ក្រុមហ៊ុន Alibaba

ក្រុមហ៊ុនយក្ស Alibaba បង្ខំចិត្តបោះទុនរាប់ពាន់លានដុល្លារ សាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅវៀតណាមតាមច្បាប់តម្រូវ


ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Alibaba គ្រោងបោះទុនខ្ទង់ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅវៀតណាម អនុលោមតាមលក្ខខណ្ឌតម្រូវនៃច្បាប់ជាធរមានរបស់ប្រទេសនេះ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុននេះពឹងផ្អែកលើមជ្ឈមណ្ឌលរក្សាទុកទិន្នន័យដែលគ្រប់គ្រងដោយរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ក្រុមហ៊ុន Alibaba
ដោយ

ក្រុមបច្ចេកវិទ្យាយក្សចិន Alibaba បានទម្លាយប្រាប់សារព័ត៌មាន Nikkei Asia ថាបច្ចុប្បន្ននេះខ្លួនកំពុងជួលកន្លែងសម្រាប់រក្សាទុកម៉ាស៊ីនមេកុំព្យូទ័រ ឬ Computer Server ពីបណ្ដាក្រុមហ៊ុនទូរគមនាគមន៍វៀតណាម ដូចជាក្រុមហ៊ុន វៀតទែល (Viettel) និងក្រុមហ៊ុន វីអិនភីធី (VNPT) ជាដើម ដើម្បីឆ្លើយតបទៅនឹងច្បាប់ដ៏ចម្រូងចម្រាសមួយដែលបានចូលជាធរមានក្នុងឆ្នាំ២០២២។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក រួមមាន ក្រុមហ៊ុន Google និងក្រុមហ៊ុន Amazon ព្រមទាំងក្រុមហ៊ុនជាច្រើនផ្សេងទៀត បានតស៊ូប្រឆាំងនឹងគោលនយោបាយរបស់វៀតណាម ដែលចាប់បង្ខំឱ្យពួកគេរក្សាទិន្នន័យនៅក្នុងប្រទេសនេះ ប៉ុន្តែនៅតែមិនឈ្នះ។ ដោយសារតែបែបនេះ ទើបបានជាក្រុមហ៊ុនជាច្រើនក្នុងចំណោមនោះកំពុងស្វែងរកជម្រើសផ្សេងក្រៅពីប្រទេសនេះ។

លោក ដាង មិញ តាំ (Dang Minh Tam) ប្រធានផ្នែកដំណោះស្រាយនៃក្រុមហ៊ុន Alibaba Cloud និយាយថា ក្រុមហ៊ុន Alibaba បានជួលកន្លែងពីបណ្ដាប្រតិបត្តិករមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ ដោយចាប់ដៃគូជាមួយក្រុមហ៊ុនរដ្ឋទាំងពីរខាងលើ ដើម្បីរក្សាទុកទិន្នន័យអតិថិជននៅក្នុងប្រទេសវៀតណាម។ ប៉ុន្តែក្រុមហ៊ុននេះ ក៏បានថតចម្លងទុក ឬ Back up ទិន្នន័យផងដែរនៅឃ្លាំងម៉ាស៊ីនមេ (Server) របស់ខ្លួន ដែលមានទីតាំងនៅទូទាំងតំបន់រាប់ចាប់ពីកោះតៃវ៉ាន់ រហូតដល់ប្រទេសសិង្ហបុរី។

លោក ដាង មិញ តាំ (Dang Minh Tam) ថ្លែងថា ក្រុមហ៊ុន Alibaba គ្រោងនឹងសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនៅវៀតណាម ដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុតរបស់អាស៊ីមួយនេះ។

លោកបានគូសបញ្ជាក់ថា លោកមិនទាន់ដឹងទំហំទុនវិនិយោគសម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនេះនៅឡើយទេ ហើយក៏បដិសេធមិនប្រាប់ពេលវេលាជាក់លាក់សម្រាប់គម្រោងនេះដែរ ព្រោះព័ត៌មានលម្អិតមិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ។ ទោះជាយ៉ាងណា តាមការប៉ាន់ប្រមាណ ទំហំវិនិយោគនៃគម្រោងសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យនេះអាចមានទំហំលើសពី១ពាន់លានដុល្លារអាម៉េរិក។

លោក ដាង មិញ តាំ (Dang Minh Tam) បានលើកឡើងក្នុងបទសម្ភាស​មួយថា ប្រទេសវៀតណាម គឺជាទីផ្សារដ៏មានសក្តានុពលខ្ពស់ដែលមានឱកាសរីកចម្រើនច្រើន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Starbucks បន្ថយការព្យាករការលក់ប្រចាំឆ្នាំរបស់ខ្លួន ក្រោយតម្រូវការនៅទីផ្សារសំខាន់ៗមានការធ្លាក់ចុះ

ព័ត៌មាន
ក្រុមហ៊ុន Starbucks បានកាត់បន្ថយការព្យាករចំនួនលក់ប្រចាំឆ្នាំរបស់ខ្លួន ក្រោយការលក់មានការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ចំ…

មហាសេដ្ឋីពាន់លានដុល្លារដើមកំណើតចិន ត្រូវបានតុលាការអាម៉េរិក កាត់ទោសឱ្យជាប់ពន្ធនាគារ៤ខែ ពីបទលាង.លុយក.ខ្វក់

ព័ត៌មាន
មហាសេដ្ឋីកាណាដា ដើមកំណើតចិន លោក ចាងប៉េង ចាវ (Changpeng Zhao) ត្រូវបានតុលាការអាម៉េរិក កាត់ទោសដាក់ពន្ធនាគារចំនួន៤ខែ ក្រោមបទចោទពាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ