ទីផ្សារមាស

ស្របពេលពិធីបុណ្យចូលឆ្នាំចិនខិតជិតចូលមកដល់ តើតម្លៃមាសនៅកម្ពុជាមានការប្រែប្រួលយ៉ាងណា?


ក្រុមអាជីវករលក់មាស និងអ្នកជំនាញទីផ្សារមាស កត់សម្គាល់ឃើញថា នៅរៀងរាល់ឆ្នាំឱ្យតែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតចូលមកដល់តម្លៃមាសនៅកម្ពុជា ក៏ដូចជាលើទីផ្សារអន្តរជាតិ តែងតែមានការកើនឡើង។ប៉ុន្តែហាក់ខុសប្លែកពីរៀងរាល់ឆ្នាំ តម្លៃហាងឆេងមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារពិភពលោកនៅឆ្នាំនេះ ពុំមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់នោះទេ។ មិនមានការប្រែប្រួលខ្លាំង ក៏ដោយសារតែនៅមួយរយៈចុងក្រោយនេះ ហាងឆេងតម្លៃនៅកម្ពុជាបានហក់ឡើងខ្ពស់រួចទៅហើយ ដោយមួយតម្លឹងមានតម្លៃជាង២ពាន់៤រយដុល្លារ។
ទីផ្សារមាស
ដោយ

លោកបណ្ឌិត ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានគូសបញ្ជាក់ថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ និងកម្ពុជាបច្ចុប្បន្នហាក់មិនមានការប្រែប្រួលគួរឱ្យកាត់សម្គាល់នោះទេ ពោលគឺចាប់ពីដើមឆ្នាំ២០២៤ រហូតមកទល់ពេលនេះ ទីផ្សារមាសនៅកម្ពុជាអាចលក់ចេញបានក្នុងតម្លៃចន្លោះពីជាង២ពាន់៤រយដុល្លារទៅ២ពាន់៥រយដុល្លារក្នុង១តម្លឹង។ បើតាមអ្នកជំនាញរូបនេះ ជាទូទៅឱ្យតែរដូវចូលឆ្នាំចិនមកដល់ ទីផ្សារមាសតែងតែមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយសារតែទាំងជនជាតិចិន ឬអ្នកជាប់សែស្រឡាយចិនតែងនាំគ្នាទិញមាសធ្វើការកាដូ ឬអាំងប៉ាវជូនគ្នានៅក្នុងឱកាសនោះ។ ប៉ុន្តែសម្រាប់រដូវចូលឆ្នាំចិនឆ្នាំនេះ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា តម្លៃមាសហាក់មិនមានការកើនឡើងបន្ថែមទៀតនោះទេ ដ្បិតថាបញ្ហាភូមិសាស្រ្តនយោបាយ គួបផ្សំតម្លៃប្រាក់ដុល្លារមានទំនោរធ្លាក់ចុះនាពេលកន្លងទៅ បានធ្វើឱ្យតម្លៃមាសនៅមួយរយៈពេលចុងក្រោយនេះមានតម្លៃខ្ពស់រួចស្រាប់ទៅហើយ ខណៈដែលបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះក៏ធ្វើឱ្យពលរដ្ឋហាក់មិនសូវសម្រុកទៅទិញមាសក្នុងរដូវចូលចិនឆ្នាំនេះដែរ។

ជាមួយគ្នានេះ ម្ចាស់ហាងមាសពេជ្រ ទីមង្គល នៅរាជធានីភ្នំពេញ បានអះអាងដែរថា តម្លៃមាសនៅកម្ពុជា បានកើនឡើងគួរឱ្យកាត់សម្គាល់ចាប់តាំងពីចុងឆ្នាំ២០២៣មកម្ល៉េះ ហើយរហូតមកទល់ពេលនេះ គឺមិនមានការប្រែប្រួលបន្ថែមទៀតនោះទេ បើទោះបីជាជិតដល់ថ្ងៃចូលឆ្នាំចិនក៏ដោយ ជាក់ស្តែងតម្លៃមាសនៅហាងរបស់លោកបច្ចុប្បន្នលក់ចេញបានក្នុង១តម្លឹងជាង២ពាន់៤៦០ដុល្លារ។ យ៉ាងណាមិញ ចំពោះការបញ្ជាទិញពីអតិថិជននារដូវចូលឆ្នាំចិននេះវិញ លោកកត់សម្គាល់ឃើញថា ក៏មានការបញ្ជាទិញជាបន្តបន្ទាប់ផងដែរ។

យ៉ាងណាក៏ដោយចុះ លោក ឡុង សំណាង វាយតម្លៃថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ និងកម្ពុជានៅពេលខាងមុខនឹងអាចធ្លាក់ចុះមកវិញ ដោយសារតែពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានបញ្ជាក់អំពីភាពល្អប្រសើរនៃប្រាក់ដុល្លាររបស់ខ្លួន ហើយប្រសិនបើធនាគារកណ្តាលអាម៉េរិកដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនបន្ថែមទៀតនោះ វានឹងកាន់តែទាញទម្លាក់តម្លៃមាសឱ្យធ្លាក់ចុះខ្លាំងតែម្តង។ ហើយនៅក្នុងរយៈពេលខ្លីខាងមុខនេះ លោកជឿជាក់ថា តម្លៃមាសនឹងធ្លាក់ចុះមកវិញបន្តិចផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្ដម ស៊ុន ចាន់ថុល៖ កម្ពុជាទទួលបានគម្រោងវិនិយោគច្រើនក្នុងខែមករា បង្ហាញពីការទុកចិត្តរបស់ អ្នកវិនិយោគលើថ្នាក់ដឹកនាំកម្ពុជា

ព័ត៌មាន
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានបង្ហាញថា គ្រាន់តែនៅក្នុងរយៈពេលពេញមួយខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន…

ធនាគារប្រ៊ីដ សហការជាមួយបុរីចន្ទគីរីផ្តល់ជូនឥណទានគេហដ្ឋាន

ព័ត៌មាន
ធនាគារប្រ៊ីដ ជាធនាគារពាណិជ្ជឈានមុខគេដែលផ្តល់ជូនសេវាហិរញ្ញវត្ថុជាច្រើនប្រភេទ បានចុះអនុស្សរណៈយោគយល់ ជាមួយបុរីចន្ទគីរី ក្នុងគោលបំណងផ្តល់ជូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ