សេដ្ឋកិច្ចអចលនទ្រព្យ

ក្រុមហ៊ុន Gemdale បង្កើនការលក់ទ្រព្យសកម្ម ដើម្បីសងបំណុល ខណៈតុលាការហុងកុងពន្យារពេលសវនាការលើ Evergrande


ក្រុមហ៊ុនអចលនទ្រព្យចិន Gemdale កំពុងបង្កើនការប្រឹងប្រែងលក់ទ្រព្យសកម្មរបស់ខ្លួននៅចំពោះមុខបំណុល ដែលជិតដល់ពេលកំណត់ចំនួន១០ពាន់លានយន់ ប្រហែលជាង១ពាន់លានដុល្លារអាម៉េរិក ចំពេលអាជីវកម្ម និងរំហូរសាច់ប្រាក់កាន់តែយ៉ាប់យ៉ឺន។ ជាមួយគ្នានេះ តុលាការក្រុងហុងកុង បានពន្យារពេលសវនាការជម្រះក្តីរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande រហូតដល់ថ្ងៃទី២៩ ខែមករា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចអចលនទ្រព្យ
ដោយ

ក្រុមហ៊ុន Gemdale ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយនៅប្រទេសចិន អាចគេចផុតពីការខកខានសងបំណុលបានម្ដង​ហើយចាប់តាំងពីខែវិច្ឆិកា​​​មកក្រុមហ៊ុននេះបានចុះបញ្ជីគម្រោងជាច្រើននៅតាមទីក្រុងធំៗ ដើម្បីលក់ទ្រព្យសកម្មរបស់ខ្លួនដោយសារព្រួយបារម្ភអំពីនិរន្តរភាពហិរញ្ញវត្ថុកាន់ខ្លាំងឡើង។ នេះបើតាមសារព័ត៌មាន Caixin ដែលទទួលបានពីប្រភពជាច្រើន។

ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុន Gemdale ដែលជួញដូរនៅក្រុងសៀងហៃ កំពុងពិភាក្សាជាមួយនឹងម្ចាស់ភាគហ៊ុនធំទីពីររបស់ខ្លួន គឺក្រុមហ៊ុន Futian Investment Holdings ដែលគ្រប់គ្រងដោយរដ្ឋទាក់ទងនឹងការលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងលំនៅឋានប្រណីតនៅកណ្តាលទីក្រុង Shenzhen ប៉ុន្តែភាគីទាំងពីរមិនទាន់ព្រមព្រៀងគ្នាពីតម្លៃនៅឡើយទេ ខណៈពួកគេកំពុងចរចាគ្នា​។

សារព័ត៌មាន Caixin បាននិយាយថា ជាងនេះទៅទៀត ក្រុមហ៊ុន Gemdale កំពុងស្វែងរកអ្នកទិញទ្រព្យសម្បត្តិការិយាល័យ និងឧទ្យានឧស្សាហកម្មរបស់ខ្លួននៅទីក្រុងស៊ាងហៃផងដែរ ហើយថា ពេលនេះអាទិភាព គឺត្រូវពន្លឿនការលក់យករួចខ្លួនដោយមិនគិតពីប្រាក់ចំណេញនោះទេ បើទោះជាវាមានន័យថា ជាការលក់ដោយបញ្ចុះតម្លៃយ៉ាងណាក៏ដោយ។

ទីភ្នាក់ងារវាយតម្លៃ Ratingdog ដែលមានមូលដ្ឋាននៅទីក្រុងហ្សិនជិន បានប៉ាន់ប្រមាណថា ប្រសិនបើការលក់របស់ក្រុមហ៊ុន Gemdale ធ្លាក់ចុះ៣០% នៅរវាងឆមាសទីពីរ ឆ្នាំ២០២៣ និងឆមាសទីមួយឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២២ នោះក្រុមហ៊ុននេះនឹងប្រឈមមុខនឹងកង្វះខាតប្រាក់ ដើម្បីសងបំណុលជាង៦៣៥លានដុល្លារ នៅក្នុងរយៈពេលមួយឆ្នាំទៀត។

បើតាមក្រុមហ៊ុនផ្តល់ទិន្នន័យ Dealing Matrix បានបង្ហាញថា ក្រុមហ៊ុន Gemdale មានមូលបត្របំណុលក្នុងស្រុកចំនួន១៧ ដែលមានតម្លៃសរុបជាង៣ពាន់លានដុល្លារ និងមូលបត្របំណុលមួយទៀតក្នុងតម្លៃ៤៨០លានដុល្លារអាម៉េរិក។

ទន្ទឹមនឹងនេះ កាលពីថ្ងៃចន្ទ តុលាការក្រុងហុងកុង បានសម្រេចពន្យារពេលសវនាការជម្រះក្ដីទាក់ទិននឹងការរំលាយក្រុមហ៊ុន China Evergrande Group រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយសារចៅក្រមបានស្នើសុំឱ្យអ្នកអភិវឌ្ឍន៍ ដែលកំពុងជួបវិបត្តិមួយនេះពិភាក្សាជាមួយនឹងអាជ្ញាធរ​ពាក់ព័ន្ធ ស្ដីពីលក្ខខណ្ឌនៃការរៀបចំរចនាសម្ព័ន្ធបំណុលជាថ្មី។

ក្រុមហ៊ុន Evergrande ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបានជំពាក់បំណុលច្រើនជាងគេបំផុតនៅលើពិភពលោករហូតដល់ជាង៣០០ពាន់លានដុល្លារអាម៉េរិកនោះបានខកខានសងបំណុលនៅក្រៅប្រទេសនៅចុងឆ្នាំ២០២១ ហើយបានក្លាយជាអ្នកប្រកាសអាសន្នពីវិបត្តិបំណុល ដែលបានលេបត្របាក់វិស័យអចលនទ្រព្យរបស់ចិនចាប់តាំងពីពេលនោះមក។

សវនាការជម្រះក្តីពីការរំលាយក្រុមហ៊ុននេះ បានបន្តនៅក្នុងតុលាការហុងកុងកាលពីថ្ងៃចន្ទ ចំពេលមានភាពមិនប្រាកដប្រជាអំពីថា តើក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះនឹងអាចដាក់សំណើររៀបចំរចនាសម្ព័ន្ធបំណុល«ជាក់ស្តែង»ដូចដែលបានបញ្ជាដោយតុលាការកាលពីខែតុលាដែរឬយ៉ាងណា៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃស្វាយស្រស់ឆ្នាំនេះល្អប្រសើរ តែកសិកររអ៊ូថា មិនសូវមានអ្នកប្រមូលទិញ

ព័ត៌មាន
ចាប់ពីខែធ្នូនេះតទៅ គឺជារដូវប្រមូលផលផ្លែស្វាយនៅកម្ពុជា ខណៈទីផ្សារស្វាយស្រស់ ក៏ចាប់ផ្ដើមបង្ហាញសញ្ញាណវិជ្ជមានជាបណ្ដើរៗ ផងដែរ ពោលតម្លៃផ្លែស្វាយស្…

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២៦ម៉ឺននាក់ បានដើរកម្សាន្តក្នុងពិធីបុណ្យសមុទ្រ៣ថ្ងៃនៅខេត្តកែប

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកែប បានគូសបញ្ជាក់ថា ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង២៦ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធិបុណ្យស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ