តម្លៃអង្ករល្អប្រសើរក្រោយឥណ្ឌសម្រេចផ្អាកនាំចេញអង្ករ

តើការផ្អាកនាំចេញអង្កររបស់ឥណ្ឌាអាចជះឥទ្ធិពលយ៉ាងណាដល់វិស័យស្រូវ-អង្ករនៅតំបន់ និងកម្ពុជា?


ប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើជាងគេលើពិភពលោក កាលពីពេលថ្មីៗនេះ បានហាមមិនឲ្យមានការនាំចេញអង្ករមួយចំនួន ក្នុងគោលបំណងរក្សានូវសន្តិស្បៀងនៅក្នុងប្រទេសរបស់ខ្លួន។ យ៉ាងណាមិញ បន្ទាប់ពីប្រទេសឥណ្ឌា បានហាមឃាត់ការនាំចេញអង្ករភាគច្រើនរបស់ខ្លួន គេបានសង្កេតឃើញថា តម្លៃអង្ករនៅតាមប្រទេសមួយចំនួនក្នុងតំបន់ ហាក់មានការកើនឡើង គួរឲ្យកត់សម្គាល់។
តើការផ្អាកនាំចេញអង្កររបស់ឥណ្ឌាអាចជះឥទ្ធិពលយ៉ាងណាដល់វិស័យស្រូវ-អង្ករនៅតំបន់ និងកម្ពុជា?

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ថា ជាការពិត ការផ្អាកនាំចេញអង្ករមួយចំនួនរបស់ឥណ្ឌា ពិតជាប៉ះពាល់ដល់ទីផ្សារអង្ករពិភពលោក និងតំបន់ ដែលធ្វើឲ្យតម្លៃអង្ករ មានការកើនឡើងជាងមុន។ ដោយឡែក សម្រាប់ទីផ្សារអង្ករកម្ពុជា ត្រូវបានមន្រ្តីកសិកម្មអះអាងថា ក៏មានការកើនឡើងដែរ ក៏ប៉ុន្តែ ក្នុងកម្រិតតិចតួចនៅឡើយ ខណៈតម្លៃនេះ អាចមានការប្រែប្រួលទៅថ្ងៃខាងមុខ។ តើការផ្អាកនាំចេញអង្កររបស់ឥណ្ឌា អាចជំរុញការនាំចេញអង្កររបស់កម្ពុជាបន្ថែម ទៅកាន់ទីផ្សារអន្តរជាតិ ដែរឬទេ?

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានតែប្រទេសឥណ្ឌាទេ ដែលផ្អាកការនាំចេញអង្ករ ប្រភេទអង្ករស និងអង្ករបាក់ ប៉ុន្តែដោយ​សារឥណ្ឌា ជាប្រទេសនាំចេញអង្ករច្រើនជាងគេ ទើបនាំឲ្យមានការប៉ះពាល់​ដល់ទីផ្សារអង្ករពិភពលោក។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការបិទការនាំចេញអង្កររបស់ឥណ្ឌា វានឹងក្លាយជាឪកាសសម្រាប់​ប្រទេសមួយចំនួនក្នុងតំបន់ ជាពិសេសប្រទេសវៀតណាម និងថៃ ដែលអាចជួយឲ្យពួកគេ​នាំចេញអង្ករបានកាន់តែច្រើនជាមួយតម្លៃខ្ពស់។ ដោយឡែក សម្រាប់ទីផ្សារអង្ករកម្ពុជាវិញ ក៏នឹងអាចទទួលបានផលប្រយោជន៍ខ្លះដែរ ដែលធ្វើឲ្យកសិករទទួលបានផលចំណេញពីការលក់​ស្រូវបានថ្លៃ និងធ្វើឲ្យតម្លៃអង្ករប្រសើរជាងមុន ប៉ុន្តែបើធៀបទៅនឹងប្រទេសវៀតណាម និងថៃ តម្លៃអង្កររបស់កម្ពុជាហាក់នៅមានកម្រិតនៅឡើយ។ ការទទួលបានអត្ថប្រយោជន៍តិចជាងប្រទេសក្បែរ​ខាងទាំងពីរ ក៏ដោយសារកម្ពុជាមានការនាំចេញប្រភេទភាគច្រើនជាអង្ករក្រអូប។ ម្យ៉ាងទៀត ការផ្អាកនាំចេញអង្កររបស់ឥណ្ឌា ហាក់មិនសូវធ្វើឲ្យកម្ពុជាមានឪកាសច្រើនក្នុងការនាំចេញអង្ករ​ទៅកាន់ទីផ្សារអន្តរជាតិ ឬប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករធំទី៤ លើពិភពលោកនោះដែរ។

បើតាមឯកឧត្តម យ៉ង សាំងកុមារ កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយ​ក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក ជាពិសេសនៅពេលដែលពិភពលោកកំពុង​ប្រឈមនឹង​បញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញ​ច្រើនជាងគេលើ​ពិភពលោកហាមមិនឲ្យមានការនាំចេញអង្ករសធម្មតា ដើម្បីរក្សាសន្តិស្បៀង​ក្នុងប្រទេសខ្លួន។ ជាមធ្យមកសិករកម្ពុជាផលិតស្រូវបាន១២លានតោនក្នុងមួយឆ្នាំ គឺលើស៦លាន​តោនសម្រាប់នាំចេញ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំចេញស្រូវ-អង្ករជាប់​លេខរៀងទី៨ នៅលើពិភពលោក។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កើន​ផលិតកម្មស្រូវ​នៅលើផ្ទៃដី ដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសបន្ថែមទៀតផងដែរ ជាពិសេសតាម​រយ:គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មតាមឃុំ ការកសាងសហគមន៍កសិកម្ម ឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយ:យន្តការកិច្ចសន្យាកសិកម្ម គោលនយោបាយហិរញ្ញប្បទាន​របស់រាជរដ្ឋាភិបាល ជាមួយកញ្ចប់ថវិកាជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។

ដោយឡែក សម្រាប់លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា ការហាមមិនឲ្យមានការនាំចេញអង្កររបស់ឥណ្ឌា ហាក់មិនជះឥទ្ធិពលអ្វីឡើយដល់វិស័យស្រូវ-អង្ករកម្ពុជា ព្រោះកសិករកម្ពុជាមិនផលិតប្រភេទអង្ករស ឬអង្ករបាក់សម្រាប់នាំចេញនោះឡើយ ពោលការនាំចេញអង្ករកម្ពុជា គឺជាប្រភេទក្រអូបតែប៉ុណ្ណោះ។ បើតាមលោក លន់ យ៉េង បច្ចុប្បន្ន ទីផ្សារអង្ករក្រអូបរបស់កម្ពុជាអាចលក់បានក្នុងតម្លៃចន្លោះពី​៧០០ដុល្លារ​ដល់៨២០ដុល្លារ​ ក្នុង១តោន​ ខណៈអង្ករក្រអូបថៃ​មានតម្លៃជិត៩០០ដុល្លារ​ក្នុង១តោន។

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជានាំចេញអង្ករបានជិត៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ជាង២៨០លានដុល្លារ។ ចំណែកការនាំចេញស្រូវរបស់កម្ពុជាវិញ​មានចំនួនជាង១លានតោន គិតជាទឹកប្រាក់ជាង៤៤៧លានដុល្លារ។ នេះបើតាមរបាយការណ៍​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕




អត្ថបទបន្ទាប់


កម្ពុជានឹងដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះអាចចុះចតលើទឹកនៅចុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន Samra Seaplane ដែលជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ពីដីគោកទៅដីកោះ បានអះអាងថា…

អ្នកជំនាញថា ការផ្សព្វផ្សាយគោលដៅទេសចរណ៍នៅកម្ពុជាជាតួនាទីរបស់ពលរដ្ឋទាំងអស់គ្នា

ព័ត៌មាន
ការផ្សព្វផ្សាយអាចចាត់ទុកជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឲ្យពិភពលោកស្គាល់ពីគោលដៅរបស់កម្ពុជា។ កត្តានេះហើយបានជំរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ