វិស័យធនាគារ

តើមានកត្តាអ្វីជំរុញឱ្យធនាគារកណ្ដាលចិន ផ្អាកទិញចូលមាស៤ខែជាប់ៗគ្នា?


ទិន្នន័យផ្លូវការបានបង្ហាញថា ធនាគារកណ្តាលចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បានផ្អាកទិញចូលមាសសម្រាប់ទុនបម្រុងអន្តរជាតិរបស់ខ្លួនរយៈពេល៤ខែជាប់គ្នាគិតត្រឹមខែសីហា ឆ្នាំនេះ។ តើមហាយក្សចិន ពេលនេះ មានមាសបម្រុងច្រើនកម្រិតណា និងមានតម្លៃប៉ុន្មាន?
វិស័យធនាគារ
ដោយ

​​ទិន្នន័យផ្លូវការបង្ហាញថា ធនាគារកណ្តាលចិន បានផ្អាកទិញចូលមាសសម្រាប់ទុនបម្រុងអន្តរជាតិរបស់ខ្លួនរយៈពេល៤ខែជាប់ៗគ្នាគិតត្រឹមខែសីហា ឆ្នាំនេះ ដោយប្រទេសនេះមានមាសបម្រុងសរុបប្រមាណជាង២.២៦៤តោន គិតត្រឹមដំណាច់ខែកក្កដា។ ទោះជាយ៉ាងណា ដោយសារហាងឆេងមាសនៅលើទីផ្សារអន្តជាតិ ហក់ឡើងខ្ពស់ បានធ្វើឱ្យតម្លៃមាសបម្រុងរបស់ចិន ហក់ឡើងពីជិត១៧៧ពាន់លានដុល្លារអាម៉េរិក គិតត្រឹមដំណាច់ខែកក្កដា ឈានដល់ប្រមាណ១៨៣ពាន់លានដុល្លារអាម៉េរិក។

តម្លៃមាស​កំពុងហក់ឡើងខ្ពស់នៅឆ្នាំនេះ ស្របពេលដែលពិភពលោកទាំងមូលកំពុងទន្ទឹងយ៉ាងអន្ទះសារង់ចាំឱ្យធនាគារកណ្ដាលអាម៉េរិក ចាត់វិធានការបញ្ចុះអត្រាការប្រាក់ក្នុងពេលដ៏ខ្លីខាងមុខ និងស្របពេលធនាគារកណ្ដាលនានាសម្រុកទិញចូលមាសទុកជាទុនបម្រុងអន្តរជាតិរបស់ខ្លួនដោយសារបារម្ភពីបញ្ហាភូមិសាស្ត្រនយោបាយ និងស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់។

តម្លៃមាសបានហក់ឡើងរហូតដល់ទៅ២១% នៅឆ្នាំនេះ ហើយតម្លៃនៅពេលនេះបានធ្លាក់ចុះតែបន្តិចបន្តួចប៉ុណ្ណោះពីតម្លៃកំណត់ត្រា២.៥៣២ដុល្លារ ក្នុង១អោន ឬ៣.០៩០ដុល្លារក្នុង១តម្លឹង គិតត្រឹមថ្ងៃទី២០ ខែសីហា។

សូមបញ្ជាក់ថា នៅមុនពេលផ្អាកការទិញចូលមាសរបស់ខ្លួន ធនាគារកណ្ដាលចិន បានសម្រុកទិញចូលមាសយ៉ាងសម្បើមរយៈពេល១៨ខែជាប់ៗគ្នា។ ធនាគារកណ្តាលចិន គឺជាអ្នកទិញចូលមាសច្រើនជាងគេបំផុតក្នុងចំណោមធនាគារកណ្ដាលទូទាំងពិភពលោកក្នុងឆ្នាំ២០២៣ ហើយការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកទិញចូលមាស ក៏បានធ្វើឱ្យតម្រូវការមាសពីបណ្ដាវិនិយោគិនចិន ធ្លាក់ចុះដែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ទោះជាយ៉ាងណា លោក ខាស្ទេន ម៉េង (Carsten Menke) អ្នកវិភាគមកពីធនាគារស្វីស ជូលៀស ប៊ែរ (Julius Baer ) បានលើកឡើងថា ធនាគារកណ្ដាលចិន ទំនងជានឹងចាប់ផ្តើមសម្រុកទិញចូលមាសឡើងវិញនៅពេលខាងមុខ បើទោះបីជាតម្លៃខ្ពស់យ៉ាងណាក៏ដោយ ហើយមូលហេតុចម្បងនៃការចាប់ផ្ដើមទិញចូលមាសឡើងវិញនេះ គឺដោយសារហេតុផលនយោបាយ ដូចជា ការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ជាដើម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ដាធនាគាររុស្ស៊ី កំពុងជួបអាសន្នអស់ប្រាក់យន់ ខណៈបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុចិន ដកខ្លួនចេញពីប្រទេសនេះ

ព័ត៌មាន
បណ្ដាធនាគារនៅប្រទេសរុស្ស៊ី នៅពេលនេះ កំពុងជួបអាសន្នអស់ប្រាក់យន់ របស់ចិន ហើយកត្តាដ៏ចម្បងដែលធ្វើឱ្យធនាគារទាំងនោះអស់ប្រាក់យន់ គឺដោយសារតែបណ្…

លោក ត្រាំ នឹងយកពន្ធ១០០% លើប្រទេសណាដែលឈប់ប្រើប្រាក់ដុល្លារ បើលោកឈ្នះឆ្នោត

ព័ត៌មាន
បេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រកាលពីចុងសប្តាហ៍មុនថា លោកនឹងធ្វើឱ្យប្រទេសដែលធ្វើពហិកាមិនប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ