បញ្ហាអំបិលកម្ពុជា

មន្ត្រីជំនាញថា ការផលិតអំបិលកំពុងខ្វះខាតកម្លាំងពលកម្មកាន់តែខ្លាំង ជំរុញឲ្យរដ្ឋគួរគិតគូរឧបត្ថម្ភធន


មន្ត្រីជំនាញនៃក្រសួងឧស្សាហកម្មអះអាងថា កង្វះកម្លាំងពលកម្ម និងបញ្ហាអាកាសធាតុបាន និងកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ផលិតកម្មផលិតអំបិលនៅកម្ពុជាកាន់តែខ្លាំងនាពេលបច្ចុប្បន្ន ដែលទាមទារឲ្យរដ្ឋគួរតែគិតគូរជួយឧបត្ថម្ភធនដល់កម្មករស្រែអំបិល។
រូបភាពស្រែអំបិល

ប្រឈមមុខ​នឹង​បញ្ហាខ្វះខាត​កម្លាំងពលកម្មនេះដែរ បានធ្វើឲ្យការផលិតអំបិលនៅឆ្នាំ២០២២ ធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបង្ខំឲ្យរាជរដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ និងនាំចូលអំបិលពីក្រៅប្រទេស ដើម្បីបម្រុងទុកសម្រាប់ត្រៀម​ផ្គត់ផ្តង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងករណីខ្វះអំបិលប្រើប្រាស់។

មន្ត្រីជំនាញឧស្សាហកម្ម​រំពឹងថា បញ្ហាកង្វះកម្លាំងពលកម្មនឹងត្រូវបានដោះស្រាយនាពេលខាងមុខ តាមរយៈការដាក់ចេញនូវយន្តការលើកទឹកចិត្ត និងឧបត្ថម្ភធនដល់កម្មករក្នុងវិស័យនេះ ពីសំណាក់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន កម្ពុជាមានតម្រូវការប្រើប្រាស់អំបិលប្រមាណ១០ម៉ឺនតោនក្នុង១ឆ្នាំ ខណៈឆ្នាំនេះការផលិតអំបិលសម្រេចបានប្រមាណ៤ម៉ឺនតោនប៉ុណ្ណោះ។

លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញពីបញ្ហា​ប្រឈមមួយចំនួន ដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការផលិតអំបិលនៅកម្ពុជា។ បញ្ហាទាំងនោះរួមមានកង្វះកម្លាំងពលកម្មក្នុងផលិតកម្ម និងបញ្ហាអាកាសធាតុ។ ពាក់ព័ន្ធបញ្ហាកង្វះកម្លាំងពលកម្ម ថ្នាក់ដឹក​នាំនាយកដ្ឋានកិ​ច្ចការសិប្បកម្មរូបនេះរំពឹងថា រាជរដ្ឋាភិបាល​នឹងមានគោលនយោបាយ​លើកទឹកចិត្ត និងឧបត្ថម្ភធន​ដល់កម្មករ ដែលបម្រើការងារ​ក្នុងវិស័យផលិតអំបិល ដែលរាជរដ្ឋាភិបាល​ចាត់ទុកជាផលិតផលយុទ្ធសាស្ត្រ។

បើតាមការវាយតម្លៃរបស់លោក ហួន សុរង្សី បញ្ហាកង្វះកម្លាំងពលកម្ម​ក្នុងផលិតកម្មអំបិលរបស់កម្ពុជា អាចបណ្តាមកពីប្រជាពលរដ្ឋ ដែលបម្រើការងារក្នុងវិស័យនេះបានផ្លាស់ទៅបម្រើ​ការងារក្នុងវិស័យផ្សេងៗ ដែលក្នុងនាមកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍អាចជម្រើសការងារច្រើនសម្រាប់ពួកគេ។ កត្តានេះហើយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់​ខ្ពស់​ពីរាជរដ្ឋាភិបាលក្នុងការរក្សា និងគាំពារកម្លាំងពលកម្មក្នុងវិស័យផលិតអំបិលនៅកម្ពុជា។

បើតាមការគូសបញ្ជាក់របស់លោក ហួន សុរង្សី បញ្ហាប្រឈមខាងលើបានធ្វើឲ្យទិន្នផលអំបិល​នៅឆ្នាំនេះមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០២១។ ជាក់ស្តែងនៅឆ្នាំនេះ កម្ពុជា ផលិតអំបិលបានប្រមាណ៤ម៉ឺនតោនប៉ុណ្ណោះ ខណៈកម្ពុជាមានតម្រូវការអំបិលសម្រាប់ប្រើប្រាស់ក្នុងរង្វង់១០ម៉ឺនតោនក្នុង១ឆ្នាំ។ តែយ៉ាងណាប្រធាននា​យកដ្ឋានកិច្ចសិប្បកម្មរូបនេះអះអាងថា កម្ពុជានឹងមិនជួបបញ្ហាខ្វះអំបិលសម្រាប់ប្រើប្រាស់នោះទេនៅឆ្នាំនេះ ដ្បិតកម្ពុជានៅសល់អំបិលក្នុងស្ដុកច្រើនកាលពីឆ្នាំមុន។ ម្យ៉ាងទៀត កម្ពុជាទទួលបានគោលការណ៍ក្នុងការនាំចូលអំបិលពីប្រទេសឥណ្ឌាប្រមាណ៦ម៉ឺនតោន ខណៈបច្ចុប្បន្នកម្ពុជាទើបនាំចូលបាន៤ពាន់តោន​ប៉ុណ្ណោះ សម្រាប់បម្រុងទុកក្រែងមានការខ្វះខាតអំបិលប្រើប្រាស់នាពេលខាងមុខ។ បើតាមការវាយតម្លៃរបស់លោក ហួន សុរង្សី ចាប់ពីពាក់កណ្តាលខែសីហា ដល់ដំណាច់ឆ្នាំ២០២២ កម្ពុជាអាចមានតម្រូវការអំបិលចន្លោះពី១ម៉ឺនតោនទៅ២ម៉ឺនតោន។

លោក ហួន សុរង្ស៊ី បានគូសបញ្ជាក់ផងដែរថា ចំពោះតម្រូវការអំបិលក្នុងរង្វង់១០ម៉ឺនតោនក្នុង១ឆ្នាំ កម្ពុជាបានប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងកសិកម្មក្នុងរង្វង់ជាង៣ម៉ឺនតោន និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមានប្រមាណ៥ម៉ឺនតោន។ បច្ចុប្បន្ននៅខេត្តកំពតនិងកែបមានផ្ទៃដីផលិតអំបិលប្រមាណ៤.៥០០ហិកតា ដោយ១ហិកតាអាចផលិតអំបិលបានជាង២០តោនក្នុង១ឆ្នាំ ប្រសិនបើអាកាសធាតុអំណោយផល ខណៈ ការប្រមូលផលអំបិលអាចធ្វើឡើងចន្លោះពីខែមករា ដល់ខែកក្កដា៕




អត្ថបទបន្ទាប់


ហេតុអ្វីក្រុមហ៊ុនយក្សផលិតបន្ទះឈីបរបស់ចិន SMIC ធ្លាក់ចុះប្រាក់ចំណេញ ២៥% នៅត្រីមាសទី២នៅឆ្នាំនេះ?

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីប (SMIC) ខ្នាតយក្សធំបំផុតរបស់ប្រទេសចិនបានបង្ហាញនូវរាយការណ៍ធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសដល់ទៅ ២៥% បន្ទាប់ពីរោងចក្…

សហភាពអឺរ៉ុប និងកូរ៉េខាងត្បូងថា ផែនការរបស់អាមេរិកដកពន្ធលើរថយន្តប្រើអគ្គិសនី អាចបំពានច្បាប់របស់អង្គការ WTO

ព័ត៌មាន
សហភាពអឺរ៉ុប និងប្រទេសកូរ៉េខាងត្បូងបានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនចំពោះសំណើលើកលែងពន្ធរបស់សហរដ្ឋអាមេរិក សម្រាប់ការទិញយានយន្តអគ្គិសនីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ