ទេសចរណ៍

តើការរាំងស្ទះក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីនៅថៃ អាចជាឱកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគឬទេ?


គិតមកទល់ពេលនេះមានរយៈពេលប្រមាណពីរខែហើយ ដែលការបោះឆ្នោតជាតិនៅប្រទេសថៃបានកន្លងផុតទៅ តែប្រទេសក្បែរខាងកម្ពុជាមួយនេះមិនទាន់ជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំប្រទេសនៅឡើយទេ ខណៈបច្ចុប្បន្នប្រទេសត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះលោក ប្រាយុទ្ធ ចាន់អូចារ។
តើការរាំងស្ទះក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីនៅថៃ អាចជាឱកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគឬទេ?

ភាពជាប់គាំងក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីនេះ គឺបន្ទាប់ពីលោក ភីតា លីមចារ៉ឺនរ៉ាត់ ប្រធានគណៈបក្សឆ្ពោះទៅមុខ ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងការបោះឆ្នោត បានបរាជ័យក្នុងការបោះឆ្នោត ដើម្បីក្លាយជានាយករដ្ឋមន្ត្រីក្រោយទទួលបានសំឡេងឆ្នោតតែ៣២៤សំឡេងពីសមាជិកសភា និងព្រឹទ្ធសភា។ តើបញ្ហារាំងស្ទះក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីនៅពេលនេះ អាចជាឱកាសសម្រាប់កម្ពុជាក្នុងការស្រូបទាញភ្ញៀវទេសចរ និងក្រុមហ៊ុនវិនិយោគឬយ៉ាងណា? ហើយបញ្ហានេះអាចធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែរ ឬទេ?
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា បញ្ហាជាប់គាំងលើជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេលខ្លីរបស់ថៃនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះនោះទេ ដោយសារថៃមានការបែងចែកដាច់ពីគ្នារវាងសេដ្ឋកិច្ច និងនយោបាយ ម្យ៉ាងទៀតថៃមាននាយករដ្ឋមន្ត្រីចាំផ្ទះ ដែលត្រូវដឹកនាំប្រទេសក្នុងរយៈពេលអន្តរកាលនេះ។ ទោះយ៉ាងណា បញ្ហានេះទំនងជាអាចធ្វើឲ្យចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅប្រទេសក្បែរខាងកម្ពុជាមួយនេះ អាចនឹងមានធ្លាក់ចុះតិចតួចនៅក្នុងអំឡុងពេលនេះ ហើយវាក៏អាចធ្វើឲ្យចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាតាមរយៈប្រទេសថៃមានការធ្លាក់ចុះបន្តិចផងដែរ។
ជុំវិញបញ្ហានេះដែរឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ជាធម្មតារាល់បញ្ហាអស្ថិរភាពនយោបាយធ្ងន់ធ្ងរ វាតែងតែជះឥទ្ធិពលធ្ងន់ធ្ងរមកលើស្ថានភាពសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងនោះ។ ប៉ុន្តែចំពោះករណីនៅប្រទេសថៃស្ថានភាពនយោបាយមិនទាន់ធ្ងន់ធ្ងរនោះទេ ដូច្នេះបញ្ហានេះទំនងជាមិនមានផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសនេះជាមួយប្រទេសដទៃ រួមទាំងកម្ពុជានោះទេ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសថៃ ដែលជាទីផ្សារធំមួយរបស់កម្ពុជានៅតែមានស្ថានភាពល្អប្រសើរ មិនមានផលប៉ះពាល់នោះទេ។
ពាក់ព័ន្ធវិស័យទេសចរណ៍វិញ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាយល់ឃើញថា ជាបទពិសោធន៍បញ្ហានយោបាយ មិនដែលបង្កផលប៉ះពាល់វិស័យទេសចរណ៍ និងវិនិយោគរបស់ប្រទេសថៃនោះទេ ពោលគឺបញ្ហានយោបាយ និងសេដ្ឋកិច្ចរបស់ថៃហាក់មានការបែងចែកដាច់ពីគ្នា។ អ្នកជំនាញរូបនេះ ក៏មិនដែលឃើញបញ្ហានយោបាយនៅថៃ ធ្វើឲ្យប៉ះពាល់ការតភ្ជាប់ដំណើរកម្សាន្តទេសចរណ៍រវាងប្រទេសថៃជាមួយប្រទេសដទៃ រួមទាំងកម្ពុជាផងដែរ។ ជារួមលោក ធួន ស៊ីណាន វាយតម្លៃថា ទោះបីស្ថានភាពនយោបាយមិនសូវល្អ តែប្រទេសថៃនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅតំបន់អាស៊ានក្នុងឆ្នាំ២០២៣ នេះ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះមានរយៈពេលប្រមាណពីរខែហើយ ដែលការបោះឆ្នោតនៅប្រទេសបានកន្លងផុត ប៉ុន្ដែបង្កើតរដ្ឋាភិបាល និងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថៃនៅតែស្ថិតក្នុងស្ថានភាពស្រពេចស្រពិល ពោលគឺមកទល់ពេលនេះប្រទេសក្បែរខាងកម្ពុជាមួយនេះមិនទាន់រើសបាននាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេសនៅឡើយទេ។ ជាក់ស្តែង នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ កក្កដា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ភីតា លីមចារ៉ឺនរ៉ាត់ មិនទទួលបានការគាំទ្រពីសមាជិកសភា និងព្រឹទ្ធសភា ដើម្បីដឹកនាំរដ្ឋាភិបាលនោះទេ។ ទោះយ៉ាងណា ប្រធានគណៈបក្សឆ្ពោះទៅមុខរូបនេះ អាចនៅមានឱកាសឈ្មោះបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីពីរលើកទៀត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ និងទី២០ ខែកក្កដា សប្តាហ៍ក្រោយ។




អត្ថបទបន្ទាប់


ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រេចបានទំហំវិយោគសរុបជាង ៣០០លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
នៅឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១១៣គម្រោង ជាមួយទំហំវិ…

លោក ភីថា លីមចារឿនរ៉ាត ពិតជាអស់ឱកាស ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ ឬយ៉ាងណា ក្រោយចាញ់ការបោះឆ្នោតសភា?

ព័ត៌មាន
លោក ភីថា លីមចារឿនរ៉ាត ដែលជាបេក្ខជននាយករដ្ឋមន្រ្តីថៃវ័យ៤២ឆ្នាំ បានបរាជ័យនៅក្នុងការប៉ុនប៉ងនាំយកគណរដ្ឋមន្រ្តីដែលមានសមាជិកភាគច្រើនវ័យក្មេងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ