វិស័យទេសចរណ៍

តើគេរាប់ និងគណនាចំនួនទឹកប្រាក់ និងចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាយ៉ាងដូចម្តេច?


នៅពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាន ៥សែននាក់ មានការកើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែមានមតិសាធារណជនខ្លះហាក់មានមន្ទិលសង្ស័យចំពោះតួលេខនេះថា មិនពិត និងមិនប្រាកដប្រជាជាដើម។
វិស័យទេសចរណ៍
ដោយ

តែយ៉ាងណាមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានចេញមកអះអាងថា តួលេខចំនួនភ្ញៀវទេសចរ ៥លាន ៥សែននាក់ ក្នុងឆ្នាំ២០២៣ គឺជាតួលេខប្រាកដប្រជា ដែលមានស្ថិតិកត់ត្រាត្រឹមត្រូវ និងច្បាស់លាស់។ តើគេរាប់ និងគណនាចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាយ៉ាងដូចម្តេច?

យើងសង្កេតឃើញថា ក្រោយក្រសួងទេសចរណ៍បញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងតួលេខភ្ញៀវទេសចរអន្តរជាតិ និងប្រាក់ចំណូលដែលកម្ពុជា ទទួលបានពីភ្ញៀវទេសចរអន្តរជាតិ ប្រចាំឆ្នាំ២០២៣ មានសាធារណជនមួយចំនួនចូលរួមអបអរសាទរ និងមានមួយចំនួនហាក់មិនជឿទៅលើតួលេខនេះ ហើយមានអ្នកខ្លះរិះគន់ថា តួលេខនេះហាក់មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង នៃស្ថានភាពវិស័យទេសចរណ៍របស់កម្ពុជា។

ជុំវិញបញ្ហានេះឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចេញមកបកស្រាយថា តួលេខភ្ញៀវទេសចរបរទេស ដែលក្រសួងបានដាក់ចេញក្នុងឆ្នាំ២០២៣ ត្រូវបានស្រង់ចេញពីស្ថិតិប្រចាំថ្ងៃរបស់ច្រកទ្វាអន្តរជាតិនានា ក្នុងនោះក៏មានរាប់តាមចំនួនជើងហោះហើរ និងផ្ទៀងផ្ទាត់តាមរយៈទិដ្ឋាការផងដែរ។

ឯកឧត្តមអះអាងថា ការណ៍នេះពុំមាននរណាអាចបំប៉ោងតួលេខបាននោះទេ ដោយសារវាជាប់ពាក់ព័ន្ធនឹងប្រាក់ចំណូល ដែលទទួលបានពីទិដ្ឋាការរបស់ភ្ញៀវបរទេស។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះកំណើនភ្ញៀវទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២៣ ទើបសម្រេចបានប្រមាណ៨៤%ប៉ុណ្ណោះ បើធៀបនឹងពេលមុនមានវិបត្តិជំងឺកូវីដ-១៩ កាលពីឆ្នាំ២០១៩។

​យ៉ាងណាក៏ដោយក្រសួងទេសចរណ៍ រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានប្រមាណ៦លាន ៦សែននាក់ នៅឆ្នាំ២០២៤ នេះ ដែលជាតួលេខខ្ពស់ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ជាពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការព្យាករនេះ គឺដើរលឿនជាងការព្យាករនាពេលកន្លងទៅដល់ទៅ២ឆ្នាំឯណោះ។

​តាមគម្រោងនៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗមួយចំនួនដូចជាពិធីបុណ្យទន្លេ និងឆ្នាំទស្សនាសៀមរាប ព្រមទាំងឆ្នាំទស្សនាកម្ពុជា-ឥណ្ឌា និងឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ជាដើម ដើម្បីជំរុញដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានចំណូលជាង៣ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាន ៥សែននាក់ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញលើកទឹកចិត្តឱ្យកសិករដាំពូជស្វាយចន្ទីដែលឆាប់ចេញផ្កា ដ្បិតវាអាចកាត់បន្ថយការចំណាយ

ព័ត៌មាន
អ្នកជំនាញផ្នែកដាំដុះស្វាយចន្ទី បានបង្ហាញក្តីបារម្ភចំពោះបាតុភូតអែលនីណូ និងបញ្ហាសន្សើមប្រៃ ឬសន្សើមអាស៊ីត ក្នុងការធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្វាយ…

អង់គ្លេសសម្ដែងភាពស្ញប់ស្ញែងចំពោះសេដ្ឋកិច្ចកម្ពុជា និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី Anne-Marie Trevelyan មកបំពេញទស្សនកិច្ចលើកដំបូងនៅកម្ពុជា នាថ្ងៃទី២-៤ ខែមីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ