កំពង់ផែខេត្តព្រះសីហនុ

ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនៅខេត្តព្រះសីហនុនឹងបើកការសាងសង់នៅព្រឹកស្អែក ខណៈអ្នកជំនាញរំពឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច


បើពុំមានការប្រែប្រួលទេ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅក្នុងខេត្តព្រះសីហនុ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។
កំពង់ផែខេត្តព្រះសីហនុ
ដោយ

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា នៅពេលដែលចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ បញ្ចប់ការសាងសង់លេចចេញជារូបរាងនោះ កម្ពុជានឹងទទួលបានផលចំណេញផ្នែកដឹកជញ្ជូន និងសេដ្ឋកិច្ចកាន់តែច្រើន ព្រោះផែកុងតឺន័រទឹកជ្រៅថ្មីនេះ មានសមត្ថភាពផ្ទុកនាវាដឹកជញ្ជូនធុនធំ ដែលងាយស្រួលក្នុងការលើកដាក់ទំនិញ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅក្នុងខេត្តព្រះសីហនុ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការលើកដាក់ទំនិញ និងសេដ្ឋកិច្ចរបស់កម្ពុជា ខណៈការលើកដាក់ទំនិញក្នុងពេលបច្ចុប្បន្នបានពឹងផ្អែក និងប្រើប្រាស់លើកំពង់ផែខេត្តព្រះសីហនុអាចលើសពី៧០%។ អ្នកជំនាញរូបនេះបានចាត់ទុកកំពង់ផែសមុទ្រនេះថា មានសារសំខាន់ណាស់ក្នុងការចូលចតរបស់កប៉ាល់ដឹកទំនិញធុនធំ និងជឿថា កំពង់ផែទឹកជ្រៅនេះនឹងចូលរួមចំណែកកាត់បន្ថយការចំណាយលើការដឹកជញ្ជូនទូកុងតឺន័រផងដែរ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានចាត់ទុកការពង្រីកកំពង់ផែនៅខេត្តព្រះសីហនុ ឱ្យក្លាយជាកំពង់ផែទឹកជ្រៅ វានឹងផ្ដល់ផលល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសលើវិស័យដឹកជញ្ជូន ព្រោះផែទឹកជ្រៅនេះនឹងអនុញ្ញាតឱ្យកប៉ាល់ធំៗចូលចតបានយ៉ាងងាយស្រួលដោយពុំចាំបាច់លើកដាក់ទំនិញនៅប្រទេសផ្សេងដូចពីមុន។ អ្នកជំនាញរូបនេះជឿជាក់ថា វត្តមានផែទឹកជ្រៅនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទាក់ទាញអ្នកវិនិយោគ ព្រមទាំងកាត់បន្ថយដល់ការចំណាយថ្លៃដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានមានប្រសាសន៍ថា គម្រោងនេះនឹងអនុញ្ញាតឱ្យប្រភេទកប៉ាល់ទឹកជ្រៅចូលចតបាន ហើយវានឹងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្របានយ៉ាងច្រើន ឬមានតម្លៃប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសជិតខាង។ មន្រ្តីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា គម្រោងនេះនឹងអាចបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ហើយសង្ឃឹមថា នាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចជាង៩០%អាចធ្វើដំណើរចេញចូលកំពង់ផែនេះដោយផ្ទាល់បាន។

គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ជំហានទី១ គ្រោងចំណាយថវិកាវិនិយោគជាង ២០០លានដុល្លារ។ ក្រោយការសាងសង់ដំណាក់កាលទី១ រួចរាល់ កំពង់ផែទឹកជ្រៅនេះ អាចអនុញ្ញាតឱ្យកប៉ាល់ប្រមាណ៩៣% ដែលធ្វើដំណើរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតនៅកំពង់ផែនេះបាន។ ជាងនេះទៅទៀត កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងសិក្សាសមិទ្ធិលទ្ធភាពសាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ក្នុងនោះជំហានទី២ប្រវែង៤១០ម៉ែត្រជម្រៅទឹក១៦,៥ម៉ែត្រ ជាគម្រោងក្នុងឆ្នាំ២០២៥-២០២៨ និងជំហានទី៣ប្រវែង៤៤០ម៉ែត្រជម្រៅទឹក១៧,៥ម៉ែត្រ ជាគម្រោងក្នុងឆ្នាំ ២០២៦-២០២៩៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកពូទីនថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការពិភាក្សាជាមួយអ៊ុយក្រែន និងលោកខាងលិច!

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីនឹងត្រៀមខ្លួន ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន សហរដ្ឋអាម៉េរិក និងអឺ…

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យអ្នកសារព័ត៌រាយការណ៍ពីភាពអសកម្មក្នុងសង្គម ដើម្បីឱ្យរដ្ឋាភិបាលអាចដោះស្រាយបញ្ហាចំគោលដៅ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ