សភាពអឺរ៉ុប-តំបន់អាស៊ីអាគ្នេយ៍-សង្រ្គាមនៅអ៊ុយក្រែន

សភាពអឺរ៉ុបងាកមករកតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំង ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន


មេដឹកនាំសហភាពអឺរ៉ុប នឹងត្រូវជួបជាមួយសមភាគីមកពីតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នាទីក្រុងព្រុចសែល ចាប់ពីថ្ងៃពុធទី ១៤ខែធ្នូនេះ ជាមួយនឹងការសម្លឹងរកការពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធឡើងវិញរវាងសហភាពអឺរ៉ុបនិងតំបន់អាស៊ីអាគ្នេយ៍ នៅចំពេលដែលទ្វីបអឺរ៉ុប កំពុងរង្គោះរង្គើកាន់តែខ្លាំងឡើង ដោយសារតែវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
អឺរ៉ុបចង់ភ្ជាប់ទំនាក់ទំនងជាមួយអាស៊ានឡើងវិញ

ប្រធានាធិបតីបារាំង លោក អេម៉ានូអេល ម៉ាក្រុងនិយាយថា អឺរ៉ុបចង់ភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយអាស៊ាន ដោយជំរុញពាណិជ្ជកម្មជាមួយក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងពិភពលោក។

ការលើកឡើងបែបនេះពីប្រធានាធិបតីបារាំង ស្របពេលដែលសហភាពអឺរ៉ុបបាននឹងកំពុងជំរុញការទូត ដើម្បីពង្រឹងពិភពលោកជាធ្លុងមួយ ប្រឆាំងនឹងទីក្រុងមូស្គូ ខណៈដែលការលុកលុយលើអ៊ុយក្រែន ធ្វើឱ្យញាប់ញ័រ រង្គោះរង្គើដល់សេដ្ឋកិច្ច និងនយោបាយសកលលោក ពិសេសតំបន់អឺរ៉ុបតែម្ដង។ ទោះយ៉ាងណា សហភាពអឺរ៉ុបមើលឃើញថា ប្រទេសទាំង១០របស់អាស៊ាន មិនមានជំហរដូចគ្នាទាំងអស់ឡើយ ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរបស់វិមានក្រឹមឡាំង លើប្រទេសអ៊ុយក្រែន។

ជាក់ស្តែង សិង្ហបុរីបានដើរទន្ទឹមគ្នានឹងពួកបស្ចិមលោក ដោយបានដាក់ទណ្ឌកម្មមកលើរុស្ស៊ី ខណៈដែលវៀតណាម និងឡាវដែលមានទំនាក់ទំនងយោធាជិតស្និទ្ធជាមួយទីក្រុងមូស្គូ នៅតែមានជំហរអព្យាក្រឹតជាង។ ជាមួយគ្នានេះគេឃើញ ប្រទេសថៃបានអនុប្បវាទលើការបោះឆ្នោតរបស់អង្គការសហប្រជាជាតិកាលពីខែតុលា ដើម្បីថ្កោលទោសរុស្ស៊ីផងដែរ។

ទស្សនៈខុសគ្នាទាំងអស់នេះ កំពុងធ្វើឱ្យមានភាពមិនច្បាស់លាស់ជុំវិញការចេញសេចក្តីថ្លែងការណ៍រួមនៅក្រោយកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនាសប្តាហ៍នេះ ខណៈដែលសហភាពអឺរ៉ុបបានជំរុញឱ្យមានការប្រើប្រាស់សំណេរភាសាខ្លាំងជាងមុន ដើម្បីថ្កោលទោសទៅលើទីក្រុងម៉ូស្គូ។

គួរជម្រាបថា មេដឹកនាំសហភាពអឺរ៉ុប នឹងត្រូវជួបជាមួយសមភាគីអាស៊ាន ពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ នៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិចផងដែរ។

សូមបញ្ជាក់ថា បញ្ហារុស្ស៊ីមិនមែនជារឿងតែមួយគត់ដែលគ្របដណ្តប់លើកិច្ចប្រជុំនាសប្តាហ៍នេះឡើយ។ ខណៈដែលអឺរ៉ុបដាក់សម្ពាធឲ្យមានការថ្កោលខ្លាំងជាងមុនចំពោះរុស្ស៊ី ការទាមទាររបស់ចិនជុំវិញទំនាស់សមុទ្រចិនខាងត្បូង ជាមួយប្រទេសជិតខាងមួយចំនួន ដែលជាសមាជិកអាស៊ានដែរនោះ ក៏បានបង្កឱ្យមានការភ័យខ្លាចនៅក្នុងទ្វីបអឺរ៉ុបជុំវិញលំហូរពាណិជ្ជកម្មតាមរយៈផ្លូវទឹកដឹកជញ្ជូនដ៏មានសារៈសំខាន់មួយនេះដែរ។

ប៉ុន្តែចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់អាស៊ាន ហើយសមាជិកអាស៊ានជាច្រើន មានការប្រុងប្រយ័ត្នខ្លាំងណាស់ ក្នុងការឃ្លាតឆ្ងាយពីប្រទេសដៃគូដ៏ធំរបស់ពួកគេមួយនេះ។ ទោះយ៉ាងណា សហភាពអឺរ៉ុបមានបំណងចង់ដាក់ខ្លួនជាដៃគូដែលអាចទុកចិត្តបានសម្រាប់សេដ្ឋកិច្ចប្រកបដោយថាមពលនៅអាស៊ីអាគ្នេយ៍ ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

សូមជម្រាបថា សហភាពអឺរ៉ុប និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣រវាងគ្នា ហើយអឺរ៉ុបមើលឃើញថា តំបន់នេះជាប្រភពសំខាន់សម្រាប់វត្ថុធាតុដើម និងចង់បង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនខ្លាំងមួយនេះ។ បណ្តាប្រទេសសហភាពអឺរ៉ុបកំពុងជំរុញដើម្បីធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់សំខាន់ៗ ចេញឆ្ងាយពីប្រទេសចិន ក្រោយពេលដែលសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញពីភាពងាយរងគ្រោះរបស់អឺរ៉ុប ដែលពឹងផ្អែកខ្លាំងទៅលើប្រទេសណាមួយនោះ។

អឺរ៉ុបគ្រោងនឹងបង្ហាញផងដែរ នូវការវិនិយោគដែលអាចមានតម្លៃជិត ១១ពាន់លានដុល្លារ សម្រាប់តំបន់អាស៊ានក្រោមយុទ្ធសាស្រ្ត Global Gateway របស់ខ្លួន ដែលបានរចនាឡើងដើម្បីទប់ទល់នឹងឥទ្ធិពលក្រុមហ៊ុនធំៗរបស់ប្រទេសចិន៕




អត្ថបទបន្ទាប់


ចិនត្រៀមកញ្ចប់លុយ ១៤៤ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតឈីបក្នុងស្រុក និងប្រជែងជាមួយអាមេរិក

ព័ត៌មាន
ទីក្រុងប៉េកាំង នឹងបញ្ចេញប្រាក់ឧបត្ថម្ភធន និងការអនុគ្រោះផ្នែកពន្ធមួយចំនួន ដើម្បីជំរុញការស្រាវជ្រាវ និងផលិតឈីបក្នុងប្រទេសរបស់ខ្លួន ជាមួយកញ្ចប…

វៀតណាមកំណត់គោលដៅបង្កើនការវិនិយោគសិកម្មទ្វេដងនៅឆ្នាំ២០៣០ ជាមួយទុនវិនិយោគ ៣៤ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសវៀតណាមបានកំណត់គោលដៅបង្កើនការវិនិយោគបរទេសទ្វេដងក្នុងវិស័យកសិកម្មដែលអាចនឹងមានតម្លៃដល់ទៅ ៣៤ ពាន់លានដុល្លារនៅចុងឆ្នាំ២០៣០។ ទោះយ៉ាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ