អចលនទ្រព្យវៀតណាម

តើមានកត្តាអ្វីខ្លះធ្វើឱ្យតម្លៃផ្ទះជួលទីក្រុងហូជីមិញប្រទេសវៀតណាមបន្តដាំក្បាលចុះ?


អ្នកជំនាញបាននិយាយថា តម្លៃផ្ទះជួលនៅកណ្តាលទីក្រុងហូជីមិញបានបន្តធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវជាងការរំពឹងទុក។ តម្លៃត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះប្រមាណ៣០ភាគរយ ដោយសារអាជីវកម្មជាច្រើននៅកណ្តាលទីក្រុងហូជីមិញ ត្រូវបង្ខំចិត្តបិទ ព្រោះប្រតិបត្តិការអាជីវកម្មមានដំណើរការមិនសូវល្អ ដែលធ្វើឱ្យម្ចាស់ផ្ទះគ្មានជម្រើសអ្វីក្រៅពីបង្ខំជួលក្នុងតម្លៃទាប ដើម្បីទាក់ទាញអ្នកជួល។
អចលនទ្រព្យវៀតណាម
ដោយ

លោក ឃ្វៀន ថៃផុង ( Nguyễn Thái Phong) ម្ចាស់អចលនទ្រព្យម្នាក់បានប្រាប់សារព័ត៌មាន Việt Nam News ថា លោកត្រូវបង្ខំចិត្តបន្ថយតម្លៃជួលបន្ទប់ស្ប៉ារបស់ខ្លួនពីជិត១០០លានដុង ឫ ជាង៤ពាន់ដុល្លារក្នុងមួយខែ មកនៅត្រឹម៦៥លានដុង ឫជាង២ពាន់៦រយដុល្លារ នៅក្នុងមួយខែ ។

លោកបានអះ​អាងថា វារឿងចាំបាច់សម្រាប់ម្ចាស់ផ្ទះ និងអ្នកជួលក្នុងការចរចាគ្នាក្នុងអំឡុងពេលដ៏លំបាកមួយនេះ ព្រោះ​ភាគីទាំងពីរកំពុងតែរងគ្រោះដូចគ្នា។

អាគារ ឫផ្ទះជួលនានា នៅតាមផ្លូវមួយចំនួននៅក្នុងទីប្រជុំជនដូចជា លី ធូជុង, ហៃបា ជុង, ធឿង ឌិញ និងផ្លូវ ឃ្វៀន ត្រៃ ដែលពីមុនមានសភាពមមាញឹកដោយអាជីវកម្ម ដូចជាហាងធ្វើសក់ និងហាងលក់​ សម្លៀកបំពាក់ ឥឡូវនេះស្ងាត់ឈឹងគ្មានសកម្មភាព។

តម្រូវការអចលនទ្រព្យសម្រាប់ជួលនៅតំបន់កណ្តាលនៃទីក្រុងធំជាងគេរបស់ប្រទេសវៀតណាមមួយនេះ បានធ្លាក់ចុះ៦ភាគរយ ដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនអចលនទ្រព្យ Savills បានឲ្យដឹងថា តម្លៃជួលសម្រាប់ផ្ទះនៅតាមផ្លូវកណ្តាលក្នុងទីក្រុងហូជីមិញ បានជួបប្រទះ នឹងការធ្លាក់ចុះប្រចាំឆ្នាំជាមធ្យម៨​ភាគរយ ចាប់តាំងពីឆ្នាំ២០១៩ មក។ ប្រភពដដែលបាននិយាយថា តំបន់ជួលសរុបនៅកណ្តាលទីក្រុងបានឈានដល់តួលេខទាបបំផុតចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២២។

អ្នកជំនាញអចលនទ្រព្យបានសន្មតថា ទីផ្សារជួលអចលនទ្រព្យពាណិជ្ជកម្ម ដែលធ្លាក់ចុះ គឺដោយសារកំណើនសេដ្ឋកិច្ចយឺត និងការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកជួលងាកទៅរកការធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ។ កត្តានេះបានបង្ខំឱ្យម្ចាស់ផ្ទះត្រូវបង្ខំចិត្តផ្តល់ការបញ្ចុះតម្លៃពី២០ភាគរយ ទៅ៣០ភាគរយ ដើម្បីទាក់ទាញអ្នកជួល។

លោក ឡេ កុក គៀន ( Lê Quốc Kiên) អ្នកជំនាញអចលនទ្រព្យឯករាជ្យ បានព្យាករណ៍ថា តម្លៃជួលនឹងអាចឡើងដល់៨០ភាគរយ នៃកម្រិតតម្លៃនៅឆ្នាំ២០១៩ នៅត្រីមាសទីពីរ នៃឆ្នាំក្រោយ។ លោកបានណែនាំឱ្យអ្នកវិនិយោគនាពេលអនាគត ត្រូវដឹងពីតម្លៃជួលក្នុងតំបន់ និងរៀបចំផែនការឱ្យស្របតាមលក្ខខណ្ឌនោះ។

លោក ឃ្វៀន វៀត ធឹក ( Nguyễn Viết Túc) ឈ្មួញកណ្តាលអចលនទ្រព្យម្នាក់ បានអះអាងថា អនាគតនៃទីផ្សារជួលអចលនទ្រព្យនៅកណ្តាលទីក្រុងហូជីមិញ នៅតែមិនស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា នៅពេលអាជីវកម្មបន្តតស៊ូនៅក្នុងស្ថានភាពដ៏លំបាក ហើយអាកប្បកិរិយារបស់អ្នកប្រើប្រាស់នៅតែបន្តវិវឌ្ឍមិនច្បាស់លាស់ វាមិនច្បាស់ថា នៅពេលណា ទើបតម្លៃជួលនឹងត្រលប់ទៅរកកម្រិតមុនឆ្នាំ២០១៩ ឡើយ។

កត្តានេះវាបានបង្ខំឱ្យម្ចាស់អចលនទ្រព្យត្រូវពិចារណាផ្តល់លក្ខខណ្ឌជួល ដែលអាចបត់បែនបាន ឬបន្ថែមបរិក្ខារបន្ថែមទៀត ដើម្បីទាក់ទាញអ្នកជួល ខណៈដែលអ្នកជួលត្រូវតែមានភាពប្រាកដនិយមអំពីឧបសគ្គថវិការបស់ពួកគេ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អបអរសាទរអ្នកឈ្នះទឹកប្រាក់ ១០ម៉ឺនរៀលទាំង ៣០នាក់ ពីការចាប់រង្វាន់កាលពីថ្ងៃទី ១០ ខែតុលា

ព័ត៌មាន
អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៣០នាក់ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៣ ពីការ…

សង្គ្រាមនៅអ៊ីស្រាអែល កំពុងដាក់សម្ពាធបន្ថែមដល់វិស័យទេសចរណ៍ថៃ

ព័ត៌មាន
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន ត្រូវបានអ្នកជំនាញថៃ អះអាងថា កំពុងកាត់បន្ថយទំនុកចិត្តរបស់ភ្ញៀវទេសចរបរទេសជាថ្មី បន្ទាប់ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ