ប៉ូលីសបង់ក្លាដែសចាប់ខ្លួនសកម្មជនប្រមាណជា៨ពាន់នាក់

បាតុកម្មទ្រង់ទ្រាញធំបង្កចលាចល ស្របពេលការបោះឆ្នោតនៅបង់ក្លាដែសជិតចូលមកដល់


អាជ្ញាធរបង់ក្លាបានចាប់ខ្លួនបាតុករជាច្រើននាក់ ដែលភាគច្រើនជាកម្មកររោងចក្រកាត់ដេរនៅក្នុងបាតុកម្មមួយ ដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុន។ របាយការណ៍មួយបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្រ្កាបហ្វូងបាតុករ ដែលបានប្រមូលផ្តុំគ្នានៅរដ្ឋធានីរបស់ប្រទេសនេះ អាជ្ញាធរបង់ក្លាដែសបានចាប់ឃាត់ខ្លួនសកម្មជនបាតុករបានរហូតដល់៨ពាន់នាក់ ដែលគេសង្ស័យថា ជាសកម្មជនបក្សប្រឆាំង ស្របពេលប្រទេសនេះគ្រោងរៀបចំការបោះឆ្នោតនៅដើមឆ្នាំក្រោយ។
ប៉ូលីសបង់ក្លាដែសចាប់ខ្លួនសកម្មជនប្រមាណជា៨ពាន់នាក់
ដោយ

បាតុកម្មហិង្សារហូតឈានដល់មានករណីស្លាប់ និងរបួសសមត្ថកិច្ច ដែលបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន កំពុងស្ថិតក្រោមការឃ្លាំមើល និងស៊ើបអង្កេតពីអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសបង់ក្លាដែស ខណៈដែលរលកនៃការឃុំខ្លួនដ៏ធំនេះបានកើតមានមុនការបោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅអំឡុងខែមករាខាងមុខ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ។

គណបក្សប្រឆាំងដ៏ធំរបស់ប្រទេស គឺគណបក្សជាតិនិយមបង់ក្លាដែស និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងរៀបចំការប្រមូលផ្តុំក្រុមអ្នកគាំទ្រដ៏ធំ ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រី គឺលោកស្រី ស៊ិក ហាស៊ីណា ( Sheikh Hasina) ចុះចេញពីតំណែង និងអនុញ្ញាតឱ្យរដ្ឋាភិបាលអព្យាក្រឹតត្រួតពិនិត្យការបោះឆ្នោត បន្ទាប់ពីលោកស្រីបានរងការចោទប្រកាន់ថា នៅក្នុងរយៈពេល១៥ឆ្នាំនៃការកាន់អំណាចដឹកនាំប្រទេស លោកស្រី តែងតែប្រើកណ្តាប់ដៃដែក។

ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងជាង១សែននាក់ ដែលភាគច្រើនជាកម្មកររោងចក្រកាត់ដេរបានចូលរួមក្នុងការប្រមូលផ្តុំដ៏ធំនេះនៅកណ្តាលទីក្រុង ដាកា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅពេលប៉ូលីសម្នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា។ ចាប់តាំងពីពេលនោះមក ប៉ូលីសបានចាប់ផ្តើមយុទ្ធនាការបង្រ្កាបយ៉ាងទូលំទូលាយលើគណបក្សប្រឆាំងដោយចាប់ខ្លួនសកម្មជនរាប់ពាន់នាក់ និងចោទប្រកាន់មេដឹកនាំកំពូលរបស់ខ្លួនយ៉ាងហោចណាស់១៦២រូបពីបទសម្លាប់មន្ត្រីសមត្ថកិច្ច។

នៅក្នុងប្រតិបត្តិការបង្ក្រាបហ្វូងបាតុករនេះ យ៉ាងហោចណាស់មានសកម្មជនប្រមាណ៨ពាន់នាក់ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួន។ ប៉ុន្តែលោក អាប៊ៀ ស៊ីឌិក ស៊ូវរ៉ា (Abir Siddique Shuvra) អ្នកនាំពាក្យប៉ូលិសបង់ក្លាដែសនៅមិនទាន់អាចផ្តល់តួលេខលម្អិតនៃចំនួនសកម្មជន និងមេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានចាប់ និងឃុំខ្លូននៅឡើយទេ។

យ៉ាងណាក៏ដោយ បើតាមមន្ត្រីប៉ូលីសក្រុងដាកា បន្ទាប់ពីផ្ទុះបាតុកម្ម សមត្ថកិច្ចបានចាប់ខ្លួនមនុស្សជាង២ពាន់១រយនាក់ ហើយបើតាមរបាយការណ៍របស់គណបក្សប្រឆាំងវិញបានឲ្យដឹងថា មន្រ្តីកំពូលៗរបស់គណបក្សក៏ត្រូវបានចាប់ខ្លួនផងដែរ។ ការចាប់ខ្លួននេះបានកើតឡើងនៅពេលដែលក្រុមបាតុករបានបិទផ្លូវដឹកជញ្ជូនទូទាំងប្រទេសរយៈពេល៤៨ម៉ោង ដែលជាផ្នែកមួយនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ពួកគេ ដែលនាំឱ្យការដឹកជញ្ជូនតាមរថយន្តក្រុង និងឡានដឹកទំនិញត្រូវរាំងស្ទះស្ទើរតែពេញប្រទេស។

ការផ្ទុះបាតុកម្មនេះត្រូវបានគេវាយតម្លៃថា អាចពាក់ព័ន្ធនឹងជីវភាពរបស់កម្មកររោងចក្រ និងប្រជាពលរដ្ឋទូទៅ ដែលកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាកចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដ-១៩ មកដល់បច្ចុប្បន្ននេះ៕




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រី១រូបនឹងក្លាយជាអ្នកដឹកនាំគណបក្សជំនួសលោក លី សៀនឡុង

ព័ត៌មាន
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង បានប្រកាសថា លោកនឹងលះបង់តំណែងដឹកនាំគណបក្សកាន់អំណាចជូនទៅឧបនាយករដ្ឋមន្រ្តីរបស់លោក គឺលោក ឡរ៉ែន វង្ស …

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាសរសៃឈាមដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យប្រើប្រាស់អស់រយៈពេល១ឆ្នាំក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ