កម្ពុជា នឹងមានព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត

៥ឆ្នាំទៀត កោះរ៉ុងនឹងមានព្រលានយន្តហោះអន្តរជាតិតម្លៃ៣០០លានដុល្លារ បើកដំណើរការ


កម្ពុជា នឹងមានព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ខេត្តព្រះសីហនុ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣០០លាន ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។
៥ឆ្នាំទៀត កោះរ៉ុងនឹងមានព្រលានយន្តហោះអន្តរជាតិតម្លៃ៣០០លានដុល្លារ បើកដំណើរការ

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អាកាសយានដ្ឋានដែលបំរុងនឹងធ្វើការសាងនៅលើកោះរ៉ុងនេះ ជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគ ដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តម បន្ថែមថា ការចូលរួមក្នុងភាពជាដៃគូពីក្រុមហ៊ុន Royal Group បានបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់ជំរុញឱ្យមានកំណើន និងការទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលវែង។ ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក-ក្រៅស្រុកតាមផ្លូវអាកាសរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០លាន ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំផងដែរ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក យល់ឃើញថា ការចុះកិច្ចព្រមព្រៀង លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនេះ គឺជាដំណឹងល្អសម្រាប់កម្ពុជា ហើយប្រសិនជាគម្រោងនេះ ដំណើរការទៅតាមផែនការដោយរលូននោះ លោកអះអាងថា គឺជាក្តីសង្ឃឹមមួយក្នុងការជួយជំរុញឱ្យតំបន់កោះរបស់កម្ពុជាកាន់តែមានការអភិវឌ្ឍ និងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។ លោក ធួន ស៊ីណាន បានសង្កត់ធ្ងន់ថា ដោយសារតំបន់កោះរ៉ុង គឺជាកោះដ៏ធំមួយរបស់កម្ពុជា និងមានកោះតូចៗជាច្រើនទៀតនៅជិតផងដែរ ដូចនេះ បើសិនមានអាកាសយានដ្ឋាននៅតំបន់នោះដូចនេះ លោកជឿជាក់ថា នេះគឺជាការតភ្ជាប់សំខាន់មួយទៀតរបស់កម្ពុជាជាមួយភ្ញៀវទេសចរ ទាំងក្នុងស្រុក ក្រៅស្រុក និងក្នុងតំបន់ផងដែរ។

បើតាម ឯកឧត្តម ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ដែរថា ខេត្តព្រះសីហនុ ពិតជាមានក្តីសាទរចំពោះគម្រោងនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងបែបនេះ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះគម្រោងក៏មានតម្លៃនេះ គឺនឹងចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងការបម្រើដល់សេវាកម្មទេសចណ៍តែម្តង ដោយលោកមានក្តីសង្ឃឹមថា គម្រោងនេះនឹងកាន់តែទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត មកកាន់តំបន់កោះរ៉ុង និងខេត្តព្រះសីហនុ។ ខណៈតំបន់កោះរ៉ុង និងប្រជុំកោះរ៉ុងសុទ្ធតែជាតំបន់អេកូទេសចរណ៍ជីវចម្រុះ។

សូមជម្រាបថា បើតាមឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ គម្រោងសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង ស្ថិតនៅក្នុងក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុនយ៉ូញៀន (UDG) នៅតំបន់តារាសាគរដែរ (ការវិនិយោគឯកជន ១០០% សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង)។ ម្យ៉ាងវិញទៀត គម្រោងនេះ ក៏មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ ផែនការគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕




អត្ថបទបន្ទាប់


ថៃជំរុញឱ្យសហគ្រិនខ្លួនត្រូវប្រុងប្រយ័ត្នពីសង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក-ចិន ដែលអាចនឹងតានតឹងខ្លាំងនៅឆ្នាំនេះ

ព័ត៌មាន
មន្រ្តីជំនាញនៃរដ្ឋាភិបាលថៃបានដាស់តឿនដល់សហគ្រិនក្នុងស្រុក របស់ខ្លួនឱ្យតាមដានយកចិត្តទុកដាក់ចំពោះសង្គ្រាមបច្ចេកវិទ្យារវាងអាមេរិកនិងចិន ដែលនឹ…

រដ្ឋប្រកាសនឹងបោះផ្សាយលក់បណ្ណបំណុល ២០០លានដុល្លារទៀតក្នុងឆ្នាំ២០២៣ ទោះការបោះផ្សាយលក់ឆ្នាំមុនមិនសូវមានផ្លែផ្កាក្ដី

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីផែនការបន្តបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២០០លានដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៣នេះ ខណៈកាលពីឆ្នាំ២០២២ តាមរយៈធនាគា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ