ថ្នាក់ដឹកនាំ CDC ជំរុញឲ្យអ្នកវិនិយោគត្រូវហ៊ានលើកពីបញ្ហាប្រឈម

ថ្នាក់ដឹកនាំ CDC ជំរុញឲ្យអ្នកវិនិយោគត្រូវហ៊ានលើកពីបញ្ហាប្រឈម ដើម្បីរដ្ឋាភិបាលរកដំណោះស្រាយ


ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)លើកទឹកចិត្តឲ្យវិនិយោគិនទាំងអស់កុំឲ្យមានភាពទើសទាល់ក្នុងការលើកពីបញ្ហាប្រឈមនានា ដែលខ្លួនបានជួបប្រទះនៅក្នុងអំឡុងពេលវិនិយោគនៅកម្ពុជា ប្រាប់រាជរដ្ឋាភិបាល។ ការលើកទឹកចិត្តបែបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួល និងរកដំណោះស្រាយផ្សេងៗសម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនោះជូនពួកគេ។
ថ្នាក់ដឹកនាំ CDC ជំរុញឲ្យអ្នកវិនិយោគត្រូវហ៊ានលើកពីបញ្ហាប្រឈម

ការលើកឡើងបែបនេះរបស់ថ្នាក់ដឹកនាំ CDC ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអ្នកវិនិយោគ និងការចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ទីតាំងក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ បញ្ហាប្រឈមនានា និងការស្វែងរកដំណោះស្រាយសមស្របកាលពីពេលថ្មីៗ។ នៅក្នុងជំនួបនេះដែរ វិនិយោគិនបានប្តេជ្ញាថា ពួកគេនឹងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

នាជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងវិនិយោគិនដែលជាអ្នកអភិវឌ្ឍន៍ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣កាលពីពេលថ្មីៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍បានលើកឡើងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនដល់វិនិយោគិន។ ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យអ្នកវិនិយោគទាំងអស់ កុំមានភាពទើសទាល់ក្នុងការជម្រាបជូនអំពីបញ្ហាប្រឈមផ្សេងៗ ដើម្បីអាចឱ្យរាជរដ្ឋាភិបាលស្វែងរកនីតិវិធីដោះស្រាយនូវបញ្ហាប្រឈមទាំងនោះ រួមគ្នាបង្កលក្ខណៈអំណោយផលក្នុងការបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

បន្ថែមលើនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើពីគម្រោងថ្មីៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមសិក្សា និងសាងសង់ឡើងប្រាប់វិនិយោគិនទាំងនោះផងដែរ រួមមាន គម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការសិក្សាគម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងទាំងអស់នេះនឹងដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយតម្លៃឡូជីស្ទិកនៅកម្ពុជា។

ទទ្ទឹមនឹងនេះថ្នាក់ដឹកនាំរូបនេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសទាំង៣ និងក្រុមហ៊ុនទាំង៥ ដែលបានមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាកន្លងមក ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្តី ក៏ក្រុមហ៊ុននៅតែបន្តចង្វាក់ផលិតកម្មរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ដែលនេះជាការបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់តុកក្រុមហ៊ុនទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា គឺជាការចូលរួមចំណែកដ៏សំខាន់ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតបនឹងការលើកឡើងរបស់ថ្នាក់ដឹកនាំ CDC តំណាងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសទាំង៣ និងតំណាងក្រុមហ៊ុនទាំង៥ បានអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់ការគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងអស់ និងបានចុះមកពិនិត្យទីតាំងរោងចក្រជាក់ស្តែងរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ តំណាងក្រុមហ៊ុនទាំងនោះបានសម្តែងការស្វាគមន៍ច្បាប់ស្តីពីវិនិយោគថ្មី និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់វិនិយោគនៃកម្ពុជា ព្រមទាំងបានសន្យាថានឹងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត និងសន្យាថា នឹងពង្រីកគម្រោងវិនិយោគរបស់ខ្លួន ក៏ដូចជាបង្កើនខ្សែចង្វាក់ផលិតកម្មបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ខាងមុខ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូពាក់ព័ន្ធ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ក្នុងខេត្តព្រះសីហនុ រួមមានតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី ព្រមទាំងការចុះពិនិត្យមើលសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនចំនួន៥ដែលកំពុងវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះផងដែរ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសទាំង៣នេះបានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណ៣ម៉ឺន៣ពាន់នាក់៕




អត្ថបទបន្ទាប់


អ្នកជំនាញយល់ថា ការកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីរាជការ ជាការលើកកម្ពស់ថិវកាជាតិ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ចំពោះការជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ…

ប្រទេសម៉ាឡេស៊ីនឹងហាមឃាត់ការនាំចេញសារធាតុរ៉ែកម្រ ដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក

ព័ត៌មាន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសម៉ាឡេស៊ីនឹងបង្កើតគោលនយោបាយហាមឃាត់ការនាំចេញវត្ថុធាតុដើមកម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ