ខេត្តកំពង់ស្ពឺនៅតែមានតម្រូវការកម្មករកម្មការិនីជាង៥ពាន់នាក់

អភិបាលខេត្តកំពង់ស្ពឺអះអាងថា ខេត្តនេះនៅតែមានតម្រូវការកម្មករកម្មការិនីជាង៥ពាន់នាក់ បើទោះបីមានរោងចក្រ១បានបិទទ្វារក្ដី


ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ បានបង្ហាញការសោកស្តាយចំពោះការបិទរោងចក្រស្បែកជើងមួយកន្លែងនៅក្នុងខេត្តនេះ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យបាត់បង់ការបញ្ជាទិញ។ ទោះយ៉ាងណា អភិបាលខេត្តកំពង់ស្ពឺ អះអាងថា នៅក្នុងខេត្តនេះ បច្ចុប្បន្នក៏មានការបង្កើតរោងចក្រថ្មីៗ ជាបន្តបន្ទាប់ទៀត និងកំពុងមានតម្រូវការកម្មករនិយោជិតប្រមាណជាង ៥ពាន់បន្ថែមផងដែរ។
ខេត្តកំពង់ស្ពឺនៅតែមានតម្រូវការកម្មករកម្មការិនីជាង៥ពាន់នាក់

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ASF Sporting Good Co.,Ltd នាថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៣ បានបង្ហាញថា ដោយសារវិបត្តិសេដ្ឋកិច្ចសាកល និងបញ្ហាសង្គ្រាមរវាងរស្ស៊ី និងអ៊ុយក្រែនដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ បានធ្វើនាំឱ្យរោងចក្រខ្លួនមិនមានការបញ្ជទិញ ហើយក្រុមហ៊ុនក៏អស់លទ្ធភាពក្នុងការរង់ចាំការបញ្ជាទិញពីភ្ញៀវតទៅទៀតដែរ។ ដូច្នេះហើយ ក្រុមហ៊ុន ASF Sporting Good Co.,Ltd នឹងបិទដំណើរការរោងចកក្ររបស់ខ្លួនទាំងស្រុងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។ ជុំវិញបញ្ហានេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការប្រកាសបិទរបស់រោងចក្រនេះ គឺដោយសារក្រុមហ៊ុនមិនទទួលបានការបញ្ជាទិញ ដូចនេះហើយក្រុមហ៊ុនមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកប្រាក់ខែឱ្យកម្មករកម្មការិនី និងបុគ្គលិកបន្តទៀតបាន។

អភិបាលខេត្តកំពង់ស្ពឺរូបនេះ បានសង្កត់ធ្ងន់ថា ការបោះទុនរកស៊ីរបស់វិនិយោគិនបរទេសនៅកម្ពុជា គឺពួកគេតែងតែត្រូវការប្រាក់ចំណេញត្រឡប់ទៅវិញ ក៏ប៉ុន្តែនៅពេលដែលមានការខាតបង់នោះ ប្រាកដណាស់ពួកគេនឹងត្រឡប់ទៅវិញ។ បើតាមថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺរូបនេះ រោងចក្រដែលបានប្រកាសឈប់ដំណើរការនេះ មានកម្មករនិយោជិតកំពុងបម្រើការងារសរុបប្រមាណ ២៦៤នាក់។

ទោះបីមានរោងចក្រខ្លះបានប្រកាសបិទដំណើរការអាជីវកម្មរបស់ខ្លួនក៏ពិតមែន ប៉ុន្តែឯកឧត្តម វ៉ី សំណាង ក៏បានបញ្ជាក់ឱ្យដឹងដែរថា នៅក្នុងខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ន ក៏មានរោងចក្រមួយចំនួនបានបង្កើតថ្មីៗជាបន្តបន្ទាប់ផងដែរ ខណៈរោងចក្រទាំងនោះក៏កំពុងមានតម្រូវការកម្មករកម្មការិនីប្រមាណជាង ៥០០០នាក់បន្ថែមទៀត។ ដូច្នេះហើយកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុងរោងចក្រ ដែលបានប្រកាសបិទទ្វារនៅខែតុលាខាងមុខនេះ ពួកគាត់អាចបន្តការងារនៅក្នុងរោងចក្រថ្មីៗ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មនាពេលបច្ចុប្បន្ននេះបាន។

បើតាមរបាយការណ៍ពីក្រសួងការងារ បច្ចុប្បន្នខេត្តកំពង់ស្ពឺមានកម្មករនិយោជិតកំពុងបម្រើការងារសរុបជាង១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ ៤៧០លានដុល្លារក្នុងមួយឆ្នាំៗ នៅតាមរោងចក្រ-សហគ្រាសចំនួន ៣៨៥។ ក្នុងនោះ សម្រាប់វិស័យកាត់ដេរមានចំនួន១៩១ រោងចក្រ និងប្រើកម្លាំងកម្មករនិយោជិតសរុបជិត១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ៤៣០លានដុល្លារក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា នៅឆមាសទី១ឆ្នាំ២០២៣ ការនាំចេញផលិតផលវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បានធ្លាក់ចុះជិត២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះនៃការបញ្ជាទិញ ដែលបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចសកលធ្លាក់ចុះ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីបានធ្វើជាអធិបតីភាពក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់…

ក្រុមអ្នកជំនាញវិស័យទេសចរអំពាវនាវឱ្យទប់ស្កាត់ការផ្សព្វផ្សាយចំណុចអវិជ្ជមានពីកម្ពុជា

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃការផ្សព្វផ្សាយចំណុចអវិជ្ជមានហួសហេតុអំពីកម្ពុជាថា នឹងធ្វើឱ្យកម្ពុជាមានការខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ