកដំណោះស្រាយជុំវិញបញ្ហនេះផងដែរ តែលទ្ធផលយ៉ាងណានោះក្រុមហ៊ុននឹងជម្រាបជូននៅពេលក្រោយ។

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានគូសបញ្ជាក់ថា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាកំពុងធ្លាក់ចុះ ពិសេសអ្នករកស៊ីនៅក្នុងវិស័យដឹកជញ្ជូនភ្ញៀវតែម្តង ប៉ុន្តែបែរជាមានការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនយកថ្លៃសេវាប្រើប្រាស់ផ្លូវចូលព្រលានយន្តហោះនេះទៅវិញ។ នេះ គឹជារឿងមួយមិនសមស្រប និង មិនបានរួមចំណែកដល់ការជួយបង្កើនចំណូលរបស់ប្រជាពលរដ្ឋប្រកបរបរដឹកជញ្ជូននោះទេ។ ប្រធានសមាគមរូបនេះបានបញ្ជាក់ដែរថា តាមរយៈបញ្ហានេះវាក៏អាចនឹងធ្វើឱ្យប៉ះពាល់ទៅដល់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបផងដែរ ដ្បិតថាកាលណាអ្នកដឹកជញ្ជូនត្រូវបង់ថ្លៃផ្លូវហើយនោះ ពួកគាត់ក៏ត្រូវបង្កើនតម្លៃដឹកជញ្ជូនពីភ្ញៀវទេសចរផងដែរ ដែលបញ្ហានេះ វានឹងប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា ពិសេសខេត្តសៀមរាបតែម្តង។

គួរជម្រាបថា អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប ការយកថ្លៃសេវាប្រើប្រាស់ផ្លូវចម្ងាយជាង២០គីឡូម៉ែត្រចូលទៅកាន់ព្រលានយន្តហោះសៀមរាបអង្គរនេះ គឺសម្រាប់តែអ្នកប្រកបអាជីវកម្មដឹកជញ្ចូនភ្ញៀវចេញចូលព្រលានយន្តហោះតែប៉ុណ្ណោះ ដោយឡែកសម្រាប់ប្រជាពលរដ្ឋទូទៅដែលប្រើប្រាស់ផ្លូវនេះគឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ។ ហើយតាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកក្រុមហ៊ុនក៏បានបញ្ចុះតម្លៃសេវាប្រើប្រាស់ផ្លូវនេះចំនួន២៥% ដល់ដំណាច់ឆ្នាំ២០២៥ផងដែរ។ សូមបញ្ជាក់ថា តម្លៃសេវាប្រើប្រាស់ផ្លូវហាយវេចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចម្ងាយជាង២០គីឡូម៉ែត្រនេះ មានតម្លៃចាប់ពី ៤ដុល្លារ ទៅដល់១៦ដុល្លារក្នុងមួយជុំទៅតាមប្រភេទរថយន្តនីមួយៗ ខណៈតម្លៃបន្ទាប់ពីបញ្ចុះរួច មានតម្លៃចាប់ពី ៣ដុល្លារ ទៅដល់១២ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនជួបគ្រោះផ្ទួនៗបង្កការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ និងបណ្ដាលឱ្យមនុស្សស្លាប់រាប់សិបនាក់

ព័ត៌មាន
ឆ្នាំថ្មីនាំមកនូវក្ដីសង្ឃឹមថ្មីជាមួយក្ដីរំពឹងថាអ្វីៗនឹងល្អប្រសើរជាងឆ្នាំចាស់។ ប៉ុន្តែជប៉ុន ដែលជាមហាមិត្តចិត្តធម៌របស់កម្ពុជា បែរជាជួបគ្រោះផ្ទ…

CDC អនុម័តគម្រោងជិត២៧០គម្រោងជាមួយទុនវិនិយោគជិត៥ពាន់លានដុល្លារនៅឆ្នាំ២០២៣

ព័ត៌មាន
នៅពេញមួយឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័យគម្រោងថ្មី និងពង្រីកផលិតកម្មបានជិត២៧០គម្រោង ជាមួយទុនវិនិយោគសរុបជិត៥ពាន់លាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ