សង្គ្រាមនៅអ៊ុយក្រែន

សមរភូមិដ៏ក្តៅគគុកនៃក្រុង«សៀវរីរ៉ូដូណេក» ជាចំណុចស្លាប់រស់សម្រាប់តំបន់ដុនបាសរបស់អ៊ុយក្រែន


ប្រធានាធិបតីអ៊ុយក្រែនហ្សេលេនស្គី បានចេញមកនិយាយទទួលស្គាល់ថា ជោគវាសនានៃតំបន់ដុនបាសទាំងមូលរបស់អ៊ុយក្រែន គឺអាស្រ័យទៅលើសមរភូមិដ៏ស្វិតស្វាញ ជាមួយកងទ័ពរុស្ស៊ីនៅចំណុចកណ្តាលនៃទីក្រុងសៀវរីរ៉ូដូណេក ស្ថិតនៅភាគខាងកើតអ៊ុយក្រែនហើយ។
ជោគវាសនាតំបន់ដុនបាសអាស្រ័យក្រុងសៀវរីរ៉ូដូណេក!

ក្រុងសៀវរីរ៉ូដូណេក បាននិងកំពុងក្លាយជាសមរភូមិដែលកងទ័ពរុស្ស៊ីផ្តោតការវាយប្រហារខ្លាំងក្លា។ វាយប្រហារខ្លាំងក៏ដោយសារតែ វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពីទីក្រុងម៉ូស្គូ ដើម្បីដណ្តើមយកតំបន់ភាគខាងកើតអ៊ុយក្រែនទាំងស្រុងតែម្តង ពោលគឺតំបន់ដុនបាស។​ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តំបន់របស់អ៊ុយក្រែនដែលរុស្ស៊ីហៅថា ដុនបាស គឺចែកចេញជាខេត្តចំនួនពីរគឺ លូកហាន់ និង ដូណេក។ ​បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងស្ទើរតែទាំងអស់ទៅហើយនៃតំបន់ខាងលើ ពោលគឺនៅសល់តែក្រុងពីរប៉ុណ្ណោះ ដែលបន្តស្ថិតក្រោមការគ្រប់គ្រង់របស់អ៊ុយក្រែន និងកំពុងមានការវាយប្រយុទ្ធគ្នាខ្លាំងក្លា។ ក្រុងទាំងពីរនោះគឺក្រុងសៀវរីរ៉ូដូណេក និងក្រុងលីសីចាន់ ដែលស្ថិតនៅក្នុងខេត្តលូកហាន់។

លេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពនៅសៀវរីរ៉ូដូណេកគឺស្មុគស្មាញខ្លាំង កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារមិនដែលដាច់ មិនថាយប់ឬថ្ងៃនោះទេ។

នៅ​ក្នុង​សុន្ទរកថា កាលពី​ល្ងាចថ្ងៃព្រហស្បតិ៍​របស់ប្រធានាអ៊ុយក្រែនហ្សេលេនស្គី បាន​និយាយ​ថា​ការ​ប្រយុទ្ធ​​នៅតាមផ្លូវក្នុង​ទីក្រុង​គឺ​សាហាវ និងពិបាកទប់ទល់ខ្លាំង​ណាស់​។ លោកអះអាងថា សមរភូមិនេះប្រហែល​ជាសមរភូមិមួយដ៏លំបាក​បំផុត ក្នុងចំណោម​សមរភូមិនានា នៅក្នុង​សង្រ្គាម​មួយនេះ។

យ៉ាងក៏ដោយ​សេចក្តីរាយការណ៍ចុងក្រោយ​នាព្រឹកថ្ងៃសុក្រនេះ​ឱ្យដឹងថា កងកម្លាំងរបស់អ៊ុយក្រែន នៅតែបន្តឈរជើង កាន់កាប់ទីតាំង​របស់ពួកគេ​ដដែល ក្នុងការប្រយុទ្ធគ្នា​យ៉ាងខ្លាំងក្លានៅទីក្រុង​សៀវរីរ៉ូដូណេក។ លើសពីនេះពួកគេ បានដណ្តើមយកមកវិញនៅទីតាំងមួយចំនួននៅភាគខាងត្បូង​នៃទីក្រុងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ដោយឡែកបើគេនិយាយ​ពីស្ថានការណ៍​ជារួមតែម្តង ភាគីអ៊ុយក្រែនចាញ់ប្រៀប​កងកម្លាំងរុស្ស៊ីបន្តិចហើយ។ កងទ័ពអ៊ុយក្រែន​និយាយថា ក្តីសង្ឃឹមតែមួយគត់​របស់ខ្លួន​ក្នុងការបង្វែរស្ថានការណ៍ក្នុង​សមរភូមិមួយនេះ គឺជាការប្រើ​កាំភ្លើងធំ​បន្ថែមទៀតដើម្បីបាញ់ផ្លោងទៅកាន់​កងទ័ពរុស្ស៊ីវិញ ដោយសារតែ​កងកាំភ្លើង​ដ៏ធំ​របស់រុស្ស៊ីពិតជាមានឥទ្ធិពលខ្លាំងណាស់។

សូមជម្រាបថា សង្គ្រាមនៅអ៊ុយក្រែន​បានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្សេងទៀតបានភៀសខ្លួនចេញទៅក្រៅប្រទេស។ នេះនៅមិនទាន់រាប់បញ្ចូល​អ្នកដែលភៀសខ្លួនចូលផ្ទះសម្បែងនៅក្នុងប្រទេសផង។ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គីបានព្រមានថាមនុស្សរាប់លាននាក់ អាចដាច់ពោះស្លាប់ដោយសារតែការបិទខ្ទប់របស់រុស្ស៊ីនៅកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីជប៉ុនសាបរលាបឥទ្ធិពលសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈចិនកំពុងនាំមុខ?

ព័ត៌មាន
សេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន Niikkei របស់ជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុនបច្ចុប្បន្ន កំពុងស្រុតចុះនូវអំណាចសេដ្ឋកិច្ចសេដ្ឋកិច្ចរបស់ខ្លួន …

ក្រុមអ្នកបើកបរឡានដឹកទំនិញនៅកូរ៉េខាងត្បូងធ្វើកូដកម្ម ព្រោះប្រេងឥន្ធនៈឡើងថ្លៃ

ព័ត៌មាន
ក្រុមអ្នកបើករថយន្តធំៗដឹកទំនិញរបស់កូរ៉េខាងត្បូងរាប់ពាន់នាក់បានបន្តធ្វើកូដកម្មអស់រយៈពេល៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី ៩មិថុនា ដើម្បីតវ៉ាប្រឆាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ