ធុរកិច្ចកម្ពុជា

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រាប់ទៅកាន់អ្នកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា «កម្ពុជា គឺជាប្រទេសដ៏ល្អសម្រាប់ការវិនិយោគ និងធុរកិច្ច»


អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានតំណាងឲ្យវិស័យឯកជន ចូលរួមអមដំណើរជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅសប្ដាហ៍នេះបានថ្លែងប្រាប់ច្បាស់ៗ ទៅកាន់ក្រុមវាគ្មិន ធុរៈជន និងឥស្សរជនសំខាន់ៗ ដែលបានចូលរួមក្នុងកម្មវិធីសេដ្ឋកិច្ចពិភពលោកយ៉ាងដូច្នេះថា «កម្ពុជា គឺជាប្រទេសដ៏ល្អមួយនៅក្នុងតំបន់សម្រាប់ការវិនិយោគ និងធុរកិច្ច”។
អ្នកឧកញ៉ា សៀ ឫទ្ធីប្រាប់ទៅកាន់អ្នកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា «កម្ពុជា គឺជាប្រទេសដ៏ល្អសម្រាប់ការវិនិយោគ និងធុរកិច្ច»

អំឡុងពេលគណៈប្រតិភូ​កម្ពុជា​ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន ចូលរួមក្នុង​វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះ ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី គឺជាក្រុមហ៊ុន​តែមួយគត់ និងដំបូងគេ ដែលរាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​កម្មវិធីរាត្រីសមោរស រាត្រីកម្ពុជា (Cambodia Night) ដើម្បីទទួល​ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ​ រួមទាំង វាគ្មិនសំខាន់ៗ និងឥស្សរជន​នានា ដែលបាន​ចូលរួម​ក្នុងវេទិកាពិភពលោកនេះ ខណៈដែល​អ្នក​ឧកញ៉ា សៀ ឫទ្ធី ក៏ជាសមាជិកនៃវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំនៅទីក្រុងដាវ៉ូសប្រទេសស្វីសផងដែរ។

ក្នុងឱកាសដ៏សំខាន់នោះ អ្នកឧកញ៉ា សៀ ឫទ្ធី បានថ្លែងយ៉ាងដូច្នេះថា ឆ្នាំនេះ ក្រុមហ៊ុន WorldBridge បានក្លាយជាសមាជិករងនៃវេទិកាសេដ្ឋកិច្ចពិភពលោក ហើយវាជាកិត្តិយសដ៏អស្ចារ្យសម្រាប់អ្នកឧកញ៉ាផ្ទាល់ ក៏ដូចជាក្រុមហ៊ុន WorldBridge Groupដែរ ដែលតំណាងឱ្យវិស័យឯកជនរបស់កម្ពុជាចូលរួម​វេទិកាសេដ្ឋកិច្ចពិភពលោក​នៅទីក្រុង Davos ។

នៅក្នុង​កម្មវិធីរាត្រីកម្ពុជានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានភ្លក់នូវ រស់ជាតិមុខម្ហូបប្រពៃណីខ្មែរជាច្រើមុនខ ព្រមទាំង​បានសំដែងនូវការកោតសរសើរ ចំពោះអ្នកឧកញ៉ាសៀ ឫទ្ធី ដែលបានរៀបចំនូវរាត្រីសមោរស រាត្រីកម្ពុជា​នេះឡើង ដើម្បីបង្ហាញដល់វាគ្មិនអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានស្វែងយល់ និងភ្លក់នូវមុខម្ហូបប្រពៃណីជាតិ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគទុនរបស់កម្ពុជា ត្រូវតែបង្កើននូវភាពប្រកួត ប្រជែងជាមួយនិងទីផ្សារអន្តរជាតិ អំពីផលិតផលខ្មែរ ពិសេសមុខម្ហូបប្រពៃណីជាតិ លើ គ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក។

អ្នកឧកញ៉ាសៀ ឫទ្ធី បន្ថែមថា ក្នុងនាមធុរជនកម្ពុជា អ្នកឧកញ៉ា​ពិតជាមានមោទនភាពចំពោះអ្វីៗ ដែលប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់និងចក្ខុវិស័យវែងឆ្ងាយ​របស់​សម្តេចតេជោ។ ប្រទេសកម្ពុជាមានស្ថិរភាព មានការគាំទ្រអាជីវកម្ម និងគាំទ្រវិស័យឯកជន ពិសេសស្វាគមន៍​អ្នកវិនិយោគមកពីជុំវិញពិភពលោក។

អ្នកឧកញ៉ា បានពន្យល់ថា ហេតុផលដែលសំខាន់បំផុត​ដែលកម្ពុជា ជាទីគាប់ប្រសើរ​សម្រាប់​ការវិនិយោគ និងធ្វើធុរកិច្ច សម្រាប់វិនិយោគ​អន្តរជាតិនោះ ​កត្តាទី១ និងសំខាន់ជាងគេបំផុតនោះ គឺប្រទេស​កម្ពុជាមានសុខសន្ដិភាព និងស្ថិរភាពនយោបាយមកជាង២ទសវត្សរ៍មកហើយ ហើយកត្តានេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ណាស់ ដែលអនុញ្ញាតឲ្យសេដ្ឋកិច្ច​កម្ពុជា​មានការរីកចម្រើន​មកទល់សព្វថ្ងៃនេះ។

បន្ថែមពីនេះ ការគ្រប់គ្រង​កូវីដ១៩​បានយ៉ាងល្អរបស់រាជរដ្ឋាភិបាល​កម្ពុជានាពេលកន្លងមកនេះ ក៏ជាកត្តាសំខាន់ណាស់ដែរសម្រាប់ការវិនិយោគ និងធុរកិច្ច។ ជាក់ស្ដែង សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​មានការបើកចំហយ៉ាងពេញលេញ ខណៈដែលប្រជាជន​កម្ពុជា​ជិត​១០០%ហើយ​ដែលបាន​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាអត្រា​ចាក់វ៉ាក់សាំងខ្ពស់បំផុត​មួយ​នៅក្នុងចំណោម​ប្រទេសនៅទូទាំងពិភពលោក។ កម្ពុជា​ក៏ជា​ប្រទេស​ដំបូងគេ​នៅអាស៊ាន​ ដែលបាន​ដកការរឹបន្ដឹង​ការធ្វើដំណើរ​ទាំងស្រុងពីក្រៅប្រទេសផងដែរ។​

អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ទៀតថា ប្រទេស​កម្ពុជា​ក៏មានការកែលម្អហេដ្ឋរចនាសម្ព័ន្ធ​ និងការកែលម្អផ្នែកដឹកជញ្ជូន​របស់ខ្លួន​យ៉ាងឆាប់រហ័សផងដែរ ដើម្បីឆ្លើយតប​ទៅនឹង​ការផ្លាស់ប្ដូរ​ខ្សែចង្វាក់​តម្លៃក្នុងតំបន់ និងការទទួលបានទីផ្សារ។

អ្នកជំនួញដ៏ល្បីល្បាញខាងកៀរគរការវិនិយោគិនពីក្រៅប្រទេសរូបនេះ ក៏បាន​សង្កត់ធ្ងន់ដែរអំពី​ការអភិវឌ្ឍ​កាន់តែល្អ​ប្រសើរ​​នៃបរិយាកាសវិនិយោគ​​នៅកម្ពុជា តាមរយៈ​ច្បាប់វិនិយោគថ្មី ដែលផ្ដល់ឱកាស​ដល់អ្នកវិនិយោគថ្មី​​នៅកម្ពុជា រួមទាំង​ការអនុគ្រោះពន្ធ៣ ទៅ៩ឆ្នាំ និងការលើកលែងពន្ធនាំចូល លើឧបករណ៍ និងធាតុចូលសំខាន់ៗសម្រាប់ផលិតកម្មជាដើម។

អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើតទៀតថា ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជាបានដើរលើមាគ៌ាយ៉ាងស្វាហាប់ ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្នកឧកញ៉ា មានប្រសាសន៍បន្តថា ភាពជាដៃគូគ្រប់ជ្រុងក្នុងតំបន់ (RCEP) ដែលទើបតែចូលជាធរមាននៅឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងជំរុញទំនុកចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងនាំមកនូវការវិនិយោគដោយផ្ទាល់ ពីបរទេសថ្មីៗ បន្ថែមទៀត។ ជាមួយនិងលទ្ធភាពទាំងអស់នោះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសេរី រីកចម្រើនក្នុងតំបន់។

សូមបញ្ជាក់ថា បើតាម​ការព្យារ​របស់រាជរដ្ឋាភិបាល​កម្ពុជានៅឆ្នាំ២០២២នេះ អាចនឹងមានការកើនឡើង​ ៥,៦% ខណៈតាមការប៉ាន់ស្មាន​នៅឆ្នាំ២០២១​សេដ្ឋកិច្ច​កម្ពុជា​មានកំណើន​ក្នុងរង្វង់៣%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យឯកឧត្តមជា សុផារ៉ា ដោះស្រាយបញ្ហានិងកែតម្រូវព្រំប្រទល់បឹងទន្លេសាបឡើងវិញ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ដោះស្…

លោក ហ្សេលេនស្គី ប្រាប់លោកខាងលិចឲ្យឈប់ចំណាយពេលជាមួយជារុស្ស៊ី ប៉ុន្ដែត្រូវថែមទណ្ឌកម្ម

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនហ្សេលេនស្គី បានជំរុញឱ្យលោកខាងលិចឈប់ចំណាយពេលច្រើនជាមួយរុស្ស៊ីទៀតទៅ ហើយត្រូវបន្តថែមទណ្ឌកម្មឲ្យកាន់តែតឹងរ៉ឹងជាងមុនទៀតល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ