Advertisement
Advertisement
Advertisement
ស្ដេចល្បែង​ម៉ាកាវដ៏មានឥទ្ធិពល​ស្លាប់ហើយ!

"ស្ដេចល្បែង"ដែលជាអ្នក​កសាង​ទីក្រុងម៉ាកាវដ៏ល្បីឈ្មោះ បានស្លាប់ហើយ នៅអាយុ៩៨ឆ្នាំ


លោក ស្តេនលី ហូ (Stanley Ho) ជាអ្នកធ្លាប់រកស៊ី​ប្រេង​កាត ដែល​បាន​កសាង​អាណាចក្រ​កាស៊ីណូ​នៅទីក្រុង​ម៉ាកាវ និង​បានធ្វើ​ឲ្យ​ដែនកោះ​របស់​ចិន​មួយ​នេះ ដណ្ដើម​តំណែង​ជា​មជ្ឈមណ្ឌល​ល្បែង​ធំជាងគេ​បំផុត​នៅ​លើ​ពិភព​លោក ពីទីក្រុង​ Las Vegas របស់សហរដ្ឋ​អាមេរិកនោះ ឥឡូវនេះ បាន​ទទួល​មរណភាព​ហើយ ក្នុង​ជន្មាយុ ៩៨ឆ្នាំ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg។
លោក ស្តេនលី ហូ (Stanley Ho) បានទទួលមរណភាព ក្នុង​ជន្មាយុ ៩៨ឆ្នាំ។ រូបភាព៖ Bloomberg
ដោយ
Advertisement

លោក ហូ ត្រូវគេ​ស្គាល់ថា ជា"ស្ដេចល្បែង" និង​បាន​​ត្រួតត្រា​អាណាចក្រ​ល្បែង​នៅ​ទីក្រុង​ម៉ាកាវ ដែលជាអតីត​ទឹកដី​អាណានិគម​របស់​ព័រទុយហ្គាល់ បន្ទាប់ពី​បានទទួល​អាជ្ញាបណ្ណ​ផ្ដាច់​មុខ នៅឆ្នាំ​១៩៦១។ ក្រុមហ៊ុន​របស់​លោក SJM Holdings Ltd រកស៊ីកាក់កប​យ៉ាងខ្លាំង ខណៈ​ដែល​ចិន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន SJM គ្រប់គ្រង​កាស៊ីណូចំនួន ២០ កន្លែង នៅលើ​កោះម៉ាកាវនេះ ។ 

លោក ហូ បាន​ប្រែក្លាយ​មុខ​មាត់របស់​ម៉ាកាវ ឲ្យ​ក្លាយទៅជា ឡាស់ វេហ្គាស អាស៊ី (Last Vegas of Asia)។ ទ្រព្យ​សម្បត្តិ​របស់​លោក ហូ បាន​កើនឡើង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ សូម្បីតែនៅក្រៅទឹកដី​កោះម៉ាកាវ ក៏មានទ្រព្យ​របស់​លោកដែរ ពោល គឺ​អគារ​ការិយាល័យ​និង​អគារលំនៅដ្ឋាន​នៅ​ទីក្រុងហុងកុង ។ នៅឆ្នាំ​១៩៨៤ លោក ហូ បាន​ទទួល​អាជ្ញាបណ្ណ​បើក​កាស៊ីណូ នៅប្រទេស​ព័រទុយហ្គាល់ និង​បាន​ចំណាយលុយ ៣០លានដុល្លារអាមេរិក បើក​កាស៊ីណូ​មួយ​នៅទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង នៅឆ្នាំ​២០០០ ផង​ដែរ ។ 

លោក ហូ មាន​ប្រពន្ធ ៤នាក់ និងកូន ១៧នាក់ ហើយ​នៅ​ពេល​ដែលគាត់ចូលនិវត្តន៍នៅពាក់កណ្ដាលឆ្នាំ​២០១៨ លោក ហូ បាន​ផ្ទេរ​តួនាទី​កំពូលៗ​នៅក្នុងក្រុមហ៊ុន SJM ទៅ​ឲ្យ​ទាយាត​របស់​លោក។ កូនស្រីរបស់​លោក ឈ្មោះ Daisy Ho បានក្លាយ​ជា​ប្រធានក្រុមប្រឹក្សាភិបាល និង​ជា​នាយិកា​ប្រតិបត្តិរបស់ SJM ។ ប្រពន្ធ​ទី៤របស់​លោក ហូ អ្នកស្រី Angela Leong ដែលជា​ភាគហ៊ុនិក​ធំបំផុតទី២ របស់ SJM បាន​ក្លាយជា​សហប្រធាន​ក្រុមប្រឹក្សាភិបាល។ 

ប៉ុន្តែ ការស្នង​តំណែង​នេះ​បាន​បើក​ឲ្យ​មាន​បញ្ហា​ប្រជែង​ដណ្ដើម​តំណែង​គ្នា​នៅក្នុង​គ្រួសារ​ដ៏រ៉ាំរ៉ៃ ។ នៅខែមករា ឆ្នាំ​២០១៩ Pansy Ho ដែល​ជាកូនស្រី​ច្បង​របស់​លោក ស្តេនលី ហូ ជាមួយនឹង​ប្រពន្ធ​ទីពីរ​របស់​លោក បាន​រួមដៃគ្នា​ជាមួយ​បង​ប្អូនបង្កើត​ផ្សេងទៀត បង្កើត​នូវ​សម្ព័ន្ធ​មួយដែលគ្រប់គ្រង​ទៅ​លើ​ភាគហ៊ុន​ក្ដោបក្ដាប់​ក្រុមហ៊ុន SJM ដែលមានទ្រព្យ​សម្បត្តិ​ជាង ១៤ពាន់លានដុល្លាររបស់​លោក ហូ ។ 

លោក ស្តេនលី ហូ កើតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​១៩២១ នៅក្នុង​ត្រកូលគ្រួសារ​ចិនហុងកុងដែលជាប់សាច់ឈាម​អឺរ៉ុប និង​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​មួយ នៅក្នុងទីក្រុងហុងកុង ។ គ្រួសាររបស់​លោក​បាន​ធ្លាក់ចុះ​ដុនដាបខ្លាំង ក្នុងអំឡុងពេល​សង្គ្រាម​លោកលើកទីពី នៅពេលដែល​កងទ័ព​ជប៉ុន​បាន​ចូលលុកលុយឈ្លានពានដែនដី​អាណានិគមរបស់ចក្រភព​អង់គ្លេស។ នៅអាយុ ២១ឆ្នាំ លោក​បាន​រត់ភៀសខ្លួនទៅកាន់កោះម៉ាកាវ ដែលជាទឹកដីអព្យាក្រឹត ដោយ​ចាប់​រកស៊ី​មុខជំនួញ​ជួញដូរ​គ្រប់បែបយ៉ាង តាំងពីលក់ប្រេងកាត រហូតដល់​លក់​យន្តហោះ នៅពេលដែល​កោះនោះ​ល្បីល្បាញខ្លាំង​ខាង​នេសាទ និង​ផលិត​កាំជ្រួច និង​ធូប ៕ (ប្រភព៖ Bloomberg)

Advertisement



អត្ថបទបន្ទាប់


អ្នកទទួលបានការអនុញ្ញាតរៀបចំឥណទានឡើងវិញ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានជាង ១៥ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់សរុប ៦៥៦ លានដុល្លារ

ព័ត៌មាន
គិតមកទល់ថ្ងៃទី ២៤ ខែ ឧសភា ចំនួនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានការអនុញ្ញាតរៀបចំឥណទានឡើងវិញមានចំនួនជាង ១៥,២ ម៉ឺ...

ការធ្វើដំណើរអន្តរជាតិ នឹងមិនអាចវិលមករកភាពប្រក្រតីវិញបានទេរហូតដល់ឆ្នាំ ២០២៣

ព័ត៌មាន
ស្ថាប័នជំនាញនៅក្នុងវិស័យទេសចរណ៍អន្តរជាតិ បានអះអាងថា យ៉ាងហោចណាស់នៅរយៈពេល ៣ឆ្នាំទៅមុខទៀត ឧស្សាហកម្មនៃការធ្វើដំណើរអន្តរជាតិ ទំនងជាងនៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ