ឥទ្ធិពល​វីរុសកូរ៉ូណា

ប្រទេសជាច្រើនក្នុងពិភពលោកផ្អាកជើងហោះហើរ រវាងចិនដោយសារ វីរុស កូរ៉ូណា


ការផ្ទុះឡើងនៃមេរោគ កូរ៉ូណា ដែលជាជម្ងឺឆ្លងពីមនុស្ស ទៅមនុស្សនោះ បានធ្វើឲ្យ ប្រជាជនទូទាំងសកលលោក កាន់តែព្រួយបារម្ភខ្លាំងពី បញ្ហាសុខភាពរបស់ពួកគេ ហើយបណ្តាប្រទេសមួយចំនួនក៏បានសម្រេចផ្អាកជើងហោះហើរជាមួយនឹងប្រទេសចិនផងដែរ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជម្ងឺនេះ មិនអោយចូលមកកាន់ ប្រទេសរបស់ពួកគេ តែអ្នកជំនាញបានអះអាងថា ការធ្វើដូច្នេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោក គួរតែធ្វើការស្កេនអ្នកដំណើរឆ្លងកាត់វិញ អាចប្រសើរជាងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសជាច្រើនក្នុងពិភពលោកផ្អាកជើងហោះហើរ រវាងចិនដោយសារ វីរុស កូរ៉ូណា (រូបភាព៖ www.laestrella.com.pa)
ដោយ

ដើម្បី​បង្ការ និង​ការពារ​ការ​រាតត្បាត​នៃ​ជម្ងឺ​ដ៏​កាច​សាហាវ កូ​រ៉ូ​ណា​នេះ បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា អា​មេ​រិ​ក និង​សិង្ហ​បុរី បាន​សម្រេច​ផ្អាក​ជើងហោះហើរ​របស់​ខ្លួន ជាមួយនឹង​ប្រទេស​ចិន ដោយ​ក្តី​កង្វល់​ពី កត្តា​ប្រឈម​ធំ​ៗ ដែល​អាច​កើត​មាន​មក​សុខភាព​របស់​ប្រជាជន​ពួក​គេ​។

សេដ្ឋកិច្ច​ប្រទេស​ចិន កំពុង​តែ​ជួប​ការ​លំបាក​ហើយ ដោយសារ​តែ តម្រូវការ​ប្រើប្រាស់​ធ្លាក់​ចុះ ឧស្សាហកម្ម​ផលិត​កាន់តែ​ថមថយ ហើយ​វិស័យ​ដឹក​ជញ្ជូន​ក៏​ជួប​បញ្ហា​នូវ​បញ្ហា​ដ៏​ស្មុគស្មាញ ពីព្រោះ​តែ មេរោគ​កូ​រ៉ូ​ណា​នេះ ហើយ​បញ្ហា​កាន់តែ​ធំ​គឺ ចិន ប្រឈម​នឹង​ការ​បាត់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ ដោយ​ពួក​គេ​បាន​សម្រេច​ផ្អាក​ជើងហោះហើរ ដែល​ជា​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។

សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និង​សិង្ហ​បុរី បាន​ហាមឃាត់ ជនជាតិ​បរទេស ដែល​បាន​ទៅ​ប្រទេស​ចិន ក្នុង​រយៈពេល ១៤​ថ្ងៃ​ចុង​ក្រោយ មិន​អោយ​ចូល​មក​កាន់ ប្រទេស​ទាំង ៣​នេះ​ឡើយ ខណៈ ជប៉ុន ក៏​បាន​ហាមឃាត់​ភ្ញៀវ​ទេសរ​បរទេស ដែល​បាន​ទៅ​កាន់​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន មិន​អោយ​ចូល ប្រទេស​ជប៉ុន ផង​ដែរ​។

ផ្តើមដំបូង ក្រុមហ៊ុន​អាកាសចរណ៍ British Airway របស់ អង់គ្លេស បាន​សម្រេច​ផ្អាក​ជើងហោះហើរ​ទាំងអស់​របស់​ខ្លួន​ទៅ​កាន់ ចិន ពេញ​មួយ​ខែកុម្ភៈ​តែ​ម្តង ក្រោម​ហេតុផល​ថា កាត់​បន្ថយ​សមត្ថភាព​ហោះហើរ ដោយសារ​តែ​មិន​មាន​តម្រូវការ​ជើងហោះហើរ តែ​យ៉ាងណាមិញ គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា គឺ​ដោយសារ​ការ​ព្រួយបារម្ភ​ពី ការ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា ចូល​មក​កាន់​ប្រទេស​របស់​ពួក​គេ​។

បន្ទាប់​ពី​នោះ ក្រុមហ៊ុន​អាកាសចរណ៍​របស់ អា​មេ​រិ​ក​ធំ​ៗ ចំនួន ៣ បាន​សម្រេច​ផ្អាក​ជើងហោះហើរ​របស់​ខ្លួន ជាមួយនឹង​ចិន រហូត​ដល់​ចុងខែ មីនា ឬ​ខែមេសា ទើប​បើក​ដំណើរការ​ឡើង​វិញ ហើយ​រដ្ឋាភិបាល​អា​មេ​រិ​ក ក៏​បាន​សម្រេច​ហាមឃាត់ ជនជាតិ​បរទេស ដែល​បាន​ទៅ​ប្រទេស​ចិន ក្នុង​រយៈពេល ១៤​ថ្ងៃ​ចុង​ក្រោយ មិន​អោយ​ចូល​មក​កាន់ អា​មេ​រិ​ក​ឡើយ លើកលែងតែ សមាជិកគ្រួសារ​ប្រជាជន​អា​មេ​រិ​ក និង​ប្រជាជន​រស់នៅ​អចិន្ត្រៃយ៍ តែ​យ៉ាងណា អា​មេ​រិ​ក ក៏​កំណត់​ឲ្យ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​តូច នៅ​អាច​ហោះហើរ​ជាមួយ ចិន បាន​។

ដោយឡែក រាជរដ្ឋាភិបាល​ថៃ ក៏​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ អ្នកដំណើរ ជា​ពិសេស​ជនជាតិ​ចិន ដែល​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ តែ​មិន​មានការ​ហាមឃាត់ ឬ​លុប​ជើងហោះហើរ​នោះ​ទេ ដោយសារ​តែ វិស័យ​ទេសចរ​ថៃ ត្រូវការ​ភ្ញៀវ​ទេសចរ​ចិន​ជា​ចាំបាច់​។

អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​វៀតណាម ក៏​បាន​សម្រេច​ផ្អាក​ជើងហោះហើរ​ជាមួយ ចិន ភ្លាម​ៗ​តែ​ម្តង ដោយ​ចាត់ទុកជា ផ្អែក​មួយ​នៃ​យុទ្ធសាស្ត្រ​ការពារ​ជម្ងឺឆ្លង​កូ​រ៉ូ​ណា​។

យោង​តាម​គេហទំព័រ Simple Flying បាន​គូសបញ្ជាក់​ថា បណ្តា​ប្រទេស​ជា​ច្រើន​ទៀត ដែល​សម្រេច​កាត់​បន្ថយ និង​ផ្អាក​ជើងហោះហើរ​ជាមួយ​និង ចិន រួម​មាន កា​ណា​ដា បារាំង ឥណ្ឌា មី​យ៉ា​ន់​ម៉ា កូរ៉េ ហ្វី​លី​ពី​ន អេ​ហ្ស៊ី​ប អា​រ៉ាប់​រួម និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​មានការ​លុប​ចោល​ជើងហោះហើរ​ជាង ១​ម៉ឺន​ជើង ក្នុង​រយៈពេល​ត្រឹមតែ ៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៣ ដល់ទី ២៨ ខែមករា​កន្លង​ទៅ​នេះ​។

អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ប្រមា​ន​ដែរ​ថា ការ​ហាមឃាត់​ជើងហោះហើរ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល ហើយ​វា​ក៏​មិន​មាន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ ជម្ងឺ​កូ​រ៉ូ​ណា នេះ​ដែរ គ្រប់​ប្រទេស​ទាំងអស់ គួរតែ​ធ្វើការ​ស្កេ​ន​អ្នកដំណើរ ដើម្បី​រក​មើល​អ្នក​ជម្ងឺឆ្លង គឺ​វា​ល្អ​ជាង ការ​ហាមឃាត់​ទាំងស្រុង​។

អង្គការ​សុខភាព​ពិភពលោក ក៏​បាន​បញ្ជាក់​ទៀត​ថា ចិន កំពុង​តែ​ដោះស្រាយ​យ៉ាង​សកម្ម​ហើយ នៅ​ក្នុង​បញ្ហា​នេះ ហើយ ចិន ក៏​បាន​ធ្វើការ​រឹត​បន្តឹង​លើ ការ​ហោះហើរ​ទៅ​ក្រៅប្រទេស​ផង​ដែរ ដោយសារ​តែ ការ​ផ្ទុះ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

សូមជ្រាប​ថា បើ​តាម​គណៈកម្មាធិការ​សុខាភិបាល​ចិន គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ករណី​មនុស្ស​ឆ្លង​មេរោគ Corona បាន​កើន​ដល់​ជាង ១​ម៉ឺន ៧​ពាន់​នាក់ និង​សម្លាប់​មនុស្ស​អស់​ជាង ៣៦០​នាក់ នៅ​ក្នុង​ប្រទេស​ចិន ក្រៅពី​នោះ​ក៏​មាន ការ​ព្យាបាល​បានជា​សះស្បើយ ប្រមាណ ៤៨០​នាក់​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារនិង​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​មួយ​គូ​ថ្មី​ទៀត​ហើយដែលច្របាច់បញ្ចូលគ្នា

ព័ត៌មាន
ធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ទទួលបានការអនុម័ត​ចុង​ក្រោយ​លើ​ការ​រួម​បញ្ចូល​គ្នាហើយ​ ហើយ​នឹង​​ក្លាយ​ជា​ធនាគារ​ពា…

ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា

ព័ត៌មាន
បញ្ហាមេរោគ កូរ៉ូណា កំពុងតែជះឥទ្ធិពលអាក្រក់ដល់ ប្រទេសថៃ សឹងតែគ្រប់វិស័យ ជាពិសេសគឺ វិស័យសេដ្ឋកិច្ច និងទេសចរណ៍ ក្រៅពីនោះ គឺនៅមានវិស័យឧស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ