ធនាគារ-ហិរញ្ញវត្ថុ

តើ​កំណើនធនាគារនិងមីក្រូហិរញ្ញវត្ថុ​បង្កើតភាពវិជ្ជមាន​ឬ​អវិជ្ជមាន​អ្វីខ្លះ?


បច្ចុប្បន្ន នៅកម្ពុជាមានកំណើនធនាគារ និង មីក្រូហិរញ្ញវត្ថុគួរឲ្យកត់សម្គាល់។ លោក យុន សុវណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគមមីក្រូ​ហិរញ្ញវត្ថុកម្ពុជា បានប្រាប់ ខេមបូណូមីស ថា កម្ពុជាមានធនាគារ​និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុប ១២៧ស្ថាប័ន។
លោក យុន សុវណ្ណា នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា។
ដោយ

សូមអានបទសម្ភាសន៍​រវាងលោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រ ខេមបូណូមីស ជាមួយ លោក យុន សុវណ្ណា ដូចតទៅ៖ 

រ៉ឹម ភារី៖ សូមលោកជួយជម្រាបអ្នកអានអំពីស្ថានភាពបច្ចុប្បន្នក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។  

យុន សុវណ្ណា៖ បច្ចុប្បន្ន វិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែរ។ ជាពិសេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានពង្រីកសេវាដល់គ្រប់ខេត្តក្រុងទាំង២៥ និងបម្រើដល់ពេលរដ្ឋជិត២លានគ្រួសារ។  មួយវិញទៀត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទួលតួលេខចុងក្រោយ ថា បច្ចុប្បន្ន ធនាគារពាណិជ្ជ មានចំនួន ៣៩ ធនាគារឯកជនមានចំនួន ១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធម្មតា មានចំនួន៦៦ស្ថាប័ន។

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កំពុងកើនឡើង


 រ៉ឹម ភារី៖ ការរីកដូចផ្សិតរបស់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ផលវិជ្ជមាន ឬ អវិជ្ជមាន?

យុន សុវណ្ណា៖ ជាទូទៅ កំណើនវិស័យនេះ បានផ្តល់ផលវិជ្ជមានជាច្រើនដល់សង្គម ដូចជា ជំរុញការប្រកួតប្រជែងទាំងសេវា គុណភាព និងតម្លៃ។ ផលល្អ នៅត្រង់ថា ពលរដ្ឋអាចទៅរកសេវាកម្មកម្ចី ដែលមានការប្រាក់ទាបជាងមុន និងមានសេវាកាន់តែល្អជាងមុន។ យ៉ាងណាក៏ដោយ វិស័យនេះ វាក៏មិនល្អ១០០ភាគរយនោះទេ។ ប៉ុន្តែ ភាពអវិជ្ជមាន ខ្ញុំមិនចង់និយាយនោះ ព្រោះ វាផ្ទុយពីតួនាទីរបស់ខ្ញុំ។

លោក រ៉ឹម ភារី៖ កន្លងមក ស្ថាប័នមួយចំនួន បានឲ្យកម្ចីដល់ពលរដ្ឋដោយមិនបានអប់រំពីការប្រើកម្ចីឲ្យបានត្រឹមត្រូវ ដែលជំរុញឲ្យពលរដ្ឋជំពាក់បំណុលច្រើនពេករហូតគ្មានលទ្ធភាពសង។ តើលោកយល់យ៉ាងណាពាក់ព័ន្ធនឹងបញ្ហានេះ?

យុន សុវណ្ណា៖ តាមការសិក្សាស្រាវជ្រាវឯករាជ្យមួយកន្លងទៅនេះ បង្ហាញថា កម្រិតនៃកំណើនប្រាក់កម្ចី ដែលលើសប្រាក់ចំណូលមិនទាន់មានការព្រួយបារម្ភនៅឡើយទេ។ លើសពីនេះ កម្រិតដែលប្រជាជនមិនអាចបង់សងមកវិញ ក៏នៅទាបដែរ។ បញ្ហានេះ យើងបានព្យាយាមអប់រំផ្នែកប្រត្តិបត្តិករហិរញ្ញវត្ថុយ៉ាងទូលំទូលាយថា មុនផ្តល់កម្ចី ជាពិសេស ពលរដ្ឋដែលមានកម្រិតចំណេះដឹងទាប ពលរដ្ឋងាយរងគ្រោះ និង មានចំណូលទាប ប្រតិបតិបត្តិករដែលផ្តល់សេវានេះ ត្រូវផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ និង ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និង តម្លាភាពដល់បងប្អូនពលរដ្ឋដែលជាអ្នកទទួលសេវា។ ដោយឡែក ពលរដ្ឋវិញ ត្រូវតែប្រុងប្រយ័ត្ន ហើយគួរតែស្វែងយល់ព័ត៌មានឲ្យបានច្រើន ប្រៀបធៀបការផ្តល់សេវាពីស្ថាប័នមួយទៅស្ថាប័នមួយទៀត ដើម្បីទទួលបានសេវាកាន់តែល្អ។ មួយទៀត ពលរដ្ឋ គួរតែមើលទៅលើតម្លៃ និងលក្ខខ័ណ្ឌ ព្រមទាំង រកសេវាពីធនាគារ ឬ មីក្រូហិរញ្ញវត្ថុណាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

រ៉ឹម ភារី៖ តើភាគច្រើន ពលរដ្ឋប្រើប្រាស់កម្ចីលើវិស័យអ្វីខ្លះ? 

យុន សុវណ្ណា៖ របាយការណ៍ឆ្នាំ២០១៦របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ពលរដ្ឋកម្ពុជា បានខ្ចីលុយទៅប្រើក្នុងវិស័យកសិកម្ម មានចំនួន ៣៣.៣៣ ភាគរយ យកទៅប្រើក្នុងការផលិតកែច្នៃ៩ភាគរយ ពាណិជ្ជកម្ម ១៨.៥ ភាគរយ សេវាកម្ម៩.៩ភាគរយ ដឹកជញ្ជូន៤.៣ភាគរយ សាងសង់៣.២ភាគរយ ប្រើប្រាស់ក្នុងគ្រួសារមាន ២៨.៤ភាគរយ៕     

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចូលដល់​ខែមករា​ឆ្នាំនេះ តម្លៃជ័រ​កៅស៊ូ​ក្រែប ចាប់​ផ្ដើម​រអិល​ធ្លាក់ចុះ​តម្លៃ!

ព័ត៌មាន
តម្លៃ​ជ័រកៅ​ស៊ូក្រែប នៅដើម​ឆ្នាំ២០១៨ នេះ ហាក់បី​ដូចជា​បង្ហាញនូវ​សញ្ញាធ្លាក់​ចុះគួរ​ឲ្យកត់​សម្គាល់ បើធៀប​នឹងតម្លៃកៅ​ស៊ូកាលពី​ឆ្នាំដើម​…

សភាអាមេរិកបានអនុម័តការបន្តកម្មវិធីនៃការអនុគ្រោះពន្ធ (GSP) ដល់កម្ពុជារហូត​ដល់​ចុងឆ្នាំ២០២០

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់សារព័ត៌មាន ខេមបូណូមីស ថា អាមេរិក នឹងបន្តកម្មវិធីនៃការអនុគ្រោះពន្ធ (GSP) រហូតដល់ចុងឆ្នាំ២០២០ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ