ពុះដីឡូតិ៍ Vs ផែនការអភិវិឌ្ឍន៍វិស័យកសិកម្ម និងឧស្សាហកម្ម

តើការយកដីស្រែ ដីចម្ការពុះជាឡូតិ៍ធ្វើអាជីវកម្មអាចប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍វិស័យកសិកម្ម និងឧស្សាហកម្មដែរឬទេ?


យើងសង្កេតឃើញថានៅប៉ុន្មានឆ្នាំចុងក្រោយនេះមានក្រុមហ៊ុនពុះដីឡូតិ៍ជាច្រើនបានប្រែក្លាយដីស្រែ និងដីចម្ការទៅជាដីអាជីវកម្មតាមរយៈការពុះឡូតិ៍លក់ជូនប្រជាពលរដ្ឋ បន្ទាប់ពីពួកគេមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យអចលនទ្រព្យនៅកម្ពុជា។ សម្រាប់ការាធ្វើអាជីវកម្មដីឡូតិ៍នេះមានក្រុមហ៊ុនមួយចំនួនក៏ទទួលបានជោគជ័យ និងក្រុមហ៊ុនមួយចំនួនក៏បរាជ័យ។
តើការយកដីស្រែ ដីចម្ការពុះជាឡូតិ៍ធ្វើអាជីវកម្មអាចប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍វិស័យកសិកម្ម និងឧស្សាហកម្មដែរឬទេ?

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់មានដីឡូតិ៍ជាច្រើននៅជាយរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនត្រូវបានទុកចោលហាក់មិនមានការអភិវឌ្ឍន៍ ដូចអ្វីដែលក្រុមហ៊ុនមួយចំនួនបានសន្យាពេលបើកលក់គម្រោងដីឡូតិ៍ដំបូងនោះទេ។ តើការប្រែក្លាយដីស្រែ និងដីចម្ការជាដីឡូតិ៍សម្រាប់ធ្វើអាជីវកម្មអាចប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍វិស័យកសិកម្ម និងឧស្សាហកម្មរបស់កម្ពុជាដែរឬទេ? ហើយការជាប់គាំងការអភិវឌ្ឍន៍ក្នុងគម្រោងដីឡូតិ៍មួយចំនួនអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងណាសម្រាប់វិស័យនេះ?

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា ការយកដីស្រែ ដីចម្ការពុះធ្វើជាឡូតិ៍សម្រាប់ធ្វើអាជីវកម្មវាគ្រាន់តែអាចធ្វើឲ្យប៉ះពាល់ដល់ការធ្វើកសិកម្មរបស់ពលរដ្ឋតែប៉ុណ្ណោះ ប៉ុន្តែវាមិនបានបង្កផលប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់កម្ពុជានោះទេ។ ការជឿជាក់បែបនេះ ក៏ដោយសារលោកមើលឃើញថា កម្ពុជានៅសល់ដីទំនេរច្រើនទៀតសម្រាប់បម្រើឲ្យវិស័យមួយនេះ។ ម្យ៉ាងទៀតលោកជឿជាក់ថា លើការគ្រប់គ្រងគោលនយោបាយគ្រប់គ្រងដីកសិកម្មរបស់រាជរដ្ឋាភិបាល ដែលជាទូទៅមុនក្រែក្លាយដីកសិកម្មទៅជាដីលំនៅឋានតម្រូវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍សុំច្បាប់អនុញ្ញាតពីក្រសួងស្ថាប័នពាក់ព័ន្ធជាមុនសិន។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការពុះដីឡូតិ៍របស់ក្រុមហ៊ុនមួយចំនួនកន្លងមកទំនងជាអាចពិបាកអភិវឌ្ឍន៍ជាអគារលំនៅឋាន ដោយសារគ្មានហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធលូ ទឹក និងភ្លើងត្រឹមត្រូវ ម្យ៉ាងដីមានព្រំប្រទល់ជាប់គ្នាញឹកពេក។

ហាក់ផ្ទុយពីការលើកឡើងរបស់អ្នកជំនាញខាងលើ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាយល់ឃើញថា ការប្រែកែដីកសិកម្មទៅដីឡូតិ៍វាមិនបានបង្កើតឲ្យមានកំណើនសេដ្ឋកិច្ចដូចការធ្វើកសិកម្មនោះទេ ដ្បិតអាជីកម្មដីឡូតិ៍អាចផ្តល់អត្ថប្រយោជន៍ដល់មនុស្សមួយក្រុមតូចតែប៉ុណ្ណោះ។ សម្រាប់អ្នកជំនាញរូបនេះការយកដីស្រែ ដីចម្ការទៅពុះដីឡូតិ៍មិនត្រឹមរារាំងដល់ការផលិតក្នុងវិស័យកសិកម្មប៉ុណ្ណោះទេ ថែមទាំងអាចរារាំងដល់ការផលិតក្នុងវិស័យឧស្សាហកម្មផងដែរ។

គួរបញ្ជាក់ថា កាលពី៤ទៅ៥ឆ្នាំមុនវិស័យពុះដីឡូតិ៍មានភាពផុសផុល និងទទួលបានការគាំទ្រយ៉ាងខ្លាំងមែនទែនពីអតិថិជន ជាពិសេសនៅតំបន់ជាយរាជធានីភ្នំពេញតែម្តង។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺបន្ទាប់ពីកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ចរន្តទិញលក់ក្នុងវិស័យនេះហាក់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយគម្រោងពុះដីឡូតិ៍ថ្មីៗក៏មិនសូវមានផងដែររនៅមួយរយៈចុងក្រោយនេះ។

ពាក់ព័ន្ធបញ្ហានេះឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រប្យ CPL បានគូសបញ្ជាក់កាលពីពេលកន្លងមកថា កត្តាដែលធ្វើឲ្យវិស័យដីឡូតិ៍ហាក់នៅទ្រឹង និងបាត់បង់ការគាំទ្រ គឺដោយសារម្ចាស់គម្រោងពុះដីឡូតិ៍មួយចំនួនមិនបានគិតគូពីហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធលូ ទឹក ភ្លើង និងទីធ្លាសាធារណៈជាដើម។ ការមិនទទួលបានប្រាក់ចំណេញដូចអ្វីដែលម្ចាស់គម្រោង ឬភ្ញាក់ងារលក់អះអាងពេលបើកលក់គម្រោងដំបូង ក៏ជាមូលហេតុធ្វើប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើវិស័យនេះផងដែរ ព្រោះជាធម្មតាអ្នកទិញដីឡូតិ៍តែងតែចង់បានប្រាក់ចំណេញ និងចង់ឃើញតំបន់នោះមានការអភិវឌ្ឍន៍៕




អត្ថបទបន្ទាប់


ប្រទេសណាខ្លះជាទីផ្សារនាំចូលច្រើនជាងគេរបស់កម្ពុជានៅឆមាសទី១ឆ្នាំ២០២៣?

ព័ត៌មាន
ការនាំចូលទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង១២ពាន់លានដុល្លារថយចុះ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ អ្នកជំនាញក្នុងវិស័យស…

កត្តាអ្វីខ្លះនាំឲ្យធនាគារ ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី និង ប៉ាស៊ីហ្វិក ក្នុងអត្រា ៤,៨% នៅឆ្នាំ២០២៣?

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រក្សាទស្សនវិស័យកំណើនរបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិក ក្នុងអត្រា ៤,៨% នៅ ឆ្នាំ នេះ ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ